ជាង ១០ ភាគរយនៃផ្ទៃដីសរុបនៅសហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកជាតំបន់ការពារអភិរក្ស។
នេះជាទំហំសមល្មមដែរ ទោះបីជាប្រទេសមួយចំនួនបានទុកផ្ទៃដីរហូតដល់ទៅ ៣០ ភាគរយឯណោះសម្រាប់តំបន់ការពារអភិរក្ស។ ប៉ុន្តែភាគរយនៃទំហំដី ដែលសហរដ្ឋអាមេរិកខ្វះខាតធៀបនឹងប្រទេសទាំងនោះ ត្រូវបានបំពេញដោយសម្រស់ធម្មជាតិជំនួសវិញ។
ទីភ្នាក់ងារឧទ្យានជាតិអាមេរិកត្រួតពិនិត្យលើតំបន់ការពារអភិរក្សមួយភាគធំ ហើយកាលពីឆ្នាំ ២០១៦ ទីភ្នាក់ងារនេះបានប្រារព្ធខួបលើកទី១០០របស់ខ្លួន។
អាស្រ័យហេតុនេះ ក៏មានគំនិតផ្តួចផ្តើមក្នុងការជួលក្រុមការងារថតកុនដែលឈ្នះពានរង្វាន់មួយក្រុម ដោយបញ្ជូនពួកគេចូលទៅក្នុងព្រៃរយៈពេល៩ខែ និងឲ្យពួកគេធ្វើដំណើរឆ្លងឧទ្យានជាតិនានា ចំនួនពាក់កណ្តាលនៃឧទ្យានជាតិសរុបជិត៦០ នៅទូទាំងប្រទេស ដើម្បីផ្តិតយកទេសភាពស្រស់បំព្រងនៃតំបន់ធម្មជាតិនៅសហរដ្ឋអាមេរិក។
ដោយត្រូវបានផលិតឡើងក្នុងទម្រង់ IMAX® 3D ភាពយន្ត National Parks Adventure ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃឧទ្យានទាំងនោះ និងដឹកដៃទស្សនិកជនក្នុងដំណើរគយគន់ទេសភាពក៏អស្ចារ្យ ដូចទៅតាមក្រសែភ្នែករបស់ក្រុមអ្នកផ្សងព្រេង ដែលមានគ្នាបីនាក់។ អ្នកទាំងបីនាក់នោះរួមមាន លោក Conrad Anker អ្នកឡើងភ្នំដ៏ល្បីឈ្មោះមួយរូបនៅលើពិភពលោក វិចិត្រករនាង Rachel Pohl និងលោក Max Lowe អ្នកជំនាញថតរូបដំណើរផ្សងព្រេង។
អ្នកទាំងបីបានដើរកាត់ព្រៃ ដែលមានដើមឈើយក្ស ដូចជា ដើម Sequoia និងដើម Redwood នៅឧទ្យានជាតិ Yosemite រដ្ឋ California និងបានជិះកង់តាមបណ្តោយជ្រលងជ្រោះ ស្រោបដោយពណ៌ក្រហមច្រេះ នៅក្រុង Moab រដ្ឋ Utah និងបានឡើងជញ្ជាំងភ្នំថ្ម Devils Tower នៅរដ្ឋ Wyoming។
អ្នកដឹកនាំសម្តែងលោក Greg MacGillivray បាននិយាយថា លោកចង់អបអរសាទរខួប១០០ឆ្នាំរបស់ឧទ្យានជាតិ ដោយសារតែលោកជាអ្នកស្រឡាញ់គាំទ្រខ្លាំងដល់ឧទ្យានជាតិនៅអាមេរិក ហើយលោកយល់ថា វាជា «គំនិតដ៏ល្អមួយក្នុងការប្រារព្ធខួប១០០ឆ្នាំ ដោយផ្តល់កិត្តិយសដល់ឧទ្យានដែលយើងស្រឡាញ់ តាមរយៈភាពយន្តផ្សងព្រេងដ៏អស្ចារ្យមួយ»។
លោកបាននិយាយថា៖
«ខ្ញុំគិតថា អ្វីដែលខ្ញុំចង់ឲ្យទស្សនិកជនយល់អារម្មណ៍នោះគឺ ការស្ងប់ស្ងែងចំពោះឧទ្យានទាំងនោះ»។
ប្រវត្តិឧទ្យានជាតិ
