ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម​រង្ស៊ី៖ គន្លឹះ​ចូលស្រុក​គឺ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ​លោក​ហ៊ុន សែន


លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​
លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​

មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ហើយ​ជាប់​ពិរុទ្ធ​រឿង​ ព្រំដែន​បាន​អះអាង​ថា​លោក​នឹង​អាច​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ដើម្បី​ចូលរួម​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​ខាងមុខ​តាម​រយៈ​ការ​និយាយ​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​សម រង្ស៉ី​អះអាង​ថា​មាន​ឥទ្ធិពល​លើ ​គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។

ក្រុម​អ្នក​សង្កេត​ការណ៍​និង​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​គឺ​ត្រូវការ​សម្រប​សម្រួល​នយោបាយ​មួយ​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឬ​ទទួលទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១០​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា ​វៀតណាម ​កាល​ពី​ឆ្នាំ​២០០៩​នៅ​ខេត្ត​ស្វាយរៀង​ដើម្បី​ជួយ​ពលរដ្ឋ​ទាមទារ​ដីធ្លី។​ តែ​លោក​ សម រង្ស៉ី​ច្រាន​ចោល​ទាំង​ការ​ទទួល​យក​ទោសទណ្ឌ​និង​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​សែន។

«ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​គេ​ទេ។​ ខ្ញុំ​មិន​ចាំបាច់​និយាយ​ជាមួយ​ខ្ញុំ​បម្រើ​គេ​ទេ។ ​ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ចៅហ្វាយ។​ ចៅហ្វាយ​ហ្នឹង​គឺ​ប្រទេស​វៀតណាម។​ អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​គឺ​ធ្វើ​តាម​បញ្ជា​ប្រទេស​វៀតណាម។​ដូច្នេះ​ខ្ញុំ​និយាយ​ជាមួយ​ប្រទេស​ណា​ដែល​គេ​មាន​ឥទ្ធិពល​លើ​ប្រទេស ​វៀតណាម​ឲ្យ​គេ​គាប​សង្កត់​ប្រទេស​វៀតណាម​ឲ្យគេ​ទៅ​និយាយ​ជំរុញ​ឲ្យ​ចៅហ្វាយ ​ចៅហ្វាយ​យួន ​ដើម្បី​ឲ្យ​ប្រទេស​វៀតណាម​ហ្នឹង​បញ្ជា​មក​គណបក្ស​ប្រជាជន​ដើម្បី​កុំ​ឲ្យ​រក​រឿង​គណបក្ស​សម រង្ស៉ី​ជា​ពិសេស​កុំ​ឲ្យ​រក​រឿង​ខ្ញុំ​សម រង្ស៉ី​ទៀត​បើចង់​ឲ្យ​ការ​បោះឆ្នោត​ខាង​មុខ​ត្រូវ​គេ​ទទួល​ស្គាល់»។

ក៏​ប៉ុន្តែ​លោក ​ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នក​តំណាង​រាស្ត្រ បាន ​អះអាង​ថា​ការចូល​ឬ​មិនចូល​ ហើយ​ការ​ជួប​ឬ​មិន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជា​សិទ្ធិ​របស់​លោក សម រង្សី​ តែ​ការពឹងពាក់​អន្តរាគមន៍​ឬ​គំនាប​ពី​ប្រទេស​ប្រទេស​ក្រៅ ​ប្រទេស​ វៀតណាម​នោះ​មិន​អាច​រួចទោស​កំហុស​ដែល​ច្បាប់​បាន​កំណត់​ដែរ។

«អាហ្នឹង ​សូម​អញ្ជើញ​ទៅ! ​ព្រោះ​វៀតណាម​គ្មាន​សម្ភាធ​អី​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អី​ទេ​តាំង​ពី​កងទ័ព​វៀតណាម​ចេញ​ទៅក្នុង​ឆ្នាំ​១៩៨៩​មក​នោះ»។

លោក សម​រង្ស៉ី​បាន​ព្រមាន​ថា​ប្រសិន​បើ​មាន​ការរារាំង​រូបលោក​ដោយសារ​ការ​ប្រើប្រាស់​តុលាការ ​ហើយ​បន្លំ​យក​ឈ្នះឆ្នោត​ មិនមាន​គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ពេលនោះ​ រដ្ឋាភិបាល​ក្រោយ​ដែល​កើត​ចេញ​ពី​ការបោះ​ឆ្នោត ​២០១៣​ក៏​មិនត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ តែ​ក្លាយ​ជា​រដ្ឋាភិបាល​បាត់ភាព​ស្របច្បាប់។​ លោក សម រង្សី​អះអាង​ថា ​ប្រជា​ពលរដ្ឋ​នឹង​ងើប​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​គ្មាន​ភាព​ស្រប​ច្បាប់​ពេល​នោះ។ ​លោក អះអាង​ថា​នោះ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​និង​អ្នក​កាន់​អំណាច​ត្រូវ​គិត​ឡើង​វិញ។

