ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន៖ ​ចិន​នឹង​ឲ្យ​ជំនួយ​៦០០​លាន​ដុល្លារ​មក​កម្ពុជា​


លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)
លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ (ឆ្វេង) ពិភាក្សា​ជាមួយ​លោក Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន (កណ្តាល) ខណៈ​ដែល​លោក​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​នៅ​ទី​ក្រុង​អ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (Damir Sagolj/Pool Photo via AP)

ការ​ប្រកាស​ផ្តល់​ជំនួយ​ចាប់​ពីឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​នេះ​ធ្វើឡើង​​​បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ ​​ចេញ​សាល​ដីកា​ឲ្យ​​ប្រទេស​ហ្វីលីពីន​ឈ្នះក្តី​​នឹង​​ចិន​កាលពី​ដើម​សប្តាហ៍​នេះ​ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​កម្ម​សិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​​​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ភ្លាមៗ​ នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) ​របស់​លោក​ថា​ ប្រទេស​ចិន​បាន​សន្យា​នឹង​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៦០០​លាន​ដុល្លារ​សម្រាប់គាំទ្រ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ក្នុងរយៈ​ពេល​៣​ឆ្នាំ។​ ​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កំពុង​ស្ថិត​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​លើកទី​១១ ​ចាប់ពី​ថ្ងៃ​ទី១៥​ដល់​ថ្ងៃទី​១៦​ខែ​កក្កដា​ឆ្នាំ២០១៦ ​នៅ​ក្នុង​ទីក្រុង​អ៊ូឡង់បាទ័រ​ (Ulaanbaatar) ប្រទេស​ម៉ុងហ្គោលី​ បាន​ប្រកាស​ដូច្នេះ​ភ្លាមៗ​ ​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​លោក លី ខឹឈាន ​(Li Keqiang) ​នាយក​រដ្ឋ​មន្ត្រី​ចិន ​ដើម្បី​ពិភាក្សា​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ចិន ​និង​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ហើយ​សមភាគី​ចិន​របស់​លោក​បាន​ប្រកាស​ផ្តល់​ជំនួយ​ឥត​សំណង​នេះ។​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖​

«តាម​សំណូមពរ​របស់​ខ្ញុំ​ មិត្ត​ចិន​បាន​យល់​ព្រម​ផ្តល់​ថវិកា​សម្រាប់ដំណើរការ​បោះឆ្នោត ​វិស័យ​សុខាភិបាល​ អប់រំ ​ទឹក​ស្អាត​ ដូចជា​ស្រះ​ទឹក​ អណ្តូង​ទឹក ​ដែល​ជា​ផល​ប្រយោជន៍​សម្រាប់ប្រជាជន​យើង»។​

ការ​ប្រកាស​ផ្តល់​ជំនួយ​ចាប់​ពីឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨​នេះ​ធ្វើឡើង​គឺ​បន្ទាប់​ពី​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ (The Hague) ចេញ​សាល​ដីកា​ឲ្យប្រទេស​ហ្វីលីពីន​ឈ្នះក្តី​កាលពី​ដើម​សប្តាហ៍​នេះ​ទាក់ទង​នឹង​ជម្លោះ​ដណ្តើម​កម្ម​សិទ្ធិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ប្រទេស​ហ្វីលីពីន​បាន​ប្តឹង។​ ​តុលាការ​បាន​ចាត់​ទុក​ថា​ ចិន​គ្មាន​សិទ្ធិ​ស្រប​ច្បាប់​ចំពោះ​អំណះ​អំណាង​ទាក់ទង​នឹង​ភស្តុតាង​ប្រវត្តិសាស្ត្រ​នោះ​ទេ។ ​តែចិន​ក៏មិន​ទទួល​ស្គាល់​ចំពោះ​សាល​ដីការ​របស់​តុលាការ​ ដែល​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រកាស​មិន​ទទួល​ស្គាល់​ដូចជំហរ​ចិន​នោះ​ដែរ។​

លោក​បណ្ឌិត ​សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​អះអាង​ថា​ ការ​ផ្តល់​ជំនួយ​របស់​ចិន​ទំនង​ជា​ដោយសារ​គោល​នយោបាយ​ការ​បរទេស​កម្ពុជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ ។​

