ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្លាប់​កើត​ជំងឺ​កូវីដ១៩ ​បង្ហាញ​ផល​វិបាក​នៃ​ការ​កើត​ជំងឺ​នេះ


លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរស​​មាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)
លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរស​​មាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)

លោក​ ដា អ៊ី ​មាន​វ័យ​៤៧​ឆ្នាំ​ជា​បុរស​មាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន។​ កាល​ពី​ចុង​ខែ​កុម្ភៈ​ លោក​បាន​ចូលរួម​ជាមួយ​អ្នក​កាន់​សាសានា​រាប់​ពាន់​នាក់​ទៀត​ ដើម្បី​ទៅ​ប្រារព្ធ​ពិធី​សាសនា​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី។​ លោក​ថា​ នៅ​ក្នុង​ពិធី​នេះ ​ប្រជា​ពលរដ្ឋ​ដែល​កាន់​សាសានា​ជួប​ជុំគ្នា​ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ហូប​អាហារ​រួមគ្នា ​និង​ជជែក​គ្នា​ពី​នេះ​ពីនោះ។​

នៅ​ពេល​ត្រឡប់​មក​វិញ​ លោក​ ដា អ៊ី​ ដែល​ជា​អ្នក​កាន់​សាសនា​ខ្ជាប់​ខ្ជួន​ម្នាក់ ​បាន​ក្លាយ​ជា​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ១៩​ជាង​៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​តាំង​ពី​ជំងឺ​នេះ​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន។​

លោក​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​ទាក់ទង​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​នេះ ​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា។ ​ នៅ​ពេល​នោះ​លោក​ថា ​លោក​គ្រាន់​តែ​មាន​អាការៈ​ «អស់​កម្លាំង​ខ្លាំង» ​តែ​ប៉ុណ្ណោះ។ ​ តេស្ត​បង្ហាញ​ថា ​លោក​មាន​ជំងឺ​កូវីដ១៩។​

លោក​ ដា អ៊ី ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជាមួយ​អ្នក​ជំងឺ​ផ្សេងៗ​ទៀត។ លោក​ ដាអ៊ី​ត្រូវ​ទទួល​ទាន​ថ្នាំ​ពីរ​ទៅ​បី​ដង​ជា​រៀង​រាល់​ថ្ងៃ។​

ក្រោយ​ការ​ព្យាបាល​ជាង​មួយ​សប្តាហ៍​មក​ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។​

«គេ​សួរ​យើង​ថា ​តើ​បង​ឯង​ក្នុង​ខ្លួន​ម៉េច​ដែរ​មាន​ល្ហិតល្ហៃ​មាន​យ៉ាប់យឺន?​ ​ ខ្ញុំ​ថា​ អត់​ផង។​គេ​មើល​តាម​ដាន​ជំងឺ​ហើយ​គេ​ឲ្យ​ថ្នាំ​លេប»។​

លោក​បន្ថែម​ថា៖ ​«ដល់​ពេល​យើង​លេប​ទៅ​...គេ​ធ្វើ​តេស្ត​ទៅ​វា​អវិជ្ជមាន​ អ៊ីចឹង​គេ​ឲ្យ​យើង​ចេញ​[ទៅ​ផ្ទះ]»។​

លោក​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​របស់​លោក​អស់​រយៈ​ពេល​១៤​ថ្ងៃ។​ មន្ត្រី​សុខាភិបាល​ ធ្វើ​តេស្ត​លោក​ម្តង​ទៀត​ ក្រោយ​ផុត​រយៈ​ពេល​នោះ។ ​លទ្ធផល​របស់​លោក​អវិជ្ជមាន។ ​មន្ត្រី​សុខាភិបាល​ប្រាប់​លោក​ថា​លោក​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ។​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ ​មនុស្ស​ចំនួន​១២៦​នាក់ បាន​ឆ្លង​ជំងឺ​នេះ​នៅ​កម្ពុជា។​ លោក ​ដា អ៊ី ​ជា​អ្នក​ជា​សះស្បើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជា​សះស្បើយ​១២៤​នាក់​នៅ​កម្ពុជា។​

