ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បន្តចរចា​វាង​គណបក្ស​ឈ្នះឆ្នោតនៅ​កម្ពុជា​ត្រូវបាន​អបអរ

  • សុខ ខេមរា

លោក​​សុន ឆ័យនិង​​លោក​ព្រំ ​សុខា​ ​អ្នកចរចា​របស់​គណ​បក្ស​​ឈ្នះឆ្នោតទាំងពីរ​​ថ្លែង​ប្រាប់​អ្នកយកព័ត៌មាន​​អំពី​ការព្រមព្រៀងគ្នា​​បង្កើត​គណៈកម្មការ​រួម។​​
ក្រុមអ្នក​វិភាគ​ និងអ្នក​សង្កេត​ការណ៍​បាន​ស្វាគមន៍​ចំពោះ​ការ​ចាប់​ផ្តើម​កិច្ច​ចរចា​ឡើងវិញ​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​ទាក់​ទិន​នឹង​ការ​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។​

ភ្លាមៗ​បន្ទាប់ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​បន្ត​កិច្ច​ចរចា​គ្នា​ឡើង​វិញ​ដើម្បី​បង្កើត​ គណៈ​កម្មាធិការ​ចម្រុះ​មួយ​ក្រោយ​ពី​បាន​ជាប់គាំង​មួយ​រយៈ​ពេល​នោះ ក្រុម​អ្នក​សង្កេត​ការណ៍​និង​អ្នកវិភាគ​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​សាទរ​ចំពោះ​ការ​បន្ត​ពិភាក្សា​គ្នានេះ​ដោយ​និយាយ​ថា ​ការ​ជជែក​គ្នា​អាចនាំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ជា​ជាង​ការ​បិទទ្វា​មិន​និយាយ​គ្នា។​

គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី​ និង​លោក​កឹម សុខា​ ដែលជា​គណបក្ស​ជំទាស់​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​ពី​ជ័យ​ជម្នះ។ គណបក្ស​សង្គ្រោះ​ជាតិ​បានស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​អំពី​ការ​បោះឆ្នោត​ដែល​គណបក្ស​ជំទាស់​អះអាង​ថា​ ខ្លួន​ជាអ្នក​ឈ្នះ។ ​
កិច្ច​ចរចា​គ្នា​លើក​ចុងក្រោយ​កាលពី​ថ្ងៃអង្គារ​រវាង​ក្រុម​អ្នក​ចរចា​នៃ​គណបក្ស​ទាំងពីរ​នោះ ​ក្រុម​អ្នក​ចរចា​បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បីស៊ើបអង្កេតភាព​មិនប្រក្រតី​ រួចដាក់​ជូន​មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​ដើម្បី​សម្រេច​ ​តែ​គ្មាន​ការ​បញ្ជាក់​លម្អិតថា ​ពេលណា​គណៈ​កម្មការ​នេះ​ត្រូវ​បង្កើត​ទេ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ និចហ្វិច​បានអះអាង​ថា ​ភាគី​ទាំងពីរ​គួរ​បន្ទន់​ជំហរ​រៀងខ្លួន​ ហើយ​យក​គំនិត​គោល​រៀងៗ​ខ្លួន​ដាក់​លើតុ​ដើម្បី​ពិភាក្សាគ្នា។​ នោះជា​ការ​ប្រសើរ​ជាងការ​គ្មាន​កិច្ច​ចរចា​គ្នា។​

លោក​និយាយថា៖​ «ខ្ញុំគិតថា​ ទោះបីជា​មិនទាន់​ត្រូវ​រ៉ូវគ្នា​ទៅ​លើ​ចំណុច​ណា​មួយ​ក៏ដោយ​ ​ប៉ុន្តែ​ការ​ព្យាយាម​ជួប​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ​ក៏​អាច​ជា​គន្លឹះ​ដើម្បី​បើក​ផ្លូវទៅ​រក​ការ​ចរចា​មួយ​ដែល​អាច​សម្រេច​លទ្ធផល​បាន»។​

លោក​គុល បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​ខុមហ្វ្រែល​ បាន​អះអាង​ថា​ ការ​ជួបគ្នា​បាន​ច្រើន​អាច​ធ្វើឲ្យ​មាន​ការ​យល់​យោគ​គ្នា​ដើម្បី​ដោះស្រាយ​ដោយ​តម្លាភាព​នូវ​បញ្ហា​ខ្វែង​គំនិតគ្នា​រឿង​បោះឆ្នោត​និង​រឿង​នយោបាយ។ ​ហើយ​បញ្ហា​នេះអាចធ្វើ​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត។​

លោក​និយាយថា៖​ «ការ​ជួប​របស់​គណបក្ស​ហ្នឹង​ ជួយ​ឲ្យ​រក​ឃើញ​វិធី​សាស្ត្រ​ឬ​យន្ត​ការដែល​អាច​ដោះស្រាយ​ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​ហ្នឹង​ឬ​ក៏​បញ្ហា​មួយ​ចំនួន​ទៀត ​តាម​បច្ចេក​ទេស ​ឬក៏​របៀប​ធ្វើការ​មួយ​ដែលអាច​រៀន​សូត្រ​ដើម្បី​ប្រើប្រាស់​ជា​វិធី​សាស្ត្រ​ដោះស្រាយ​ទៅមុខ​ទៀត»។​

