ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ Wikileaks ផ្សព្វផ្សាយ​សារ​សំឡេង​ដែល​បាន​ពី​អ៊ីម៉ែល​របស់​សមាជិក​កំពូល​គណបក្ស​ប្រជាធិបតេយ្យ


អ្នក​គាំទ្រ​លោក Bernie Sanders ដើរ​ក្បួន​ក្នុង​ពេល​បាតុកម្ម​នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅ​ថ្ងៃទី១ នៃ​សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ។

អង្គការ Wikileaks បាន​ផ្សព្វផ្សាយ​នូវ​សារ​សំឡេង​ចំនួន​២៩ ដែល​ខ្លួន​បាន​បញ្ជាក់​ថា ខ្លួន​បាន​ទាញ​ចេញ​ពី​ប្រព័ន្ធ​ផ្ទុក​អ៊ីម៉ែល​របស់​គណៈកម្មាការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក។

សារ​សំឡេង ដែល​បាន​ចម្លង​ពី​គណនី​អ៊ីម៉ែល​របស់​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​៧​រូប ដែល​មាន​ការ​អន់​ចិត្ត​ចំពោះ​ឥទ្ធិពល​របស់​លោក Bernie Sanders ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ។

របាយការណ៍​របស់​អង្គការ Wikileaks នេះ លើកឡើង​ថា សារ​សំឡេង​មួយ​បញ្ជាក់​ថា​អ្នក​ដែល​និយាយ​នោះ​មិន​ចង់​ឲ្យ​លោក Sanders ឡើង​ថ្លែង​នៅ​ឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​បាន​ប្រឆាំង​ការ​សម្រេចចិត្ត​របស់​លោក Sanders ក្នុងការ​ឡើង​ថ្លែង​នៅលើ​វេទិកា​សន្និបាត​បក្ស​ឆ្នាំ ២០១៦ នេះ។

ការ​ផ្សព្វផ្សាយ​លើក​នេះ គឺជា​ការ​ផ្សព្វផ្សាយ​លើក​ទីពីរ​ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ​នេះ។ ការ​ផ្សព្វផ្សាយ​លើក​ទីមួយ ដែល​បាន​ផ្សព្វផ្សាយ​អំពី​អ៊ីម៉ែល​ចំនួន​២​ម៉ឺន​អ៊ីម៉ែល នៅ​មុន​ថ្ងៃ​បើក​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​ឲ្យ​លោកស្រី Debbie Wasserman Schultz ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​លាលែង​ចេញ​ពី​តំណែង។

អង្គការ Wikileaks ដែល​ជា​អង្គការ​ផ្សព្វផ្សាយ​ឯកសារ​ដើម​ដែល​មាន​ប្រភព​មក​ពី​ជន​អណាមិក និង​អ្នក​លួច​យក​ទិន្នន័យ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត បាន​ផ្សព្វផ្សាយ​ពី​សារ​សំឡេង​នេះ​ដោយ​មិន​បញ្ជាក់​ពី​ប្រភព​ដែល​ខ្លួន​បាន​ទទួល​នោះ​ទេ។ អ៊ីម៉ែល​ដែល​គេ​លួច​ទិន្នន័យ​ទាំង​នោះ ត្រូវ​គេ​ដឹង​ថា​ត្រូវ​បាន​ផ្ញើ​ចន្លោះ​ពីខែ​មករា ឆ្នាំ២០១៥ និង​ខែ​ឧសភា ឆ្នាំ​នេះ។ គណៈកម្មការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា ប្រព័ន្ធ​អ៊ីម៉ែល​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ចូល​យក​ទិន្នន័យ៕

XS
SM
MD
LG