ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​នៅ​ស៊ូដង់​ពិភាក្សា​ពី​សមាជិក និង​តួនាទី​របស់​ក្រុមប្រឹក្សា​យោធា​ស៊ីវិល ដែល​នឹង​ដឹកនាំ​ប្រទេស​នេះ


បាតុករ​ម្នាក់​កាន់​ទង់ជាតិ​ស៊ូដង់​ នៅ​ពេល​ស្រែក​ហ៊ោ​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​យោធា នៅ​ទីលាន Armed Forces Square ក្នុង​ក្រុង​ខាទុំ (Khartoum) ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៩។
បាតុករ​ម្នាក់​កាន់​ទង់ជាតិ​ស៊ូដង់​ នៅ​ពេល​ស្រែក​ហ៊ោ​ប្រឆាំង​នឹង​ការ​កាន់​អំណាច​របស់​យោធា នៅ​ទីលាន Armed Forces Square ក្នុង​ក្រុង​ខាទុំ (Khartoum) ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៩។

ក្រុម​បាតុករ​ដ៏​សំខាន់​មួយ​ក្រុម​គឺ​សមាគម​វិជ្ជាជីវៈ​ស៊ូដង់ (Sudanese Professional Association) បាន​ធ្វើ​ការ​ប្រជុំ​ជា​លើក​ទី៣ ដើម្បី​សម្រេច​ថា​ត្រូវ​ផ្តល់​តំណែង​ក្នុង​ក្រុមប្រឹក្សា​យោធា​ស៊ីវិល​រួម​គ្នាឲ្យ​ទៅ​​អ្នក​ណា? ហើយ​ពួកគេ​ត្រូវ​មាន​តួនាទី​អ្វី​ខ្លះ។

ពួកមេដឹកនាំ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ូដង់​កំពុង​ពិភាក្សាគ្នា​អំពី​ថា​តើ​អ្នក​ណា​ជាអ្នក​កាន់​តំណែង​ក្រុមប្រឹក្សា​យោធា​ស៊ីវិល​រួម​គ្នា​ ដែល​នឹង​ត្រូវ​ដឹកនាំ​ប្រទេស​នេះ​សម្រាប់​រយៈពេល​២ឆ្នាំ​ខាង​មុខ។ មេដឹកនាំ​យោធា​ដែល​បាន​ទម្លាក់​លោក​ប្រធានាធិបតី Omar al-Bashir ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ដើម​ខែ​មេសា បាន​យល់​ព្រម​បង្កើត​ក្រុម​ប្រឹក្សា​រួម​គ្នា​មួយ។​

ក្រុម​បាតុករ​ដ៏​សំខាន់​មួយ​ក្រុម​គឺ​សមាគម​វិជ្ជាជីវៈ​ស៊ូដង់ (Sudanese Professional Association) បាន​ធ្វើ​ការ​ប្រជុំ​ជា​លើក​ទី៣ ដើម្បី​សម្រេច​ថា​ត្រូវ​ផ្តល់​តំណែង​ក្នុង​ក្រុមប្រឹក្សា​យោធា​ស៊ីវិល​រួម​គ្នាឲ្យ​ទៅអ្នក​ណា? ហើយ​ពួកគេ​ត្រូវ​មាន​តួនាទី​អ្វី​ខ្លះ។

ក្រុមប្រឹក្សា​យោធា​អន្តរកាល​នា​ពេល​បច្ចុប្បន្ន ដែល​បាន​ដឹកនាំ​ប្រទេស​ចាប់​តាំងពី​ពេល​ដែល​លោក​ប្រធានាធិបតី Bashir ត្រូវ​បាន​ទម្លាក់​ពី​តំណែង​កាលពី​ថ្ងៃទី១១ ខែមេសា បាន​យល់ព្រម​ចែក​អំណាច​ជាមួយ​នឹង​ជន​ស៊ីវិល បន្ទាប់​ពី​មាន​ការ​តវ៉ា​រយៈពេល​២សប្តាហ៍​ នៅ​ក្នុង​រដ្ឋធានី​ខាទុំ (Khartoum) និង​កន្លែង​ផ្សេងៗ​ទៀត។

