ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​វិធានការ​រឹតត្បិត​ជុំ​វិញ​ពិភពលោក​​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​​នាក់​ពី​កូវីដ១៩


អ្នក​ថ្មើរ​ជើង​ដើរ​កាត់​ផ្ទាំង​មួយ​ដែល​ដាក់​រូប​របស់​អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ជាមួយ​នឹង​ពាក្យ​ Aroha ដែល​មាន​ន័យ​ថា សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
អ្នក​ថ្មើរ​ជើង​ដើរ​កាត់​ផ្ទាំង​មួយ​ដែល​ដាក់​រូប​របស់​អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូវែលសេឡង់ ជាមួយ​នឹង​ពាក្យ​ Aroha ដែល​មាន​ន័យ​ថា សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ក្រុង Christchurch ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

វិធានការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ទូទាំង​ពិភពលោក​ បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ពី​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី Nature កាល​ពី​ថ្ងៃ​ចន្ទ។

ការ​សិក្សា​ថ្មី​នេះ ដែល​ធ្វើ​ឡើង​ដោយ​មហាវិទ្យាល័យ Imperial College ​នៅ​ទី​ក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស​នេះ​បង្ហាញ​ថា ការ​ដាក់​កំហិត​រឹតត្បិត​នានា​ រួម​ទាំង​ការ​បិទសាលារៀន​ និង​អាជីវកម្ម​មិន​ចាំបាច់បាន​បង្ការ​ការ​ស្លាប់មនុស្ស​៣​លាន​នាក់​ពី​កូវីដ១៩​នៅ​ក្នុង​ប្រទេសអឺរ៉ុប​ចំនួន​១១។

ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែលធ្វើឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋ​អាមេរិក​ និង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​នោះ ​បាន​រក​ឃើញ​ថា ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុង​ការ​រឹតត្បិត​សកម្មភាព​ក្នុង​សង្គម​នៅ​ក្នុង​ប្រទេស​ចិន កូរ៉េខាង​ត្បូង អ៊ីតាលី អ៊ីរ៉ង់ បារាំង និង​សហរដ្ឋអាមេរិក បាន​បង្ការ​ ឬ​ពន្យារ​ការ​ឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​ ដល់​មនុស្ស​ប្រមាណ​៥៣០​លាន​នាក់។​

គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ នៅ​ជុំវិញ​ពិភពលោក ​វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​៧​លាន​នាក់​ហើយ ដោយ​មាន​ ​អ្នកស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​ជាង​៤០៣.០០០​នាក់ នេះ​បើ​តាមតួលេខ​ពី​សាកលវិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ករណីស្លាប់​ដោយកូវីដ១៩ ច្រើន​ជាង​គេ ហើយ​បន្ទាប់​មក​មាន​ប្រទេស​អង់គ្លេស ប្រេស៊ីល និង​អ៊ីតាលី។ សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​មាន​ការ​ឆ្លង​កូវីដ​១៩ ច្រើន​ជាង​គេ​ដែរ ដោយ​កាល​ពី​ថ្ងៃ​ចន្ទ​មាន​អ្នក​ឆ្លងជិត​២​លាន​នាក់ ហើយ​អាជ្ញាធរ​បាន​ទទូច​ឲ្យ​ពលរដ្ឋ​អាមេរិក​ដែល​បាន​ចូល​រួម​ក្នុង​មហាបាតុកម្ម​អស់​ជិត​ពីរ​សប្តាហ៍​មក​នេះដើម្បី​ទាមទារ​យុត្តិធម៌​ចំពោះ​ការ​សា្លប់​របស់​បុរស​ស្បែក​ខ្មៅ​លោក George Floyd ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ណា៕

XS
SM
MD
LG