លោក​ ដា អ៊ី ​ ដែល​ជា​សះស្បើយ​ពី​ជំងឺ​នេះ ​អស់​រយៈ​ពេល​ប្រហែល​ពីរ​ខែ​មក​ហើយ​នោះ​ បាន​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​បាត់ដំបង​កាល​ពី​ខែ​ឧសភា​ អំពី​បទ​ពិសោធ​របស់​លោក​ ដែល​ធ្លាប់​កើត​ជំងឺ​នេះ​និង​បាន​ជា​សះស្បើយ​ឡើង​វិញ។​លោក​ប្រាប់​វីអូអេ​អំពី​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​លោក​ការ​ទទួល​ការ​ព្យាបាល​ ​ផល​វិបាក​ដែល​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​ឆ្លង​កាត់​នៅ​ពេល​លោក​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ជីវិត​ក្រោយ​ពេល​ជា​សះស្បើយ។​នៅ​មន្ទីរ​ពេទ្យ​លោក​ថ្វាយ​បង្គំ​ និង​ចំណាយ​ពេល​តាម​ដាន​ព័ត៌មាន​និង​មើល​រឿង​កំប្លែង​តាម​អ៊ីនធឺណិត​ដើម្បី​បន្ធូរ​ភាព​តាន​តឹង​នៅ​ក្នុង​ចិត្ត។​

លោក​ថា ​ប្រជា​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​ប្រារព្ធ​ពិធី​សាសនា​នោះ ​រង​ការ​រិះ​គន់​ខ្លាំង​បន្ទាប់​ពី​មាន​របាយ​ការណ៍​នៃ​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​សហគមន៍​របស់​អ្នក​ដែល​បាន​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី។​

«អូ!​ ប៉ះពាល់​ខ្លាំង​ណាស់ ​រវាង​ជនជាតិ​…​គ្រាន់​តែ​ទៅ​ គេ​បិទ​ទ្វារ​អី។ ​ នៅ​ភូមិ​ខ្ញុំ​ ភូមិ​សុភី​ អត់​មាន​គេ​ហ៊ាន​ជិះ​កាត់។​ ដោយសារ​អាភូមិ​ខាង​មុន​នោះ​ មាន​បី​ បួន​នាក់​ទៀត។ ​ គេ​គ្រាន់​តែ​ឮ​ ភូមិ​សុភី​គេ​អត់​លក់​ឲ្យ​ គេ​រត់​ចេញ។​ ទើប​តែ​ឥឡូវ​ទេ​ គេ​ប្រកាស​ថា​ ជា​អស់​ហើយ​ បាន​សភាព​ស្ងប់​ស្ងាត់​មក​វិញ»។​

ក្រៅ​ពី​មាន​ការ​រិះគន់​ទៅ​លើ​សហគមន៍​របស់​លោក​លោក​ថា​ប្រពន្ធ​និង​កូន​របស់​លោក​ក៏​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ផង​ដែរ។ ​ លោក​ ដាអ៊ី ​ដែល​មាន​កូន​អាយុ​១០​និង​១២​ឆ្នាំ និយាយ​ថា​ លោក​ផ្តាំ​គ្រួសារ​លោក​កុំ​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​លោក​នៅ​មន្ទីរ​ពេទ្យ ​នៅពេល​ដែល​លោក​ទទួល​ការ​ព្យាបាល។​

លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរសមាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)
លោក​ ដា​ អ៊ី ​មានវ័យ​៤៧​ឆ្នាំ ​ជាបុរសមាន​មាឌ​មាំ​និង​ដៃ​ជើង​មាំមួន​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ កាល​ដើម​ខែ​មីនា​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ការ​ចូលរួម​ពិធី​សាសនា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។ (ផន បុប្ផា/VOA)

«ក្មេងៗ​ វា​ប៉ះពាល់​អារម្មណ៍​វា។ ​ ពេល​ខ្លះ​គ្នា​វា​ក្មេង។​ គេ​ សម្លឹង​មើល​មុខ​គ្នា​ទៅ​ ធ្វើ​ឲ្យ​គ្នា​ភ្ញាក់​ផ្អើលធ្វើ​ឲ្យ​ខូច​ការ​គិត​គ្នា​ដែរ»។​