កាលពី​ដំបូង ក្រុមប្រឹក្សា​យោធា​អន្តរកាល​បាន​និយាយ​ថា ខ្លួន​នឹង​ដឹកនាំ​ប្រទេស​រយៈពេល​២ឆ្នាំ​ មុន​ពេល​មាន​ការ​បោះឆ្នោត។ ក្រុម​ប្រឆាំង​ធ្វើ​ការ​ប្រឆាំង​ចំពោះ​ការ​អះអាង​បែប​នេះ និង​ទាមទារ​ឲ្យ​បង្កើត​ក្រុមប្រឹក្សា​ដែល​ដឹកនាំ​ដោយ​ជន​ស៊ីវិល​ ដែល​មាន​អំណាច​នីតិប្រតិបត្តិ។

ទោះ​ជា​មាន​ការ​វិវត្ត​នេះ​ក៏​ដោយ លោក Huzifa Hassan ដែល​ជា​បាតុករ​ម្នាក់​បាន​និយាយ​ថា ពួកគេ​នៅ​តែ​មាន​ការ​បារម្ភ។ លោក Hassan នៅ​តែ​ប្រឆាំង​ចំពោះ​ការ​ផ្តល់​អំណាច​នីតិប្រតិបត្តិ​ដល់​មេដឹកនាំ​យោធា។

លោក Hassan បាន​និយាយ​ថា លោកមើល​មិន​ឃើញ​មាន​ហេតុផល​ណា​ត្រូវ​ផ្តល់​អំណាច​នីតិប្រតិបត្តិ​ឲ្យ​ទៅ​សមាជិក​យោធា​នោះ​ទេ។ ប្រសិនបើ​យោធា​មាន​តួនាទី​នៅ​ក្នុង​ដំណើរការ​សម្រេច​ចិត្ត​នោះ​ លោក​និយាយ​ថា ក្រុម​បាតុករ​មិន​ចាំបាច់​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ពី​មុន ឬ​ក្រុមប្រឹក្សា​យោធា​ពី​មុន ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Ibn Awf និង​សមាជិក​ផ្សេង​ទៀត​របស់​ក្រុមប្រឹក្សា​យោធា​នោះ​ទេ។

ទាហាន​ស៊ូដង់​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​ នៅ​ខាង​ក្រៅ​បរិវេណ​ក្រសួង​ការពារ​ប្រទេស ក្នុង​ក្រុង​ខាទុំ (Khartoum) ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៩។
ទាហាន​ស៊ូដង់​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​ នៅ​ខាង​ក្រៅ​បរិវេណ​ក្រសួង​ការពារ​ប្រទេស ក្នុង​ក្រុង​ខាទុំ (Khartoum) ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៩។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បាតុករ​ម្នាក់​ទៀត​គឺ​លោក Sheikh el-din Abdullah គិត​ថា ការ​ដែល​មាន​តួនាទី​របស់​យោធា​នៅ​ក្រុមប្រឹក្សា​យោធា​ជា​គំនិត​ល្អ​មួយ។

លោក​បាន​និយាយ​ថា​ ការ​បង្កើត​ក្រុមប្រឹក្សា​យោធា​ស៊ីវិល​គឺ​ការ​ល្អ ដោយ​សារ​តែ​ជម្លោះ​រវាង​ភាគី​ទាំង​អស់ ក្រុម​ប្រឆាំង​ប្រដាប់​ដោយ​អាវុធ និង​បញ្ហា​ផ្ទៃ​ក្នុង​ជាច្រើន​ទៀត​កើត​ឡើង​ពី​ភាព​មិន​ស្មើ​ភាព និង​មិន​មាន​ការ​ចូលរួម​ពី​គ្រប់​គ្នា អស់​រយៈពេល​៣០ឆ្នាំមកហើយ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ បាតុកម្ម​នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កងទ័ព​ដែល​បាន​ចាប់​ផ្តើម​ជាង​៣សប្តាហ៍​មក​ហើយ​នោះ​ នៅ​តែ​បន្ត​នៅឡើយ។ ក្រុម​បាតុករ​ពី​ដំបូង​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់​លោក Bashir ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ចេញ​ពី​តំណែង។ ក្រុម​បាតុករ​បាន​និយាយ​ថា ពួកគេ​នឹង​មិន​ចាកចេញ​នោះ​ទេ លុះត្រា​តែ​យោធា​ព្រម​ប្រគល់​អំណាច​ដល់​ជន​ស៊ីវិល។

លោក​ឧត្តមសេនីយ​ឯក Abdel Fattah Burhan ដែល​ជា​មេដឹកនាំ​ក្រុមប្រឹក្សា​យោធា​អន្តរកាល​បាន​សន្យា​ថា នឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​ជន​ស៊ីវិល​ក្នុង​ពេល​ឆាប់ៗ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG