ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ខ្យល់​កន្រ្តាក់​ខ្លាំង​ធ្វើឲ្យ​ខូចខាត​ផ្ទះ​​ពលរដ្ឋ​រាប់​រយ​ខ្នង​នៅ​ទូទាំង​ប្រទេស​កម្ពុជា


ទិដ្ឋភាពផ្ទះសម្បែងរបស់ពលរដ្ឋដែលរងការខូចខាតដោយសារខ្យល់កន្ត្រាក់ដែលបានបោកបក់នៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា។ (រូបថតដោយក្រសួងធនធានទឹក និងឧតុនិយម)

មន្រ្តីពាក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ថាខ្យល់​កន្រ្ទាក់ខ្លាំងខុស​ពី​ធម្មតា ​ដែល​កើត​មាន​តាំង​ពី​ថ្ងៃ​ពុធ​ បាន​បំផ្លាញ​ផ្ទះរបស់​ប្រជាពលរដ្ឋរាប់​រយខ្នង ​និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗនៅ​ទូទាំង​ប្រទេស។

សាធារណជន​បាន​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​ក្នុង​រាជធានី​ភ្នំពេញរងគ្រោះ​ដោយ​សារ​ខ្យល់​កន្រ្តាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ ​រួមមាន​ការ​ធ្វើ​ដំណើរ​តាម​សាឡាង ការ​បាក់​ធ្លាក់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិ​ជ្ជកម្ម​តាម​ផ្លូវ ការ​បាក់ដើម​ឈើ​សង្កត់​រថយន្ត និង​របើក​ដំបូល​ផ្ទះរបស់​ប្រជាពលរដ្ឋ​មួយ​ចំនួន។ បណ្តាខេត្ត​មួយចំនួន​ ក៏រងការខូចខាតផង​ដែរ។

លោក ឃុន សុខា អ្នកនាំ​ពាក្យគណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​ថា អាជា្ញធរ​ថ្នាក់​ជាតិ​កំពុង​រង់​ចាំ​របាយ​ការណ៍​ពី​ថ្នាក់​ខេត្ត ដើម្បី​បូក​សរុប​អំពី​ផល​ប៉ះពាល់​នៃ​ខ្យល់​កន្រ្តាក់​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ ប៉ុន្តែ​លោក​ថា​ ខ្យល់​នេះ​បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​។ លោ​ក​ក៏​មិន​ទាន់​មាន​ទិន្ន​ន័យ​ថា​ តើ​មាន​ករណី​ស្លាប់​មនុស្ស​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖ «ខ្យល់​កន្រ្តាក់​ហ្នឹង​មាន មិន​មែន​អត់ណា​ មាន​រាល់​តែ​ឆ្នាំ​ហ្នឹង។ គ្រាន់តែ​ថា​កន្លែង​ខ្លះ​ខ្លាំង កន្លែង​ខ្លះ​ខ្សោយ​ទៅ វា​អត់​ទៀង»។

ចំណែក​លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​និង​អ្នកនាំពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា​ខ្យល់​កន្រ្តាក់​ក្នុង​ខេត្ត​របស់​លោក​កើត​ឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី ​៥ និង​ទី ​៦ ​ខែ​ឧសភា ដោយ​ប៉ះពាល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាង​ ២៣០ ​ខ្នង ទាំង​កម្រិត​ធ្ងន់​ធ្ងរ​និង​ស្រាល។ លោក​បន្ត​ថា​ មិនមាន​ករណី​ស្លាប់​នោះ​ទេ ដោយ​សារ​ខ្យល់​កន្រ្តាក់​និង​ភ្លៀង​នេះ។

បើ​តាម​ហ្វេសប៊ុក​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ ធ្វើ​ឲ្យ​របើកដំបូល​ផ្ទះរបស់​ប្រជា​ពលរដ្ឋចំ​នួន ​៧ ​ខ្នង នៅក្នុងភូមិ​កំពង់​ស្រឡៅ ​១ ឃុំ​កំពង់​ស្រឡៅ ​១​ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ ចំណែកក្នុង​ខេត្ត​ព្រៃវែង​វិញ ​ខ្យល់​កន្រ្តាក់​នេះ​ក៏​ប៉ះ​ពាល់​ផ្ទះរបស់​ប្រជាពល​រដ្ឋជាង ​៤០ ​ខ្នង​ផង​ដែរ​។

កាល​ពី​ថ្ងៃ​ទី​ ៤ ខែ​ឧសភា ក្រសួង​ធនធានទឹក​បាន​ឲ្យ​ដឹង​ថា​ ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​រំកិល​គ្រប​ដណ្តប់​បក់​មក​លើ​ប្រទេស​កម្ពុជា ទន្ទឹម​នឹង​រដូវ​វស្សា​ឆ្នាំ​ ២០​២១ នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ​ដែល​អាច​កើត​មាន​ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល៕

XS
SM
MD
LG