«នៅ​ពេល​ដែល​នយោបាយ​ការ​បរទេស​វា​មាន​តង់ដង់​(និន្នាការ)​ដូច​គ្នា​ យើង​ដឹង​ហើយ​ នយោបាយ​ការ​បរទេស​ គ្មាន​មិត្ត​គ្មាន​សត្រូវ​ តែ​មាន​ផល​ប្រយោជន៍​ ពេល​ហ្នឹង​ផ្តល់​ ឱកាស។​ អញ្ចឹង​ប្រហែល​ជារឿង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ហ្នឹង​ហើយ​ដែល​យើង​បាន​ទទួល​ ជំនួយ​៦០០​លាន​ដុល្លារ​នៅ​ក្នុង​អំឡុង​២០១៦​ដល់​២០១៨។ ​នេះជា​ចំណុចទី​១។​ ហើយ​ចំណុច​ទី២ ​កម្ពុជា​ត្រូវ​ការ​ជំនួយ​ឥត​សំណង​ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន»។​

លោក​ សុខ ទូច ​បាន​ចាត់​ទុក​ថា​ ​ជំនួយ​ឥត​សំណង​នេះ​ធ្វើឲ្យ​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​អាច​អភិវឌ្ឍ​បានលើ​វិស័យ​ជាច្រើន។​

លោកស្រី ​ជា វណ្ណាត ​អ្នក​វិភាគ​មួយរូប​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ A Cambodian ​Survivor’s ​Odyssey ​ឬជា​ភាសា​ខ្មែរ​ «ដំណើរ​ជីវិត» ​បាន​ថ្លែង​ថា ​លោកស្រី​ស្វាគមន៍​ និង​អបអរ​សាទរ​ចំពោះ​ជំនួយ​អភិវឌ្ឍ​មក​ដល់​ប្រទេស​កម្ពុជា​ ដោយ​លោកស្រី​ចាត់​ទុក​ថា​ ​ជំនួយ​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ។​

«យើង​មាន​មិត្ត​ជា​ជាង​យើង​មាន​សត្រូវ ​ហើយ​ប្រទេស​ចិន​ជា​មហា​អំណាច​ ហើយ​នៅតែ​ជា​មហា​មិត្ត​កម្ពុជាតាំងពី​សម័យ​សង្គម​រាស្ត្រ​និយម​មក»។​

តែ​លោកស្រី​បាន​អះអាង​ថា​ កម្ពុជា​មាន​ការ​ខ្វះ​ខាត​ច្រើន​នៅ​ឡើយ ​ទោះ​ជា​ចិន​ជួយ​ ជំនួយ​នេះ​ក៏​មិន​គ្រប់​គ្រាន់​ដែរ។​

ជំនួយ​ចំនួន៦០០លានគឺ​ត្រូវ​ផ្តល់​ដល់​កម្ពុជា​សម្រាប់​វិស័យ​បោះ​ឆ្នោត​ផង​ដែរ​ ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​អះអាង​ថា ​បញ្ហា​សំខាន់​នោះ​គឺ​ការ​ធានា​ការ​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ​ គ្មាន​អំពើ​ហិង្សា​ ការ​ចាប់ចង​ ការ​ចោទ​ប្រកាន់​ក្រុម​អ្នក​ជំទាស់ ​មន្ត្រី​គ.ជ.ប. និង​បរិយាកាស​ភ័យខ្លាច ​ដោយ​សារ​ការ​សម្លាប់​អ្នក​វិភាគ​សង្គម​គឺ​លោក​បណ្ឌិត​កែម ឡី។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត។​

«បញ្ហា​អស់នេះ​គឺ​ថា​ វា​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​មិន​ធានា​ឲ្យ​ការ​ចាត់ចែង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ទេ»។​

លោក​ គល់ បញ្ញា បាន​អះអាង​ថា​ លុយ​ជំនួយ​សម្រាប់​ការ​បោះឆ្នោត​គឺ​គ្រាន់តែ​ជា​មធ្យោបាយ​ទេ​ សំខាន់​បំផុត​គឺ​បរិយាកាស​ល្អ​នៃ​ដំណើរ​ការ​បោះឆ្នោត។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់នៅ​ឆ្នាំ​ ២០១៧​ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨៕

XS
SM
MD
LG