ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើ​ជា​ថ្មី​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ស.រ.អា.​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន​មាន​ភាព​ប្រសើរ​ជាង​មុន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​វិទ្យាល័យ Airport High School កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង West Columbia រដ្ឋ South Carolina។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​វិទ្យាល័យ Airport High School កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង West Columbia រដ្ឋ South Carolina។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​មាន​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន និង​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវការ​ឲ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​ប្រទេស​ចិន។

បន្ទាប់ពី​លើក​ឡើង​ពី​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ការ​ចំណាយ​ខ្ពស់​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ប្រទេស​កាណាដា លោក Trump បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​រដ្ឋ South Carolina យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​លុប​ចោល​របាំង​នានា។ ខ្ញុំ​ចង់​ឲ្យ​កសិករ​អាមេរិកាំង​មាន​លទ្ធភាព​ធ្វើ​ពាណិជ្ជកម្ម​បាន»។

ចាប់តាំង​ពី​បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​មក លោក Trump មាន​បំណង​ផ្ដល់​អាទិភាព​ដំបូង​លើ​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ចរចា​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​នឹង​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រទេស​ចិន​គឺ​ជា​អ្នក​ទទួល​រង​នូវ​ការ​រិះគន់​ខ្លាំងៗ​មួយ​ចំនួន​របស់​លោក Trump ស្រប​ពេល​ដែល​រដ្ឋបាល​របស់​លោក​បាន​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​គម្លាត​ពាណិជ្ជកម្ម​ដែល​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​រវាង​ប្រទេស​ទាំង​ពីរ។ ភាគី​ទាំង​ពីរ​បាន​គំរាម​យក​ពន្ធ​គយ​ថ្មី​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ការ​គំរាម​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ភាព​រង្គោះរង្គើ​រួច​ទៅ​ហើយ​ដោយ​មាន​ការ​ភ័យ​ខ្លាច​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​យក្ស​ទាំង​ពីរ​នៅ​លើ​ពិភពលោក​អាច​កើត​ឡើង។

ទីផ្សារ​សហរដ្ឋ​អាមេរិក និង​ទីផ្សារ​អឺរ៉ុប​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ស្រប​ពេល​ដែល​ការ​ទស្សន៍ទាយ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់តែ​ធ្ងន់​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG