ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ពីរ​នាក់​ត្រូវបាន​បក្ស​កុម្មុយនិស្ត​ចិន​ដេញ​ចេញ​ពី​តំណែង​ដោយសារ​អំពើ​ពុក​រលួយ


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​ចិន​លោក Li Shangfu ចូលរួម​វេទិកា​សន្តិសុខ​និងការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​ចិន​លោក Li Shangfu ចូលរួម​វេទិកា​សន្តិសុខ​និងការពារជាតិ Shangri-La Dialogue នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

បក្ស​កុម្មុយនិស្ត​ចិន​បាន​បណ្តេញចោល​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ ២ ​នាក់ ​គឺ​លោក​ Li Shangfu​ និង​លោក ​Wei Fenghe។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Xinhua ​របស់​ប្រទេស​ចិន ​អតីត​រដ្ឋមន្ត្រី​ទាំងពីរ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ។

សេចក្តី​រាយការណ៍​របស់​ Xinhua ​បាន​និយាយ​ថា៖ «ក្នុង​នាម​ជា​មន្ត្រី​ជាន់ខ្ពស់​នាំមុខ​នៃ​គណបក្ស​និង​កងយោធា ​លោក Li Shangfu ​បាន​ក្បត់​បេសកកម្ម​របស់​លោក ​បាន​ក្បត់​នឹង​ការទុកចិត្ត​របស់​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស ​និង​គណៈ​កម្មការ​យោធា​មជ្ឈិម​ ហើយ​បាន​ធ្វើឱ្យ​មាន​ការខូចខាត​យ៉ាងខ្លាំង​ ដល់​បុព្វហេតុ​របស់​បក្ស ​និង​កិច្ចការពារ​ប្រទេស។

សេចក្តី​រាយការណ៍​នោះបាន​បន្ថែម​ថា ​ការស៊ើបអង្កេត​មួយ ​ដឹកនាំ​ដោយ​គណៈ​កម្មាធិការ​មជ្ឈិមបក្ស​បាន​រកឃើញ​ថា ​លោក Li ​បានស្វែងរក​ផលចំណេញ​សម្រាប់​ខ្លួន​លោក​និង​អ្នកឯទៀត ហើយ​មិនបាន​បំពេញ​តួនាទី​នយោបាយ​របស់​លោក។

លោក Li ​ថែមទាំង​ត្រូវ​បាន​សង្ស័យ​ថា ​បាន​ទទួល​ប្រាក់សំណូក​យ៉ាងច្រើន​សន្ធឹក ​និង​បាន​សូកប៉ាន់​អ្នកដទៃ​ផងដែរ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ Xinhua។

សេចក្តី​រាយការណ៍​របស់ Xinhua ​ជា​ការបញ្ជាក់​ជា​ផ្លូវការ​ជាលើក​ទី​មួយ ​អំពី​ការស៊ើបអង្កេត​លោក Li និង​អំពី​សេចក្តី​លម្អិត​នៃ​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​លើ​រូប​លោក។

កាលពី​ខែតុលា​ឆ្នាំមុន ​លោក Li ​ត្រូវ​បាន​ដកចេញ​ពី​តំណែង ​បន្ទាប់ពី​បាន​បាត់មុខ ​អស់ពេល​ជិត ​២ ​ខែ។ លោក​ត្រូវ​បាន​ជំនួស​ដោយ​លោកឧត្តមនាវីឯក​ Dong Jun។

អតីត​រដ្ឋមន្រ្តី​ការពារ​ជាតិ​មុន​លោក Li ​គឺ​លោក Wei Fenghe ​ក៏បាន​បាត់មុខ​អស់​មួយ​រយៈ​ដែរ​ ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​មុខ​តំណែង ​នៅពេល​មាន​ការរុះរើ​គណៈ​រដ្ឋមន្ត្រី ​កាលពី​ខែមីនា​ឆ្នាំមុន៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG