ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ចង់​បាន​ការណ៍​ពិត​ពី​ការ​ផ្ដល់​សក្ខី​កម្ម​របស់​លោក​ James Comey ​នៅ​ក្នុង​​ព្រឹទ្ធ​សភា


ពលរដ្ឋ​អាមេរិក​ជួបជុំ​គ្នា​ដើម្បី​តាមដាន​លោក James Comey អតីតនាយក​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធ ធ្វើ​សក្ខីកម្ម​នៅ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៧។
ពលរដ្ឋ​អាមេរិក​ជួបជុំ​គ្នា​ដើម្បី​តាមដាន​លោក James Comey អតីតនាយក​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធ ធ្វើ​សក្ខីកម្ម​នៅ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៧។

ហាង​ស្រាបៀរ​ The Partisan ​នេះ​ក៏​បាន​រៀបចំ​កម្មវិធី​តាមដាន​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី ​និង​ការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ​ផង​ដែរ។ ​ក៏​ប៉ុន្តែ ​លោក ​Dan Landua Smith ​អ្នក​គ្រប់គ្រង​ហាង​នេះ ​បាន​ឲ្យ​ដឹង​ថា ​អតិថិជន​ដែល​មក​ថ្ងៃ​នេះ​គឺ​ខុស​ពី​អតិថិជន​មុនៗ។

ប្រជាពលរដ្ឋក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មួយចំនួន​ ផ្ដោត​អារម្មណ៍​របស់​ពួក​គេ​ជុំ​វិញ​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​នៅ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​របស់​អតីត​នាយក​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ គឺ​លោក ​Jammes Comey។ ​ប្រហែល​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ​ព្រោះ​ថា​ ​រដ្ឋធានី​វ៉ាស៊ីនតោន​ គឺ​ជា​ទីក្រុង​នយោបាយ។​

មនុស្ស​ជាច្រើន​តម្រង់​ជួរ​គ្នា​នៅ​ក្នុង​បរិវេណ​ព្រឹទ្ធ​សភា ​ហើយ​មាន​មនុស្ស​ប្រមាណ​ ២៥០​នាក់​ មិន​បាន​ចូល​ទៅ​ខាង​ក្នុង​បន្ទប់​ទេ។​ កន្លែង​អង្គុយ​មាន​មនុស្ស​ពេញ ​ជាច្រើន​ម៉ោង​មុន​សវនាការ​ចាប់​ផ្ដើម។ ​ដូច្នេះ ​ពួក​គេ​រង់​ចាំ​នៅ​ខាង​ក្រៅ ​ក្រែង​លោ​មាន​ការ​បន្ថែម​កៅអី ​ឬ​មាន​នរណា​ម្នាក់​ចាក​ចេញ​ពី​កន្លែង​អង្គុយ។​

លោក ​Michael McGonigle ​មក​ពី​ទីក្រុង ​Alexandria ​រដ្ឋ ​Virginia ​បាន​និយាយ​ថា៖​

«ខ្ញុំ​ជា​ប្រភេទ​មនុស្ស​ចូល​ចិត្ត​នយោបាយ។ ​សម្រាប់​មនុស្ស​រស់​នៅ​ជុំវិញ​តំបន់​នេះ​ សវនាការ​នេះ​ប្រៀប​ដូច​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​កីឡាបាល់ទាត់​អាមេរិកាំង​អីចឹង​ដែរ»។​

ខាង​ក្រោយ​កន្លែង​ហាម​ឃាត់​មិន​ឲ្យ​សាធារណជន​ចូល ​បុគ្គលិក​ព្រឹទ្ធ​សភា ​និង​ បុគ្គលិក​របស់​តំណាង​រាស្រ្ត ​គឺ​ដូច​ជា​អ្នក​ទេសចរណ៍​អីចឹង​ដែរ។​ អ្នក​ខ្លះ​តម្រង់​ជួរ​តាំង​ពី​យប់​ដើម្បី​ទទួល​បាន​កន្លែង​អង្គុយ។​

លោក ​Matt North ​មក​ពី​ក្រុង ​Denver រដ្ឋ Colorado ​បាន​និយាយ​ថា៖​

«អ្នក​សាធារណរដ្ឋ ​ឬ​អ្នក​ប្រជាធិបតេយ្យ ​ខ្ញុំ​គិត​ដូច​តែ​គ្នា​ទេ​សម្រាប់​ថ្ងៃ​នេះ។ ​ស្ថាប័ន​របស់​យើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជិត​រក​ការណ៍​ពិត​ឃើញ​ហើយ ​ហើយ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​គិតថា​ ជា​រឿង​កើត​ក្នុង​ថ្ងៃ​នេះ ថា​តើ​នរណា​និយាយ​ពី​អ្វី?​ ហើយ​ជា​ចុងក្រោយ ប្រជា​ពលរដ្ឋ​គ្រប់រូប​ក្នុង​ប្រទេស​នេះ​ តាំងពី​អ្នក​តូច​តាច​ក្នុង​ចំណោម​ពួក​យើង​រហូត​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​គ្មាន​នរណា​ម្នាក់​ធំ​ជាង​ច្បាប់​នោះ​ទេ។​ យើង​ទាំង​អស់​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់»។​

ឃ្លាត​ពី​វិមានរដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ប៉ុន្មាន​ពីរ​បី​ប្លុក​ផ្ទះ​ ​មនុស្ស​មួយ​ចំនួន​ព្យាយាម​ចាប់​កន្លែង​អង្គុយ​ខាងមុខ​នៅ​ក្នុង​ហាង​ស្រាបៀរ។ ​ពួក​គេ​លើក​ដៃ​របស់​ពួក​គេ​ ពេល​លោក ​James Comey ​លើក​ដៃ​របស់​លោក។​

