ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រែកជីក​ស៊ុយអេ​បាន​បិទ​ពេញ​មួយ​ថ្ងៃ​ក្នុងការ​បិទ​នៅ​ថ្ងៃ​ទី​ ២


រូបថតដែលចេញផ្សាយដោយអាជ្ញាធរប្រចាំព្រែកជីកស៊ុយអេ កាលពីថ្ងៃទី ២៤ ខែមីនា បង្ហាញឲ្យឃើញនាវាដឹកទំនិញឈ្មោះ Ever Given កំពុងជាប់គាំងនៅក្បែរច្រាំងព្រែកជីកស៊ុយអេ ដែលកំពុងបង្អាក់ការធ្វើចរាចរណ៍តាមផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក។
រូបថតដែលចេញផ្សាយដោយអាជ្ញាធរប្រចាំព្រែកជីកស៊ុយអេ កាលពីថ្ងៃទី ២៤ ខែមីនា បង្ហាញឲ្យឃើញនាវាដឹកទំនិញឈ្មោះ Ever Given កំពុងជាប់គាំងនៅក្បែរច្រាំងព្រែកជីកស៊ុយអេ ដែលកំពុងបង្អាក់ការធ្វើចរាចរណ៍តាមផ្លូវទឹកដ៏សំខាន់មួយរបស់ពិភពលោក។

ម្ចាស់​នាវា​កុងតឺន័រ​ដ៏ធំ​មួយ​របស់​ជប៉ុន​ ដែល​កំពុង​ធ្វើ​ឲ្យ​ស្ទះ​ព្រែកជីក​ស៊ុយអេ​ បាន​សុំអភ័យ​ទោស​ ខណៈ​ផ្លូវទឹក​សំខាន់​នេះ​នៅតែស្ទះ​ចរាចរណ៍​ដឹកទំនិញ​រយៈ​ពេល​ ២ ​ថ្ងៃ​ពេញ។

ប្រតិបត្តិករ​កប៉ាល់​ដឹកទំនិញ​ប្រវែង​ ៤០០ ​ម៉ែត្រ​ឈ្មោះ​ថា Ever Given បាន​និយាយ​ថា ​វា​អស់​ថាមពល​ នៅ​ពេល​ដែល​វា​ជួប​ប្រទះ​នឹង​ខ្យល់បក់​ខ្លាំង ហើយ​កឿង​ទទឹក​ផ្លូវ​ទឹក​ ខណៈ​ដែល​វា​កំពុង​ធ្វើ​ដំណើរ​ពីសមុទ្រ​ក្រហម​ឆ្ពោះ​ទៅ​កាន់​ព្រែកជីកស៊ុយអេ កាលពី​ថ្ងៃ​អង្គារ។

កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ទាញ​ ឬ​ជីក​យក​នាវា​នេះ​ចេញ​ មិន​បាន​ជោគជ័យ​ទេ​ រហូតមក​ដល់​ពេល​នេះ។ នា​វា​នេះ​ដឹក​កុងតឺន័រ​ចំនួន ២ ម៉ឺន ​ដែល​ផ្ទុក​ទំនិញ​នៅ​ពេល​វា​កឿង។

នៅលើ​គេហទំព័រ​របស់​ខ្លួន​ក្រុមហ៊ុន​ជប៉ុន​ឈ្មោះ Shoei Kisen Kaisha បាន​សរសេរ​ថា៖ «យើង​សូមទោស​ដោយ​ស្មោះ​ ចំពោះ​បង្ក​ឲ្យ​មាន​ការកកស្ទះ​ដ៏​ព្រួយ​បារម្ភ​ ចំពោះ​កប៉ាល់​នានា​ត្រូវ​ធ្វើ​ដំណើរ​តាម​ព្រែក​ជីកស៊ុយអេ ​និង​ភាគី​ពាក់ព័ន្ធ​ដោយសារ​តែ​គ្រោះថ្នាក់​នេះ»។

មាន​រហូត​ដល់ ​១២​ ភាគរយ​នៃ​ពាណិជ្ជកម្ម​ទាំងអស់​របស់​ពិភពលោក​ត្រូវ​ឆ្លងកាត់​ព្រែកជីក​ស៊ុយអេ​ ដែល​ភ្ជាប់​អឺរ៉ុប​និង​អាស៊ី​ដោយ​ភ្ជាប់​សមុទ្រ​មេឌីទែរ៉ាណេ​នឹង​សមុទ្រ​ក្រហម។ នៅ​ល្ងាច​ថ្ងៃពុធ​ នាវា​ជាង​ ១៥០​ គ្រឿង​ កំពុង​រង់ចាំ​ឆ្លង​កាត់​ព្រែក​នេះ។

នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅទីក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Katsunobu Kato ​ប្រធាន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ជប៉ុន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​អេហ្ស៊ីប​លើ​បញ្ហា​នេះ។​

ទោះជា​យ៉ាង​ណា​លោក ​Kato​ មាន​ប្រសាសន៍​ថា​៖ «មិនមាន​ពេល​វេលា​កំណត់​ច្បាស់លាស់​ថា អាច​ដោះស្រាយ​ពេលណា​ទេ»។

អាជ្ញាធរ​ព្រែកជីក​ស៊ុយអេ​និយាយ​ថា ​ក្នុង​មួយ​ថ្ងៃៗ ​នាវា​ប្រហែល ​៥០ ​គ្រឿង ​រួមទាំង​នាវា​ដឹក​ប្រេង​ផង ​ឆ្លង​កាត់​ផ្លូវទឹក​ប្រវែង​ ១៩៣ ​គីឡូម៉ែត្រ​ដែល​មនុស្ស​ជីក​នេះ។

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Kpler ប្រាប់​កាសែត The New York Times ថា​ ព្រែកជីក​នេះ​ផ្តល់សេវាប្រហែល​ ១ ​ភាគ ​១០​ នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ប្រចាំ​ថ្ងៃ​ក្នុង​ពិភពលោក។ របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា ​កប៉ាល់​មួយ​ចំនួន​ត្រូវ​បាន​គេ​បង្វែរ​ទៅ​តាម​ផ្លូវ​ផ្សេង រីឯកប៉ាល់​ខ្លះទៀត​បាន​ទម្លាក់​កុងតឺន័រ​ដាក់​លើ​ឡាន​ដឹក​ទំនិញ​ដើម្បី​ដឹក​ចេញ៕

XS
SM
MD
LG