លោក ​វឿង ​ប៊ុនរ៉េត ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង​ប្រាប់​ VOA ​ថា​ មន្ត្រី​សុខាភិបាល​និង​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ទទួល​ការ​អប់រំ​ពី​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​នេះ​ទាំង​អាការៈ​ជំងឺ​ការ​ឆ្លង​ និង​ការ​មិន​មើលងាយ​អ្នក​ជំងឺ​ជា​ដើម។​លោក​ថា​លោក​និង​លោក​អភិបាល​ខេត្ត​នេះ​បាន​ជូន​ដំណើរ​អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ទៅ​ផ្ទះ​វិញ។ ​ ពួក​គេ​ណែនាំ​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​រើសអើង​ទៅ​លើ​ក្រុម​គ្រួសារ​និង​អ្នក​ដែល​ជា​ពី​ជំងឺ​នេះ​វិញ។​

«យើង​ជជែក​គ្នា​សព្វ​គ្រប់​ហើយ​យើង​ចុះ។ ជាពិសេស​ខ្ញុំ​ចុះ​គ្រប់​មន្ទីរពេទ្យ​ទាំង​អស់​ហើយ​តាម​មណ្ឌល​មួយ​ចំនួន​ដើម្បី​អប់រំ​ពន្យល់​ណែនាំ​អំពី​ជំងឺ​នេះ។​កុំ​ឲ្យ​គាត់​ខ្លាច​…​ ឲ្យ​កម្លាំង​ពេទ្យ​នឹង​វា​ក្លាហាន​សិន​ពូកែ​សិន​បាន​អាច​ទៅ​អប់រំ​ប្រជា​ពលរដ្ឋ​បាន។​បន្ទាប់​មក​យើង​ចាប់​ផ្តើម​អប់រំ​ទៅ​តាម​សហគមន៍​មាន​ន័យ​ថា​ទៅ​តាម​សាលា​រៀន​ ...​អប់រំ​បន្ត​នៅ​ពេល​ដែល​កូវីដ​មក​ដល់​ស្រុក​យើង»។​

ទោះ​បីជាយ៉ាង​ណា​ក៏ដោយ​ លោក​ទទួល​ស្គាល់​ថា លោក​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំងអស់​មិន​រើសអើង​តាម​ការ​ចង់​បាន​របស់​លោក​នោះ​ទេ។​ លោក​និយាយ​ថា៖​

«ខ្ញុំ​មិន​អាច​ឃាត់​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ឬ​ក៏​បង្រៀន​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូច​យើង​ចង់​បាន​ទេ។​វា​តែង​តែ​ជួប​ហើយ​ធម្មតា​ទេ​អា​ហ្នឹង។​ចង់​និយាយ​ថា​ យើង​ពន្យល់​យើង​អប់រំ​ហើយ​តែ​ត្រង់​ថា​បុគ្គល​ម្នាក់​ហ្នឹង​គាត់​មិន​បាន​ស្តាប់​មិន​ បាន​ពន្យល់​ហើយ​ចៃដន្យ​អី​ក្រុម​គ្រួសារ​ហ្នឹង​ក៏​ជួប​អ៊ីចឹង​ ឧទាហរណ៍។​ អ៊ីចឹង​អាហ្នឹង​វា​មាន​ហើយ​ កុំ​ឲ្យ​អារឿង​តូច​តាច​ហ្នឹង​ជា​បញ្ហា​ក្នុង​ជីវិត»។​

អ្នកស្រី​ យឹម សុធារី​ អ្នកឯកទេសព្យាបាល​ផ្លូវចិត្ត​ ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​ អំពី​សុខភាព​ផ្លូវចិត្ត​ក្នុងអំឡុងពេលនៃការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រី​ យឹម សុធារី​ អ្នកឯកទេសព្យាបាល​ផ្លូវចិត្ត​ ផ្តល់​បទ​សម្ភាស​ដល់វីអូអេ​ អំពី​សុខភាព​ផ្លូវចិត្ត​ក្នុងអំឡុងពេលនៃការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃទី០៥ ខែមេសា ឆ្នាំ​២០២០។ (ខាន់ សុគុំមនោ/VOA)

អ្នក​ស្រី​ យឹម សុធារី​ អ្នក​ជំនាញ​ចិត្តសាស្ត្រ​បាន​ប្រាប់​វីអូអេ​ថា​ក្រៅ​ពី​ទទួល​រង​ការ​ឈឺ​ចាប់​ផ្លូវ​កាយ​ដែល​បង្ក​ដោយ​មេរោគ​កូរ៉ូណា​ អ្នក​កើត​ជំងឺ​នេះ​ក៏​ទទួល​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ផង​ដែរ។​