អ្នកស្រី ​Catherine Babin ​រស់នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​បាន​និយាយ​ថា៖​

«‍វាមិន​កើត​ឡើង​រាល់​ថ្ងៃ​ ឬ​ក៏​ធ្លាប់​កើត​មាន​ពីមុន​មក​ទេ ​ដែល​ថា ​រដ្ឋបាល​កំពុង​កាន់​តំណែង​ឃុប​ឃិត​ជាមួយ​នឹងរដ្ឋាភិបាល​បរទេស​មួយ ​ដែល​មិនមាន​ទំនាក់​ទំនង​ល្អ​ពិត​ប្រាកដ។ ​ដូច្នេះ ​ខ្ញុំ​គិត​ថា ​ទោះបី​ជា​យើង​ប្រកាន់​និន្នាការ​នយោបាយ​មួយ​ណា​ក៏​ដោយ ក៏​វា​ចាំបាច់​ដែល​យើង​ត្រូវ​តែ​ដឹង​ស្វែង​យល់​ពី​ការណ៍​ពិត ​ហើយ​ដឹង​ថា​ ​មាន​អ្វី​កំពុង​តែ​កើត​ឡើង»។​

នៅ​ហាង​ស្រាបៀរ​មួយ​កន្លែង ​ដែល​មាន​ឈ្មោះ​ថា ​The Partisan​ ​អតិថិជន​មិន​ខ្លាច​បង្ហាញ​ប្រតិកម្ម​ឡើយ។​

លោក ​Nick Smith ​មក​ពី​ទីក្រុង ​Arlington​ រដ្ឋ ​Virginia​ បាន​និយាយ​ថា៖​

«មាន​ព័ត៌មាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​អំពី​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល ​ដែល​ជា​ធម្មតា​យើង​មិន​បាន​ដឹង​តាម​រយៈ​ប្រភព​ខាង​ក្រៅ​នោះ​ទេ។ ​ដូច្នេះ ​ខ្ញុំ​រីករាយ​ដែល​បាន​មក​ទីនេះ​ ហើយ​បាន​មើល​សវនាការ​នេះ​ដោយ​ផ្ទាល់។ ច្បាស់​ណាស់​ថា​ ខ្ញុំ​នឹង​ចងចាំ​ព្រឹត្តិ​ការណ៍​នេះ»។​

លោក ​Gary Dubreuil​ រស់នៅ​ក្នុង​រដ្ឋ​ធានី ​វ៉ាស៊ីនតោន​ បាន​ឲ្យ​ដឹង​ថា៖​

«វា​គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​មិន​មាន​នរណា​ម្នាក់​សួរ​សំណួរ​អំពី​ប្រទេស​រុស្ស៊ី។​ នៅ​ក្នុង​សេចក្តី​ថ្លែង​បើក​សវនាការ ​ពួកគេ​បាន​រៀបរាប់​ថា ​សវនាការ​នេះ​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ ​ប៉ុន្តែ​ពួកគេ​បែរ​ជា​នាំ​គ្នា​ពិភាក្សា​អំពី​បញ្ហា​ផ្សេង​ទៀត ​ដែល​ពិត​ជា​មិន​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ទាល់​តែ​សោះ»។

ហាង​ស្រាបៀរ​ The Partisan ​នេះ​ក៏​បាន​រៀបចំ​កម្មវិធី​តាមដាន​ការ​ជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី ​និង​ការ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ​នេះ​ផង​ដែរ។ ​ក៏​ប៉ុន្តែ ​លោក ​Dan Landua Smith ​អ្នក​គ្រប់គ្រង​ហាង​នេះ ​បាន​ឲ្យ​ដឹង​ថា ​អតិថិជន​ដែល​មក​ថ្ងៃ​នេះ​គឺ​ខុស​ពី​អតិថិជន​មុនៗ។ ​ពួកគេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ​លោក​ភ្ញាក់ផ្អើល​ ដែល​ឃើញ​អតិថិជន​តម្រង់​ជួរ​រង់ចាំ​នៅ​មុខ​ហាង​របស់​លោក ​នៅ​ពេល​ដែល​លោក​បាន​ចាប់​ផ្តើម​បើក​ហាង។​

លោក ​Dan Landua Smith ​ម្ចាស់​ហាង​ស្រាបៀរ​ Partisan ​ប្រាប់ ​VOA ​ថា៖​

«យើង​មិន​បាន​រំពឹង​ថា ​មនុស្ស​ច្រើន​ដល់​ថ្នាក់​នេះ​មិន​ទៅ​ធ្វើការ ​ហើយ​មក​ទីនេះ​ទេ‍»។​

ក៏ប៉ុន្តែ ​អ្នក​ទាំង​អស់​នេះ​នឹង​ទៅ​ធ្វើការ​វិញ​នៅ​ថ្ងៃ​ស្អែក។ ​ហើយ​យើង​នឹង​រង់ចាំ​មើល​ថា ​តើ​ពួកគេ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​ទៀត​ដែរ​ឬ​ទេ​ ពីព្រោះ​ថា ​ការ​ស៊ើប​អង្កេត​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​រុស្ស៊ី​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ៕

ប្រែ​សម្រួល​ដោយ​ សឿន វឌ្ឍនា​

XS
SM
MD
LG