ស្រីលង្កានឹងសន្សំថវិកា៥ពាន់លានដុល្លារក្រោយការរៀបចំរចនាសម្ព័ន្ធបំណុលទ្វេភាគីឡើងវិញ ដែលភាគច្រើនជំពាក់ចិន តាមរយៈកាត់បន្ថយអត្រាការប្រាក់និងរយៈពេលនៃការសងវិញយូរជាងមុន។ នេះបើតាមការថ្លែងរបស់ប្រធានាធិបតីរបស់នេះ កាលពីថ្ងៃទី២ ខែកក្កដា។
ប្រទេសដែនកោះមួយនេះបានផ្អាកបង់ប្រាក់លើបំណុលបរទេសនានានៅឆ្នាំ២០២២ ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០២២ ដែលមិនធ្លាប់មានពីមុនមក ដែលធ្វើឱ្យខ្វះស្បៀងអាហារ ប្រេង និងថ្នាំសង្កូវ រាប់ខែ។
លោកប្រធានាធិបតី Ranil Wickremesinghe បានថ្លែងថា ការសម្រេចបាននូវកិច្ចព្រមព្រៀងកាលពីពីរដើមខែកក្កដានេះ បានធានាដល់ការពន្យាការបង់សងបំណុលដល់ឆ្នាំ២០២៨ ដោយពន្យាររយៈពេលនៃការខ្ចីប្រាក់ដល់ទៅ៨ឆ្នាំនិងកាត់បន្ថយអត្រាការប្រាក់ឱ្យនៅជាមធ្យមត្រឹម២,១ ភាគរយ។
លោកប្រធានាធិបតី Wickremesinghe បានថ្លែងថា ប្រទេសផ្តល់កម្ចីទ្វេភាគីនាំមុខដោយចិន ដែលជាប្រទេសផ្តល់កម្ចីច្រើនបំផុត មិនបានព្រមព្រៀងលើការបន្ថយកម្ចីពួកគេទេ ប៉ុន្តែយល់ព្រមជួយដល់ប្រទេសស្រីលង្កា។
លោកប្រធានាធិបតី Wickremesinghe បានប្រាប់ទៅសភាក្នុងសន្ទរកថាដំបូងចាប់តាំងពីមានកិច្ចព្រមព្រៀងបំណុលថា៖ «ជាមួយនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលយើងបានព្រមព្រៀងគ្នា យើងនឹងសន្សំថវិកាបាន៥ពាន់លានដុល្លារ»។
កម្ចីមួយចំនួនរបស់ស្រីលង្កាពីចិនមានអត្រាការប្រាក់ខ្ពស់ ដែលមានដល់ទៅជិត៨ភាគរយ បើធៀបនឹងប្រាក់កម្ចីពីជប៉ុន ដែលជាប្រទេសផ្តល់កម្ចីច្រើនជាងគេទី២ គឺការប្រាក់តិចជាង១ភាគរយ។
ស្រីលង្កាក៏បានសម្រេចកិច្ចព្រមព្រៀងផ្សេងៗគ្នាជាមួយចិននិងប្រទេសផ្តល់កម្ចីទ្វេភាគីដទៃទៀតរួមមានជប៉ុន បារាំង និងឥណ្ឌា។
ប្រទេសផ្តល់កម្ចីទេ្វភាគីមានសរុប២៨,៥ភាគរយនៃបំណុលបរទេសដែលនៅសេសសល់សរុបរបស់ស្រីលង្កាដែលមានទឹកប្រាក់៣៧ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យក្រសួងរតនាគារកាលពីខែមីនា។ តួលេខនេះមិនរួមបញ្ចូលកម្ចីខាងក្រៅដែលធានាដោយរដ្ឋាភិបាលនោះទេ។
បំណុលដែលស្រីលង្កាជំពាក់ចិនមានចំនួន ៤,៦៦ពាន់លានដុល្លារនៃចំនួនសរុប១០,៥៨ ពាន់លានដុល្លារដែលស្រីលង្កាបានខ្ចីពីប្រទេសដទៃទៀត។
លោកប្រធានាធិបតី Wickremesinghe បានថ្លែងថា លោករំពឹងថានឹងបញ្ចប់ការរៀបចំកម្ចីលក្ខណៈពាណិជ្ជកម្មខាងក្រៅចំនួន ១៤,៧ពាន់លានដុល្លារបន្ថែមទៀតក្នុងពេលឆាប់ៗ រួមបញ្ចូលទាំងកម្ចី ២,១៨ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍ចិន។
វិបត្តិសេដ្ឋកិច្ចឆ្នាំ២០២២ របស់ស្រីលង្កាបង្កឱ្យមានបាតុកម្មសាធារណៈរាប់ខែ ដែលទីបំផុតបានបង្ខំឱ្យប្រធានាធិបតីកាន់តំណែងនាពេលនោះគឺលោកGotabaya Rajapaksa លាលែងពីតំណែង បន្ទាប់ពីក្រុមបាតុករបានសម្រុកចូលវិមានប្រធានាធិបតីរបស់លោក។
លោកប្រធានាធិបតី Wickremesinghe បានថ្លែងថា ប្រទេសរបស់លោកបានក្ស័យធន នៅពេលលោកចូលកាន់តំណែង ហើយលោកសង្ឃឹមថា ថវិកា ២,៩ពាន់លានដុល្លារដែលលោកធានាខ្ចីបានពីមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMFកាលពីឆ្នាំមុននោះ ជាកញ្ចប់ថវិកាសង្គ្រោះចុងក្រោយរបស់ប្រទេសនេះ។
មូលនិធិ IMF ជាអង្គការផ្តល់ប្រាក់កម្ចីអន្តរជាតិជាជម្រើសចុងក្រោយបង្អស់ ហើយកន្លងមករដ្ឋាភិបាលស្រីលង្កាបានងាកទៅរក IMF ចំនួន១៦លើកមកហើយមុននោះ។ ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញគឺជាលក្ខខណ្ឌមួយដែលមូលនិធិ IMF ព្រមផ្តល់ថវិកាសង្គ្រោះនេះ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា