អ្នកដាក់គ្រាប់បែកអត្តឃាតបានធ្វើការវាយប្រហារសង្កាត់មួយនៅកណ្តាលរដ្ឋធានីប្រទេសអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងតិច១២នាក់។ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវភ្លាមៗសម្រាប់ការបំផ្ទុះគ្រាប់បែកពីរនៅតំបន់រស់នៅរបស់ក្រុមនិកាយ Shi'ite ដ៏ច្រើននៅទីក្រុងបាកដាដនោះទេ ប៉ុន្តែការបំផ្ទុះគ្រាប់បែកនេះស្រដៀងគ្នានឹងការដាក់គ្រាប់បែកជាញឹកញាប់ដោយក្រុមសកម្មប្រយុទ្ធនិកាយ Sunni អំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ។
អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់នៅតំបន់ Bab al-Sharji បានសម្លាប់ជនស៊ីវិល៨នាក់ មន្ត្រីប៉ូលិសម្នាក់ ហើយក៏បានធ្វើឲ្យមនុស្ស១៨នាក់ផ្សេងទៀតរងរបួសដែរ។ អ្នកវាយប្រហារម្នាក់ទៀតនៅទីលាន al-Wathba បានសម្លាប់ប៉ូលិស២នាក់ និងជនស៊ីវិល៣នាក់។
គ្រាប់បែកអត្តឃាតនេះក៏បានធ្វើឲ្យមនុស្ស១២នាក់ទៀតរងរបួសដែរ។ ចំនួនជនស៊ីវិល និងកងយោធាស្លាប់ដោយសារភេរវកម្ម និងជម្លោះប្រដាប់អាវុធបានធ្លាក់ចុះនៅប្រទេសអ៊ីរ៉ាក់គឺ ចុះពី៦.៨០០នាក់ក្នុងឆ្នាំ២០០៨មកនៅត្រឹម៣.២០០នាក់នៅឆ្នាំ២០១២។ តែនៅឆ្នាំ២០១៣ តួលេខនេះបានឡើងជិតពាក់កណ្តាល ហើយកាលពីឆ្នាំ២០១៤ចំនួនមនុស្សស្លាប់ឡើងដល់១៦.០០០នាក់ នៅពេលក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមកាន់កាប់តំបន់ជាច្រើននៅភាគខាងលិច និងខាងជើងអ៊ីរ៉ាក់៕