ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​រារាំង​វេទិកា​សាធារណៈ​របស់​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង


លោកតា ដំបង​ក្រញូង​រូបសញ្ញានៃការ​ស្វាគមន៍​ទៅខេត្ត​បាត់ដំបង។​
លោកតា ដំបង​ក្រញូង​រូបសញ្ញានៃការ​ស្វាគមន៍​ទៅខេត្ត​បាត់ដំបង។​
ក្នុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមាន​ពី​ការ​ដឹកនាំ​ធ្វើ​មហា​បាតុ​កម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​នោះ​ ខេត្ត​បាត់​ដំបង​គឺ​ជា​ខេត្ត​ដំបូង​គេ​ដែល​បាន​រាំង​ខ្ទប់​សកម្មភាព​ជួប​ប្រជុំ​គ្នាមួយ​រវាង​ប្រជា​ពលរដ្ឋ​ និង​អ្ន​ក​តំណាង​រាស្ត្រ។​

វិទ្យុ​សំឡេងប្រជា​ធិបតេយ្យ​ដែល​ហៅ​កាត់​ថា​ ​VOD​ បាន​រៀប​ចំវេទិកាសម្តែង​មតិ​មួយ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មាន​ឈ្មោះ​ថា​ «កង្វល់​របស់​ម្ចាស់​ឆ្នោត»។​

វេទិកានេះ​ធ្វើ​ឡើង​នៅ​សង្កាត់​អូចា​ ក្រុង​បាត់​ដំបង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​និងបានអញ្ជើញ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​មានមនុស្ស​ចូល​រួម​ប្រមាណ​ជិត​១០០​នាក់។​

នៅ​មិន​ទាន់​ដល់​ពេល​វេទិកាចាប់​ផ្តើម​ផង​ កម្លាំងប៉ូលិស ប្រដាប់​ដោយ​ខែល​ និង​ដំបង​ឈើ​ បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យប្រជា​ពលរដ្ឋ​ និង​អ្នក​ស្រី​មួរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិចូល​រួម។​

ការ​រាំង​ខ្ទប់​រវាង​កម្លាំងសមត្ថកិច្ចខេត្ត​បាត់​ដំបង​និង​ក្រុម​ប្រជា​ពលរដ្ឋ​នោះ​ មិន​មាន​ប្រជា​ពលរដ្ឋ​ណាម្នាក់​រង​របួស​ធ្ងន់​ទេ ​គ្រាន់​តែមាន​របួស​តិច​តួច​តែ​ប៉ុណ្ណោះ។​ ក៏ប៉ុន្តែ​វេទិកានេះ​មិន​បាន​អាក់​ខាន​ទេ​គឺ​បាន​ដំណើរ​ការ​ទៅ​ជា​ធម្មតា ​បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​កម្លាំងសមត្ថ​កិច្ចក៏ដោយ។​

រូប​ភាព​នៃ​ការ​រារាំង​របស់​សមត្ថកិច្ចត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដែល​កំពុង​ពេញ​និយម​នៅក្នុង​ស្រទាប់​យុវជន​នៅ​កម្ពុជា។​

រូប​ភាព​ជា​វីដេអូ​ ដែល​បាន​បាញ់​បង្ហោះ​តាម​ហ្វេស​ប៊ុក​ បាន​បង្ហាញ​ឲ្យឃើញ​ប៉ូលិសប្រដាប់​ដោយ​ខែល​បាន​ព្យាយាម​រាំង​ខ្ទប់​មិន​ឲ្យប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​វេទិកា​ទេ​ រួម​ទាំង​អ្នក​ស្រី​មួរ សុខហួរ​ផង​ដែរ។​ ក៏ប៉ុន្តែ​ការ​រាំង​ខ្ទប់​នេះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បាន​រិះ​គន់​យ៉ាង​ខ្លាំង។​

ស្រ្តី​ម្នាក់​និយាយ​ថា៖​ «ថោក​ទាប ​ផ្តាច់​ការ​ ប៉ូលិស ទាហាន​ហ្នឹង។ ​ស៊ី​ប្រាក់​ខែ​ប្រជា​ពលរដ្ឋ​ វាយ​អ្នក​តំណាង​រាស្ត្រ​អញ្ចឹង។ ​អ្នក​តំណាង​រាស្ត្រ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បោះ​ឆ្នោត​ឲ្យ»​ .... «​ប្រជាពលរដ្ឋ​គេហាម​លើ​សារធារណៈ​ នេះ​បាន​ថា។​ លោក​យក​ច្បាប់​អ្វី?​ ច្បាប់​គេហាម​ហើយ​ឭ​ទេ?»។​

អ្នក​ស្រី​មួរ សុខហួរ​ បេក្ខជន​ជាប់​ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​កម្លាំងសមត្ថកិច្ចរុញ​ច្រាន​ជាមួយ​ប្រជា​ជនផង​ដែរ។​ អ្នកស្រី​បាន​បញ្ជាក់​ប្រាប់​ VOA​ សំឡេងសហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ពី​ខេត្ត​បាត់​ដំបង​ថា​ ​កម្លាំងសមត្ថកិច្ចធ្វើ​នេះ​គឺ​បាន​បំពាន​ច្បាប់​ ដែល​ត្រូវ​តែ​ថ្កោល​ទោស។​

អ្នក​ស្រី​អះអាង​ថា៖​«យើង​ត្រូវ​តែ​ថ្កោល​ទោស​ចំពោះ​អ្វីដែល​ធ្វើឲ្យខាត​នូវ​មុខមាត់​ នៅ​ពេល​ណា​ដែល​រដ្ឋអំណាច​មក​សង្កត់​សិទ្ធិសេរីភាព​ប្រជា​ពលរដ្ឋ​ ដោយ​មិន​យក​ច្បាប់​មក​ការពារ​ប្រជា​ពលរដ្ឋ​ទាល់តែ​សោះ»។​

ខេត្ត​បាត់​តំបង​មាន​អាសនៈ​ចំនួន​៨។​ ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជិង​៣០​ឆ្នាំ​បាន​ទទួល​៥​អាសនៈ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៣​អាសនៈតែ​ប៉ុណ្ណោះ។​

លោក​ធុច​ រ៉ា​ អធិការ​ប៉ូលិសក្រុង​បាត់​ដំបង​ បាន​ឲ្យដឹង​ថា​ សមត្ថ​កិច្ចរារាំង​គឺ​ដោយ​សារ​តែ​វេទិកានោះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​

លោក​និយាយ​ថា៖​ «វេទិកាហ្នឹង​ដំណើរ​ការ​ដោយមិន​មាន​ច្បាប់​អនុញ្ញាត។​ប៉ុន្តែ​យើង​ក៏​ទប់​ស្កាត់​ទៅ។​ គេ​ស្តាប់​ ក៏​ស្តាប់​ទៅ។​ គេមិន​ស្តាប់​ក៏​ធ្វើ​ទៅ។ ​ធ្វើ​យ៉ាង​ម៉េច​ បើ​គេ​ជា​អ្នក​ធ្វើ​អញ្ចឹង​ហើយ»។​

លោក​ចាន់​ សូវ៉េត​ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​បញ្ជាក់​ថា ​ទី​តាំង​រៀប​ចំវេទិកានេះ​ធ្វើ​នៅ​ផ្ទះ​ឯក​ជន​តែ​ប៉ុណ្ណោះ ​មិន​មែន​នៅ​ទី​សាធារណៈ​ដែល​ចាំបាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​ទេ។​

លោក​បាន​រិះគន់​ថា៖​«ធ្វើ​អញ្ចឹង​អត់​ត្រឹម​ត្រូវ​ទេ​ ត្រូវតែ​បើក​ឱកាស​ឲ្យគេ​មាន​សិទ្ធិ​សេរី​ភាព​ ដើម្បី​ជជែក​គ្នា​ ដើម្បី​ផ្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​លើក​ស្ទួយ​នូវ​ការ​អភិវឌ្ឍ​ ឬ​ក៏​ការ​ងារ​អ្វី​ផ្សេងៗ​ទៀត​សម្រាប់ពលរដ្ឋ​ខ្មែរ។​ អញ្ចឹង​បើសិន​ជាមាន​ការ​ហាម​ឃាត់​អញ្ចឹង ​វា​ជារឿង​មួយ​ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរី​ភាព​គេ​ហើយ»។​

ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ពី​ជ័យ​ជំនះ​របស់​ខ្លួនរៀងៗ​ខ្លួន​ ​ដែល​បង្ក​ឲ្យអាជ្ញាធរ​រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​រថ​ពាសដែក ​និង​កម្លាំងកង​ទ័ព​ជាច្រើន​នាក់​ដើម្បី​ការ​ពារ​ការ​គំរាម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។​

លោក​ចាន់​ សូវ៉េត​បាន​បញ្ជាក់​ថា​ ការ​រាំង​ខ្ទប់​ប្រជាជន​មិន​ឲ្យចូល​រួម​វេទិកានៅ​ក្នុង​ខេត្ត​បាត់​ដំបង​នេះ​ជាសញ្ញា​មួយ​ដែល​បាន​បង្ហាញ​ឲ្យឃើញ​ថា អាជ្ញាធរ​ភ័យ​ខ្លាច​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម៕
XS
SM
MD
LG