ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​១៦​បាន​ប្តឹង​លោក Trump អំពី​សេចក្តី​ប្រកាស​ភាព​មានអាសន្ន​ក្នុង​ប្រទេសជាតិ


លោក​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ California និយាយ​ថា រដ្ឋ California ប្រហែល​នឹង​ប្តឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ សម្រាប់​ការ​ដាក់​ប្រទេស​ឲ្យ​នៅ​ក្នុង​ភាព​មាន​អាសន្ន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ California និយាយ​ថា រដ្ឋ California ប្រហែល​នឹង​ប្តឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ សម្រាប់​ការ​ដាក់​ប្រទេស​ឲ្យ​នៅ​ក្នុង​ភាព​មាន​អាសន្ន កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋ​១៦​ក្នុង​ស.រ.អា.​បានប្តឹងរដ្ឋបាល​លោក Trump អំពី​សេចក្តី​ប្រកាស​របស់ប្រធានាធិបតីស្តី​ពី​ភាព​អាសន្ន​ក្នុង​ប្រទេស​ជាតិដើម្បី​ឱ្យ​លោក​អាច​ទទួល​ប្រាក់​សម្រាប់​កសាង​ជញ្ជាំង​មួយ​តាម​ព្រំដែន។

ពួក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធ៌ម​នៃ​រដ្ឋ​ទាំង​នេះ​ដឹកនាំ​ដោយ​រដ្ឋ California បាន​ដាក់​បណ្តឹង​នេះ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង​តុលាការ​តំបន់​ខាង​ជើង​រដ្ឋ​ California។​

ពាក្យ​បណ្តឹង​នេះ​បានចោទ​ប្រកាន់​ថា​សេចក្តី​ប្រកាស​ភាព​មានអាសន្ននេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ​ហើយ​ក៏​មិន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ដែរ ហើយ​ថា​សេចក្តី​ប្រកាស​នេះ​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​រដ្ឋ​ទាំង​នេះ​ និង​ពលរដ្ឋ​របស់​ពួកគេ ដោយ​យក​ប្រាក់​ពី​កម្មវិធី​ប្រឆាំង​នឹង​គ្រឿងញៀន​ គម្រោង​កសាង​ផ្នែក​យោធា​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឯទៀតៗ​ខាង​ការ​ពង្រឹង​ច្បាប់។​

ពាក្យ​បណ្តឹង​នេះ​សុំ​ដល់​តុលាការ​នេះ​ឱ្យ​ហាមប្រាម​ជា​អចិន្ត្រៃយ៍​មិន​ឱ្យ​រដ្ឋបាល Trump បង្វែ​ប្រាក់​ពី​កន្លែង​ឯទៀត​ក្នុង​រដ្ឋាភិបាល​ដើម្បី​ស្ថាបនា​ជញ្ជាំង​ព្រំដែន​ ឬ​ដើម្បី​កសាង​ជញ្ជាំង​ព្រំដែន​ដោយ​គ្មាន​ការ​ផ្តល់​ប្រាក់​ពី​សភា​សម្រាប់​គោលបំណង​នេះ។​

លោក Xavier Becerra រដ្ឋមន្ត្រី​ក្រសួង​យុត្តិធ៌ម​នៃ​រដ្ឋ​ California បាន​មាន​ប្រសាសន៍​ថា «លោក​ប្រធានាធិបតី​ Trump បាន​ប្រមាថ​ទាំង​ស្រុង​ដល់​វិធាន​ច្បាប់។​ លោក​ដឹង​ថា​គ្មាន​វិបត្តិ​ព្រំដែន​ទេ។​លោក​ដឹង​ថា​សេចក្តី​ប្រកាស​អំពី​ភាព​មាន​អាសន្ន​របស់​លោក​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ហើយ​លោក​សារភាព​ថា​លោក​ទំនង​ជា​នឹង​ចាញ់ក្តី​នៅ​ក្នុង​តុលាការ​ផង​ដែរ»។

លោក Becerra បាន​ចោទប្រកាន់​លោក​ Trump ថា​លេង​ «ល្ខោន» និង​បំផ្លើស​អំពី​វិបត្តិ​មួយ​ពីព្រោះ​លោក​មិន​អាច​ឱ្យ​សភា​ស.រ.អា. ឬ​ប្រទេស​ម៉ិកស៊ិក​បង់​ប្រាក់​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​នេះ​ទេ។

ក្រុម​ការពារ​បរិស្ថាន​មួយ​ និង​ពួក​ម្ចាស់​ដី​បី​នាក់​ក្នុង​រដ្ឋ​ Texas ដែល​ជញ្ជាំង​ព្រំដែន​នេះ​នឹង​ត្រូវ​កសាង​លើ​ដី​របស់ពួក​គេ​បាន​ដាក់​ពាក្យ​ប្តឹង​រួចស្រេច​ហើយ។

សេតវិមាន​មិន​ទាន់​បានឆ្លើយ​តប​នឹង​ពាក្យ​បណ្តឹង​របស់​រដ្ឋ​ទាំង​នេះ​នៅ​ឡើយ​ទេ។​ ក៏​ប៉ុន្តែ​សេតវិមាន​រំពឹង​ថា​ នឹង​មាន​បណ្តឹង​ក្នុង​តុលាការ​ប្រឆាំង​នឹង​សេចក្តី​ប្រកាស​ភាព​មាន​អាសន្ន​នេះ៕

XS
SM
MD
LG