លោក សម រង្សី​ពុំបាន​បញ្ជាក់​ថា​ប្រទេស​ណា​ដែល​លោក​ត្រូវ​ពឹងពាក់​ដើម្បី​និយាយ​ ជាមួយ​ប្រទេស​ វៀតណាម​ទេ​តែ​លោក​ សម រង្ស៉ី​ថ្មីៗ​បាន​ធ្វើដំណើរ​មកប្រទេស​អាមេរិក​ដើម្បី​ជួប​ជាមួយ ​ក្រុមមន្ត្រី ​មួយ​ចំនួន​ផង​ហើយ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​មើល​ឃើញ​ពី​ការគាំទ្រ​ចិន​រឿង​ជម្លោះ​សមុទ្រ​ចិន ​ខាងត្បូង​ផង​ និង​លិខិត​ជូនពរ​ពលរដ្ឋ​កម្ពុជា​ចិន​ពេលចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ផង​ដែរ។​ លោក​សម រង្ស៉ី ​អះអាង​ដែរ​ថា ​លោក​គ្រោង​នឹង​វិល​ទៅ​កាន់​កម្ពុជា​កន្លះ​ឆ្នាំ​មុន​ការបោះឆ្នោត​ជា​សាកល។

លោក ​Sean McIntosh​ អ្នកនាំពាក្យ​ស្ថានទូត​សរអា​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​ថា​លោក​ពុំទាន់​មាន​ព័ត៌មាន​អ្វី​ពី​ស្ថានការណ៍​វិលត្រឡប់​របស់​លោកសម រង្ស៉ី​ទេ។

«ប៉ុន្តែ​តាម​ការ​យល់​ដឹង​ជា​ទូទៅ​គឺថា ​រដ្ឋាភិបាល​សរអា​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ ចូលរួម​ដោយ បើក​ទូលាយ​ និង​មាន​ដំណើការ​នយោបាយ​ក្នុង​ស្មារតី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក ​គល់ បញ្ញា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​បាន​អះអាង​ថា​វត្តមាន​គណបក្ស​ ជំទាស់​លោក សម រង្សី​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ​ស្មើភាព​គ្នា។

«ប្រជាជន​យើង​បោះឆ្នោតៗ​ដោយ​បក្ស។​ អញ្ចឹង​គណបក្ស​ភាគច្រើន​ពឹង​លើ​ថ្នាក់ដឹកនាំ​គណបក្ស ​កម្មវិធី​នយោបាយ​គណបក្ស ​ហើយ​ហ្នឹង​រចនា​សម្ព័ន្ធ​របស់​គណបក្ស​ហ្នឹង។ ​ហើយ​បើ​គណបក្ស​ ហ្នឹង​ខ្វះ​អ្នកដឹកនាំ​អញ្ចឹង​ទៅ​វា​ដូច​ជា​ខ្វះ​ផ្នែក​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការគាំទ្រ​គណបក្ស​ និង ​អាច​មាន​លទ្ធភាព​និង​សមត្ថភាព​ពេញលេញ​ទៅប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច»។

លោក​ថ្លែង​ថា​ករណី​លោក​សម​រង្សី​ជា​ករណីនយោបាយ​ មិនមែន​ជា​បទឧក្រិដ្ឋ​ត្រូវ​ជាប់គុក​ច្រវ៉ាក់​ទេ​ដែល​លោក​ថា​គួតែ​មាន​ការ​អត់ឱន​ក្នុង​ចំណោម​អ្នក​នយោបាយ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​គេ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ អ្នកបោះឆ្នោត​ ជា​អ្នក​សម្រេច​ពេល​បោះឆ្នោត។​ ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​ជួប​ប្រទះ​រឿងរ៉ាវ​យ៉ាង​ដូច្នេះ​ជាច្រើន​លើក​ហើយ​តែក្រោយ​មក​អាច​សម្រប​សម្រួលគ្នា​បាន​រវាង​អ្នកនយោបាយ​ខ្មែរ។

XS
SM
MD
LG