ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ និង​ប៉ូលិស​ប៉ះទង្គិច​នៅ​ភាគ​កណ្តាល​មីយ៉ាន់ម៉ា


និស្សិត​បាតុករ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​កុប្បកម្ម​ដើម្បី​របាំង​ផ្លូវ​ចេញ​នៅ​ Letpadan ចម្ងាយ​១៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ Yangon។
និស្សិត​បាតុករ​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​កុប្បកម្ម​ដើម្បី​របាំង​ផ្លូវ​ចេញ​នៅ​ Letpadan ចម្ងាយ​១៤០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ Yangon។

ក្រុម​បាតុករ​ជានិស្សិត​ និង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះនៅ​ទីក្រុង​មួយ​នៅ​ភាគកណ្តាល​នៃ​ប្រទេស​ភូមា ដែល​នៅទី​នោះ​ពួក​រដ្ឋ​អំណាច ​មានពេល​វេលា​ជាង​មួយ​សប្តាហ៍​ទៀតដើម្បី​រារាំង​ក្រុមសកម្មជន​មិន​ឲ្យ​ដើរ​ក្បួន​ទៅ​កាន់​ទី​ក្រុង Yangon​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​កំណែ​ទម្រង់​ខាងការសិក្សា​អប់រំ។

​ប៉ូលិស​ប្រឆាំង​កុប្បកម្ម ​បាន​ប្រើ​ប្រាស់​ដំបង​ឆក់​ដើម្បី​វាយ​តប់​ក្រុម​និស្សិត​ដែល​បាន​ព្យាយាម​ក្នុង​ការ​រុល​កាត់​តាម​ជួរ​ប៉ូលិស។​ កាសែត​វីដេអូ​ពី​កន្លែង​កើត​ហេតុ ​បាន​បង្ហាញ​ពី​រថពាសដែករបស់​ប៉ូលិស ​បាន​កំទេច​កញ្ចក់ខាងមុខ​របស់​រថយន្តដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុម​និស្សិត។

​លោក Thiha Win Tin ​មេដឹកនាំ​បាតុកម្ម​បាន​ប្រាប់វីអូអេ​ថា ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាងហោច​ណាស់៣២​នាក់​។ លោក​និយាយ​ទៀត​ថា ​បាតុករ​ជា​ច្រើន ​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ។

​លោក​និយាយ​ថា ​«មនុស្ស​ជា​ច្រើន​បាន​រង​របួស។​ ហើយ​និស្សិត​ខ្លះបាន​ហូរ​ឈាម​នៅក្បាល​របស់​ខ្លួន​។​ ប៉ូលិស​បាន​វាយ​ក្បាល​ក្រុម​និស្សិត។ ក្រុមនិស្សិត ​បាន​ប្រើ​ប្រាស់ដំបង​និង​ដុំឥដ្ឋ‍»។

ការប៉ះ​ទង្គិច​បាន​កើត​មាន​ឡើងប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ក្រុម​មេដឹកនាំ​និស្សិត បាន​ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​ក្រុម​សកម្ម​ជន​បន្ត​ការ​ដើ​រ​ក្បួន​ប្រឆាំង​តវ៉ារបស់​ខ្លួន​ទៅ​កាន់​ទីក្រុង Yangon ​ដែល​ជាទី​ក្រុង​ដ៏​សំខាន់​មួយ​របស់​ភូមា​។ ​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​ផ្នែក​អ្វី​នៃ​កិច្ច​ព្រមព្រៀង​ដែល​មិនមាន​ភាព​ចុះ​សម្រុង​គ្នា​នោះ។

ក៏ប៉ុន្តែ ​លោក Thiha Win Tin ​បាន​និយាយ​បន្ត​ទៀត​ថា ​កិច្ច​ព្រម​ព្រៀង​នោះ ​លែង​មាន​ប្រសិទ្ធភាព​ទៀត​ហើយ។​លោក​បាន​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​នោះ​បាន​ចប់​ហើយ។​ពួកគេ​មិន​បាន​ព្រម​ព្រៀង​អ្វី​ទៀត​ទេ៕

XS
SM
MD
LG