ភាពយន្តនេះឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ ថាតើតំបន់ទាំងនេះក្លាយជាឧទ្យានបានយ៉ាងដូចម្តេច ហើយថាតើឧទ្យានធម្មជាតិទាំងនេះត្រូវបានជួយសង្គ្រោះ និងអាចរក្សាទ្រង់ទ្រាយស្ទើរតែដូចពីមុនបានយ៉ាងដូចម្តេច តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏ក្លាហានរបស់បុរសពីរនាក់។
កាលពី១០០ឆ្នាំមុន តំបន់ធម្មជាតិស្រស់បំព្រងរបស់អាមេរិកមួយចំនួន បានប្រឈមនឹងការបំផ្លិចបំផ្លាញពីសំណាក់ អ្នកចិញ្ចឹមសត្វប្រើទីវាលធំ អ្នកអភិវឌ្ឍន៍ និងឈ្មួញរកស៊ីឈើ។ ប៉ុន្តែក្រោមការជ្រោមជ្រែងរបស់លោកប្រធានាធិបតី Theodore Roosevelt និងអ្នកធម្មជាតិវិទ្យាលោក John Muir ដែលតួអង្គនៅក្នុងភាពយន្តនេះសម្តែងតាម តំបន់ឧទ្យានដ៏មានតម្លៃទាំងនោះដែលបុរសទាំងពីរនាក់នេះស្រឡាញ់ ត្រូវបានគេចាត់ទុកជាឧទ្យានជាតិ ការពារ និងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
ក្រុមការងារផលិតភាពយន្តនេះបានទៅទស្សនាតំបន់ប្រវត្តិសាស្ត្រមួយចំនួន និងបានជួយផ្សព្វផ្សាយប្រវត្តិសាស្ត្រមួយចំនួន ដែលគេបានដឹងឮរួចទៅហើយ តាមរយៈរូបភាព និងការសម្តែងនូវព្រឹត្តិការណ៍ទាំងនោះឡើងវិញ។
ផលិតករលោក Shaun MacGillivray បានហៅភាពយន្តនេះថា «ជាដំណើរកម្សាន្តគយគន់ទេសភាពតាមផ្លូវមួយ»។
លោកបាននិយាយថា «ភាពយន្តបង្ហាញទេសភាពចាប់ពីឧទ្យាន Yellowstone ឧទ្យាន Yosemite ជ្រលង Grand Canyon រហូតដល់ជួរភ្នំ Tetons។ ទាំងនេះសុទ្ធតែជាកន្លែងអស្ចារ្យ នៅពេលយើងផ្សារភ្ជាប់ពីលក្ខណៈសម្បត្តិរបស់តំបន់អភិរក្សនីមួយៗ។
សត្វដែលត្រូវបានការពារ
ភាពយន្តនេះក៏បង្ហាញថា នៅពេលដែលតំបន់ឧទ្យានត្រូវបានការពារ សត្វដែលរស់នៅទីនោះ ក៏ទទួលបានការការពារដែរ ដូចជាសត្វក្រពានៅក្នុងសួនតំបន់ដីភក់ Everglades ក្នុងរដ្ឋ Florida និងឆ្កែព្រៃដែលរស់នៅក្បែរភ្នំ Devils Tower និងខ្លាំឃ្មុំដែលរស់នៅ និងរកស៊ីក្នុងព្រៃ Alaska។
លោក Shaun MacGillivray និយាយថា «ទិដ្ឋភាពដែលខ្ញុំពេញចិត្តមួយនៅក្នុងភាពយន្តនេះគឺនៅពេលដែលយើងធ្វើដំណើរទៅឧទ្យាន Katmai ក្នុងរដ្ឋ Alaska និងបានថតវីដេអូពីសត្វខ្លាឃ្មុំកំពុងចាប់ត្រីសាលម៉ុន»។
លោកបានបន្ថែមថា៖
«វាជាបទពិសោធន៍មិនគួរឲ្យជឿមួយ ដែលក្រុមការងាររបស់យើងចំណាយពេលនៅទីនោះអស់រយៈពេល៣សប្តាហ៍ជាប់ៗគ្នា ហើយទាល់តែដល់ថ្ងៃចុងក្រោយទើបយើងអាចថតបានសត្វខ្លាឃ្មុំទាំងនោះកំពុងចាប់ត្រីសាលម៉ុនបាន ក្រោមពន្លឺព្រះអាទិត្យយ៉ាងអស្ចារ្យ។ អ្នកមានអារម្មណ៍ថា ដូចអ្នកនៅទីនោះដែរ។ អ្នកមានអារម្មណ៍ថា ដូចអ្នកនៅជាមួយនឹងខ្លាឃ្មុំទាំងនោះ»។
នេះហើយជាចំណុចសំខាន់នៃភាពយន្តនេះ គឺថតយកវីដេអូក្នុងទម្រង់ IMAX 3-D ដែលច្បាស់ និងមានរូបភាពលម្អិតគ្រប់ជ្រុង ដើម្បីជាគុណប្រយោជន៍ដល់អ្នកដែលមិនមានឱកាសទៅមើលដោយផ្ទាល់ភ្នែក »។
លោក Greg MacGillivray និយាយថា ឧទ្យានទាំងនេះជាកន្លែងល្អបំផុតសម្រាប់វីដេអូទម្រង់ IMAX 3-D។ លោកបាននិយាយថា «ទស្សនិកជនអាចមានអារម្មណ៍ថា ពួកគេធ្លាប់បានទៅទីនោះដែរ ហើយដូច្នេះភាពយន្តនេះចង់ផ្ញើសារដល់ទស្សនិកជនពីលក្ខណៈដ៏ប្រសើរបំផុតរបស់ឧទ្យានទាំងនេះ»។
លោក Robert Redford តួសម្តែង អ្នកដឹកនាំរឿង និងសកម្មជនបរិស្ថាន ដែលបានរៀបរាប់ពណ៌នានៅក្នុងភាពយន្តនេះ បានយល់ស្របផងដែរ។
លោកបាននិយាយថា «ដោយសារតែនៅពេលអ្នកទៅដល់ឧទ្យានជាតិទាំងនោះ អ្នកឃើញមានធម្មជាតិលាតសន្ធឹងទូលំទូលាយព័ទ្ធជុំវិញអ្នក ដូច្នេះ IMAX ប្រហែលជាមធ្យោបាយប្រសើរបំផុតមួយ ដើម្បីផ្តល់ជាបទពិសោធន៍ម្តងទៀតដល់ អ្នកមិនអាចទៅដល់ទីនោះ អ្នកមិនទាន់បានទៅដល់ទីនោះ និងអ្នកនឹងទៅដល់ទីនោះនៅពេលអនាគត»។
ក្រុមការងារនេះទ្រាំនឹងស្ថានភាពអាកាសធាតុដ៏អាក្រក់ និងកន្លែងដែលមានសណ្ឋានដីដ៏ពិបាកដើម្បីថតយកទេសភាព និងសំឡេងដ៏អស្ចារ្យ នៃសម្បតិ្តធម្មជាតិនៅសហរដ្ឋអាមេរិក។
យ៉ាងហោចណាស់ ឈុតមួយប្លង់នៃទឹកធ្លាក់នៅបឹង Pictured Rocks National Lakeshore រដ្ឋ Michigan បាននាំមកនូវការធ្វើដំណើរ និងការកម្សាន្តនៅតំបន់ធម្មជាតិ។ ហើយនៅក្នុងឈុតមួយប្លង់ទៀត អ្នកឡើងភ្នំម្នាក់បានរអិលជើង ហើយបាត់បង់ជំហរ ពេលកំពុងឡើងលើជញ្ជាំងទឹកកក។ នោះជាពេលដ៏រន្ធត់មួយ ពេលឃើញអ្នកឡើងភ្នំរូបនោះតោងខ្លួនតែនឹងពូថៅកាប់ទឹកកកប៉ុណ្ណោះ ខណៈដែលគាត់ដាក់ជើង និងរក្សាជំហរខ្លូនឡើងវិញ។
នៅទីនេះ ក្រុមអ្នកឡើងភ្នំ និងក្រុមការងារផលិតភាពយន្ត បានបោះតង់ នៅលើបឹង Lake Superior ដែលកកទាំងស្រុង ពេលសម្រាកពីការងារ។
លោក Anker បាននិយាយថា៖ «ការយកម៉ាស៊ីនថតទៅទីតាំងសម្រាប់ការថតការឡើងភ្នំគឺជាការងារដ៏លំបាកមួយ។ ជាពិសេសនៅលើភ្នំ Devils Tower។ វាចោទខ្លាំង ហើយយើងត្រូវដាក់ម៉ាស៊ីនថតនៅពេលលើយើងដើម្បីថតបានទេសភាពពីលើចុះក្រោម តាមភ្នែករបស់អ្នកឡើងភ្នំ»។
ប៉ុន្តែលោកបានបន្ថែមថា «បន្ទាប់ពីបានទស្សនាភាពយន្ត National Parks Adventure អ្នកទស្សនានឹងយល់ពីភាពចម្រុះគ្នា និងភាពលាតសន្ធឹងនៃប្រព័ន្ធឧទ្យានជាតិនៅក្នុងសហរដ្ឋអាមេរិក ហើយប្រសិនបើពួកគេមានអារម្មណ៍បែបនេះក្រោយពីទស្សនា យើងនឹងសម្រេចគោលបំណងរបស់យើងហើយ»៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