«ប៉ុន្តែ​ បើ​និយាយ​ពី​ផ្លូវ​ចិត្ត​ សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ ប៉ះពាល់​ខ្លាំង។​ ទីមួយ​ [កូវីដ] ជា​ព្រឹត្តិ​ការណ៍​គំរាម​កំហែង​ដល់​ជីវិត​សម្រាប់​គាត់។​អ៊ីចឹង​វា​ជា​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​មួយ។​ដោយសារ​វា​ ថ្មី​ អត់​ដែល​ឮ​ ជាពិសេស​ វា​ជា​ជំងឺ​រាត​ត្បាត​ ជា​ជំងឺ​ដែល​អ្នក​ណាៗ​ ក៏​និយាយ​ពី​វា​ ហើយ​ឮ​ដំណឹង​ពី​រឿង​ស្លាប់​ច្រើន។​ ដូច្នេះ​ការ​ភ័យ​ខ្លាច​ស្លាប់​ ជា​សម្ពាធ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ផ្លូវចិត្ត​គាត់​នៅ​ពេល​ហ្នឹង»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ហើយ​ហេតុអ្វី​បាន​ជា​វា​ជា​សម្ពាធ​ធ្ងន់ធ្ងរ​ទៀត​ គឺ​ព្រោះ​ថា​ នៅ​ពេល​ដែល​យើង​ឈឺ​ អ្នក​ណា​ក៏​ដោយ​ យើង​ត្រូវការ​ អ្នក​ជិត​ស្និទ្ធ​យើង​នៅ​ក្បែរ​។​ហើយ​ជំងឺ​នេះ​ ជា​ជំងឺ​ដែល​មិន​ឲ្យ​មាន​អ្នក​នៅ​ក្បែរ​យើង​ជិត​ស្និទ្ធ​ទេ។​ អ៊ីចឹង​ វា​ផ្ទុយ​ពី​អ្វី​ ដែល​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន»។​

អ្នក​ស្រី​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​គួរ​តែ​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ​ប៉ុន្តែ​អ្នកស្រី​ថា​មុន​នឹង​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា ​ប្រជា​ពលរដ្ឋ​គួរ​តែ​«ពន្យល់»​ទៅ​អ្នក​ដែល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ដើម្បី​កុំ​ឲ្យ​យល់​ខុស​ថា​ ការ​ធ្វើ​ដូច្នេះ​ថា​ជា​ការ​រើសអើង។​

«ធ្វើ​បាន​ ប៉ុន្តែ​សូម​ពន្យល់​ហេតុផល​ ជាជាង​បែប​ទ្រ​គោះ​បោះ​បោក​ ឬ​ក៏​បង្ហាញ​ទឹកមុខ​រើសអើង​អី​អ៊ីចឹង​ទៅ»។​

ក្រោយពី​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ​លោក​ ដា អ៊ី​ ក៏​ត្រូវ​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​ដូច​ពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​ដែរ។​

«គ្រាន់​តែ​ថា​ នៅ​ពេល​ដែល​យើង​កើត​កូវីដ​ហើយ​ វា​ភាព​ស្ងប់ស្ងាត់។​ ដូចជា​រកស៊ី​អី ​វា​អត់​ដូច​មុន។ ​ ប៉ុន្តែ​សុខភាព​អី​ធម្មតា​ អត់​អី​ទេ។​ [កាលមុន] ​អតិថិជន​ច្រើន​ ​ ឥឡូវ​នេះ​ស្ងប់ស្ងាត់។​ ដូច​ថា​ ពីមុន​ធ្លាប់​រក​បាន​ដប់​ម៉ឺនឥឡូវ​រក​បាន​ពីរ​បី​ម៉ឺន។ ​ភាគច្រើន​ ធ្លាក់​សេដ្ឋកិច្ច»។​

អង្គការ​សុខភាព​ពិភពលោក​បាន​កោត​សរសើរ​ប្រទេស​កម្ពុជា​អំពី​ចំណាត់ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩៕

*ដា អ៊ី​ ជា​ឈ្មោះដែល​ប្រភព​ស្នើ​សុំដាក់​ដើម្បី​ការពារ​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​លោក​ពី​ការ​រើសអើង

XS
SM
MD
LG