គណបក្ស​ជំទាស់​ទាមទារ​ឲ្យមាន​ការ​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​មួយ​ដែល​មានការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ ហើយ​សង្កេត​ការណ៍​ដោយ​អ.ស.ប.​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​ ដែល​មាន​ឈ្មោះ​ជាង​១លាន​២សែន​នាក់​មិនបាន​បោះ​ឆ្នោត​ មាន​ឈ្មោះស្ទួន​ដែល​អាច​បោះ​ឆ្នោត​បាន​២​ឬ​ច្រើនដង​ មាន​បញ្ហា​បញ្ជី​ឈ្មោះ​ប៉ោង​ មាន​ការ​ចេញ​ប័ណ្ណ​បោះឆ្នោត​ជាច្រើន​ ​មាន​បញ្ហាទឹកថ្នាំ​អាច​លុប​ជ្រះ ​ហើយ​អាច​ធ្វើឲ្យ​មាន​ការ​ឆ្លៀត​ឱកាស​ខ្លះ​ដើម្បើ​បោះ​ឆ្នោត​បាន​ច្រើន​ដង។

តែ​គណបក្ស​កាន់​អំណាច​មិនយល់​ព្រម​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យនេះ​ទេ​ ដោយ​ទាមទារ​ឲ្យមាន​ការ​ដោះ​ស្រាយតាម​យន្តការ​ក្នុង​ស្រុក។ គណបក្ស​ប្រជាជន​អះអាង​ថា​ខ្លួន​ឈ្នះ​អាសនៈ​៦៨​លើ​អាសនៈ​សរុប​ចំនួន​១២៣ក្នុង​សភា ក្រោយការ​បោះ​ឆ្នោត​ថ្ងៃទី​២៨​ ខែ​កក្កដា​ឆ្នាំ​២០១៣ ​ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់ឯង​បាន។​

តែ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ តាម​តួលេខ​របស់ខ្លួន​បាន​ពី​គ្រប់​ការិយាល័យ​បោះឆ្នោតនោះ​គឺគណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​ជាអ្នក​ឈ្នះ​ការ​បោះឆ្នោត​គឺ​ទទួល​បាន​៦៣​អាសនៈ​ ហើយ​អាច​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។​ ភាគី​ទាំង​ពីរ​បាន​ឈប់​ចរចា​គ្នា​មួយ​រយៈពេល​ដោយសារការ​ជជែក​មិន​ត្រូវ​រ៉ូវគ្នា។​

លោកអ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត​ បាន​អះអាង​ថា​ បញ្ហា​ខ្វែង​គ្នា​អាច​ដោះស្រាយ​បាន​ ប្រសិន​បើ​ភាគី​ទាំងពីរ​នៅតែ​បន្ត​ជជែក​គ្នា។​

លោក​និយាយថា៖​ «ខ្ញុំមើល​ទៅការ​ជួប​គ្នា​នេះ​គឺ​វិជ្ជមាន​ ហើយ​ប្រហែល​ជា​ចាំ​បាច់ផង។​ ព្រោះអី​បច្ចុប្បន្ន​នេះ​ គ.ជ.ប.​បាន​បោះបាល់​ទៅដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ​ហើយ​ ហើយបើសិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទុក​ចិត្ត​គ.ជ.ប.​ការ​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ជំរុញឲ្យ​ធ្វើការ​ស៊ើប​អង្កេតហ្នឹង​បាន។​ ហើយ​ការ​ជួប​គ្នា​នេះ​ប្រហែល​ជាអាច​រក​បាន​ដំណោះ​ស្រាយ​ណាមួយ​ដែល​អាច​ទទួល​បាន​ដោយ​ភាគី​ទាំងសង​ខាង»។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោកអ៊ូ វីរៈ​បាន​អះអាង​ថា​ ការ​ចរចា​គ្នា​នេះ​ទំនង​ជាមិន​ធ្វើឲ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​ទេ​ បើ​គ្មាន​ការ​ស៊ើប​អង្កេត​ស៊ី​ជម្រៅ​និង​គ្មាន​ការ​បង្ហាញ​តម្លាភាព​ទេនោះ។

ប្រទេស​កម្ពុជា​មាន​ការ​ជាប់គាំង​នយោបាយ​និង​មាន​បញ្ហា​ស្មុគស្មាញ​រាល់​ពេល​បោះឆ្នោត​ម្តងៗ​តាំងពី​ឆ្នាំ១៩៩៣​មក​ ដោយសារ​អ្វី​មួយ​ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា​ ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​គ្មាន​ការ​កែទម្រង់និង​ឯករាជ្យ​ដែល​អាច​ឲ្យ​គណបក្ស​នយោបាយ​មាន​ការ​ជឿ​ទុក​ចិត្ត​បាន​ ហើយ​មិន​បង្ហាញ​ពី​ការ​ចាញ់​ឈ្នះ​ដោយ​តម្លាភាព៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG