នៅប្រទេសស្រីលង្កាមិនមែនត្រឹមតែប្រធានាធិបតី ដែលមានអំណាចគឺលោក Mahinda Rajapaksaតែម្នាក់ទេ ដែលជួបប្រទះនូវគ្រោះអភ័ព្វនៅពេលដែលលោកបានបរាជ័យដោយមិនបានរំពឹងទុកមួយនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។ ហោរារបស់លោក ដែលបានព្យាករណ៍ប្រកបដោយជំនឿចិត្តថា លោកនឹងទទួលជ័យជម្នះយ៉ាងជាក់ច្បាស់ ក៏បានងាកខ្លួនចេញពីក្រសែភ្នែកសាធារណជននៅក្នុងប្រទេសមួយ ទីដែលមានជំនឿខ្ពស់នៅក្នុងអំណាចនៃតារា(ផ្កាយ)។
នៅពេលដែលអតីតប្រធានាធិបតីស្រីលង្កាគឺលោក Mahinda Rajapaksa បានធ្វើការកោះហៅឲ្យមានការបោះឆ្នោតមុនកំណត់ លោកមិនមែនត្រឹមតែធ្វើឡើងដោយផ្អែកតាមការគុណគូរខាងនយោបាយប៉ុណ្ណោះទេ លោកក៏ត្រូវបានបង្គាប់ឲ្យធ្វើការកោះហៅនោះដោយផ្អែកតាមហោរាដែលលោកទុកចិត្តអស់រយៈពេលជាង៣០ឆ្នាំមកនេះគឺលោក Sumandasa Abeygunawardena ដែលបានហៅលោក Rajapaksa ថាជា «បុរសប្រកបដោយបុគ្គលិកលក្ខណៈដែលមិនអាចមានអ្នកណាឈ្នះបាន និងជាបុរសមានបុណ្យមួយរូប»។ លោក Abeygunawardena បានទស្សន៍ទាយថា លោក Rajapaksa នឹងទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតថ្ងៃទី០៨ ខែមករា លោក Abeygunawardena បានប្រកាន់គោលជំហរថា ពេលវេលាថ្ងៃបោះឆ្នោតនោះគឺ «ជាវេលាប្រកបដោយសំណាងយ៉ាងខ្លាំងសម្រាប់លោក Rajapaksa»។
ហើយនៅពេលបោះឆ្នោតជិតមកដល់ ក្រុមហោរាបានទស្សន៍ទាយដោយមានទំនុកចិត្តនៅតាមទូរទស្សន៍ជាតិថា គ្មានអ្វីអាចបញ្ឈប់ជ័យជម្នះរបស់លោក Rajakpaksa បានទេ។
Harini Amarasuriya ជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តសង្គមនៅមហាវិទ្យាល័យ Open University នៅប្រទេសស្រីលង្កា។
«រឿងការទស្សន៍ទាយនោះត្រូវបាននិយាយដោយបើកចំហ និងបានក្លាយជាផ្នែកមួយនៃការពិភាក្សាទូទៅ ជាសាធារណៈ។ វាហាក់ដូចជាហោរាបាននិយាយប្រាប់លោក Rajakpaksa ថា វាជាវេលាដ៏ល្អមួយសម្រាប់លោក ហើយលោកមិនត្រូវបង្អង់ឡើយ។ កាលបរិចេ្ឆទនៃការបោះឆ្នោតត្រូវបានកំណត់តាមការទស្សន៍ទាយរបស់ហោរាមួយចំនួន មានដូចជាពេលវេលាដែលលោកត្រូវធ្វើការបោះឆ្នោត អ្វីៗទាំងអស់ត្រូវបានកំណត់ដោយហោរាមួយរូប»។
ប៉ុន្តែគ្រប់ការគន់គួរទាំងអស់ ដែលរួមបញ្ចូលទាំងសណ្ឋានតារា និងឆាកនយោបាយត្រូវបានបង្ហាញថា ខុសទាំងស្រុង នៅពេលដែលលោក Maithripala Sirisena បានចាកចេញពីគណបក្សលោក Rajapaksa និងបានទទួលជ័យជម្នះ បន្ទាប់ពីលោក Maithripala បានបង្កើតគណបក្សប្រឆាំងមួយដែលមិនអាចប្រៀបផ្ទឹមបាន។
ការប្រែប្រួលនៃព្រឹត្តិការណ៍នោះគឺជាអ្វីមួយដែលនឹកស្មានមិនដល់។ នៅពេលដែលលោក Rajapaksa បានកោះហៅការបោះឆ្នោត គេមិនបានឃើញមាននូវគូបដិបក្ខណាមួយដែលអាចតតាំងជាមួយនឹងមេដឹកនាំរូបនេះ ដែលធ្លាប់ត្រូវបានស្គាល់ថា ជាបុរសខ្លាំងនៅស្រីលង្កានោះទេ។
ឥឡូវនេះ បរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Rajapaksa បានធ្វើឲ្យបុរសមួយរូបដែលធ្លាប់ត្រូវបានហៅថា «រាជហោរា» រងការរិះគន់យ៉ាងខ្លាំង។ លោក Abeygunawardena ត្រូវប្រគល់រថយន្តផ្លូវការរបស់រដ្ឋមកវិញ និងបានលាលែងពីតំណែងក្នុងថ្នាក់គ្រប់គ្រងធនាគាររដ្ឋ ដែលទាំងនេះជាឯកសិទ្ធិមួយចំនួនដែលត្រូវបានប្រគល់ឲ្យលោកកន្លងមកនេះ។ ជំនឿទុកចិត្តមកលើលោក Abeygunawardena រងការប៉ះពាល់យ៉ាងខ្លាំង។
ហោរារូបនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកបានដឹងថា លោក Rajapaksa នឹងចាញ់ការបោះឆ្នោត ប៉ុន្តែលោកមិនមានភាពអង់អាចក្នុងចិត្តក្នុងការប្រាប់លោក Rajapaksa ទេ។ ដោយនិយាយការពារខ្លួន លោក Abeygunawardena បានថ្លែងថា សូម្បីតែហោរាបារាំងលោក Nostradamus ក៏មានការទស្សន៍ទាយខុសមួយចំនួនផងដែរ។
មនុស្សរាប់លាននាក់នៅប្រទេសអាស៊ីខាងត្បូងជឿថា ចលនានៃភពផ្សេងៗមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតពួកគេ។ កាលបរិច្ឆេទអាពាហ៍ពិពាហ៍ និងពិធីឱឡារិកផ្សេងៗត្រូវបានសម្រេចទៅតាមការគន់គួរហោរាសាស្រ្ត ដែលមានមូលដ្ឋានផ្អែកទៅលើពេលវេលា ទីកន្លែង និងថ្ងៃខែឆ្នាំកំណើត។
ទោះបីយ៉ាងណាក៏ដោយ កំហុសការព្យាករណ៍ហោរាសាស្រ្តដែលគេចាប់អារម្មណ៍ច្រើនទាក់ទងនឹងការបោះឆ្នោតនេះបានបង្កឲ្យមានការជជែកដេញដោលអំពីឥទ្ធិពលរបស់តារា។ Sasanka Perera ជាសាស្រ្តាចារ្យនរវិទ្យាជនជាតិស្រីលង្កា និងនាយកផ្នែកសង្គមវិទ្យាមហាវិទ្យាល័យ South Asian University នៅក្រុង New Dehli។
«នេះជាប្រទេសមួយ ដែលជំនឿបែបនេះយ៉ាងច្រើនបានកើតមានពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែនាពេលនេះ ដោយសារវាជារឿងទាក់ទងនឹងមេដឹកនាំជាន់ខ្ពស់ ទើបបានជាមានការរិះគន់យ៉ាងខ្លាំង ហើយខ្ញុំគិតថា ការរិះគន់នោះកើតឡើងសមហេតុសមផល។ ហេតុផលគឺថា នៅក្នុងសតវត្សរ៍ទី២១ នេះ ប្រទេសណាក៏ដោយមិនអាចធ្វើអ្វីដែលមានសារៈសំខាន់ខ្លាំង ដូចជាការបោះឆ្នោត ដោយពឹងផ្អែកខ្លាំងទៅលើអ្វីមួយ ដូចជា ហោរាសាស្រ្តនោះទេ»។
Harini Amarasuriya បានចង្អុលបង្ហាញថា អ្នកនយោបាយនៅស្រីលង្កាហាក់ដូចជាដាក់ជំនឿទុកចិត្តខ្លាំងនៅក្នុងហោរាសាស្រ្ត ជាងប្រជាជនភាគច្រើន។
«នៅពេលណាក្រុមអ្នកនយោបាយមានរឿងធំដូចនេះ ពេលនោះតំណែងរបស់ពួកគេក៏ប្រឈមនឹងភាពងាយរង្គោះរង្គើរផងដែរ។ នៅពេលអ្នកស្ថិតនៅក្នុងស្ថានការណ៍នេះ អ្នកមានអារម្មណ៍ឯកោ ហើយអ្នកមានទំនោរងាកទៅផ្នែកអបិយជំនឿដើម្បីទទួលបានអារម្មណ៍ថា តំណែងរបស់អ្នកមានស្ថេរភាព»។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានការលេងសើច និងចំអកឡកឡឺយជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ដែលចំអកមកលើក្រុមហោរា ដែលបានទស្សន៍ទាយអំពីជ័យជម្នះសម្រាប់លោក Rajapaksa។ ទោះបីយ៉ាងណាក៏ដោយ គេនៅតែមានជំនឿទៅលើឥទ្ធិពលតារាមកលើជីវិតមនុស្សហើយវាទំនងជាមិនរង្គោះរង្គើរនៅក្នុងឆាប់ៗនេះទេ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា