ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​បរទេស​អាមេរិក​​រំឭក​ខួប​៣​ឆ្នាំ​នៃ​ការ​បាញ់​ទម្លាក់​យន្តហោះ​​ម៉ាឡេស៊ី​​លើ​ដែនដី​អ៊ុយក្រែន


បំណែក​យន្តហោះម៉ាឡេស៊ី MH17 ដែល​បាន​ធ្លាក់​​កាល​ពី​ខែកក្កដា ២០១៤កាត់​ប្រទេស​អ៊ុយក្រែន​។
បំណែក​យន្តហោះម៉ាឡេស៊ី MH17 ដែល​បាន​ធ្លាក់​​កាល​ពី​ខែកក្កដា ២០១៤កាត់​ប្រទេស​អ៊ុយក្រែន​។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំង​២៩៨​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​បាញ់​ទម្លាក់យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​លេខ MH17 ក្នុង​ឱកាស​គម្រប់​ខួប​៣​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កក្កដា​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នកស្រី Heather Nauertអ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​ដែល​ទើប​តែ​ចេញ​ផ្សាយ។

កាល​ពី​បី​ឆ្នាំ​មុន​នៅ​ថ្ងៃ​នេះ ជនស៊ីវិល​ចំនួន​២៩៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍បាញ់​ទម្លាក់យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​លេខ MH17។ សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​នោះ​បន្ត​ថា៖ «សហរដ្ឋ​អាមេរិក​ជា​ថ្មី​ម្តង​ទៀត​សូម​ចូល​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​និង​សាច់ញាតិ​របស់​ជនរងគ្រោះ។‍»

សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​ស៊ើបអង្កេត​រួម និង​ជំរុញ​ឲ្យ​ប្រទេស​ដ​ទៃ​ទៀត​សហការ​ពេញ​ទំហឹង​ដើម្បី​ធានា​ថា អ្នក​ដែល​ប្រព្រឹត្ត​រឿង​នេះ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

សហរដ្ឋ​និងក្រុមការងារ​ស៊ើបអង្កេត​រួម​បាន​លើកឡើង​ថា កងកម្លាំង​ដែល​ដឹក​នាំ​ដោយ​រុស្ស៊ី​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន​បាន​បាញ់​គ្រាប់​មីស៊ីល BUK ពី​ដី​ទៅ​លើ​អាកាស ​បាន​បាញ់​ទម្លាក់​យន្តហោះ​ជើង​ហោះហើរ​លេខ​ MH17 នេះ។ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​ក្នុង​ពេល​ថ្មីៗ​នេះ​របស់​ក្រុមការងារ​នេះ​ក្នុង​ការ​ផ្តល់​យុត្តាធិការ​ដល់​តុលាការ​ហូឡង់​សម្រាប់​បណ្តឹង​ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​រឿង​ដ៏​សោកនាដកម្ម​នេះ។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា​ ខ្លួនមាន​ជំនឿ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​សមត្ថភាព​របស់​ប្រព័ន្ធ​យុត្តាធិការ​ព្រហ្មទណ្ឌ​របស់​ហូឡង់​ក្នុង​ដំណើរការ​កាត់ក្តី​ដែល​មាន​លក្ខណៈ​ទូលំទូលាយ មិន​លំអៀង​និង​មាន​យុត្តិធម៌៕

XS
SM
MD
LG