រដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យ ដែលមានកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអនុប្រធានប្រចាំការដើម្បីអនុវត្តការងារពាក់ព័ន្ធនឹងអធិបតេយ្យភាពតាមបន្ទាត់ព្រំដែនជាមួយថៃ និងឡាវ និងព្រំដែនសមុទ្រ ឲ្យមានប្រសិទ្ធភាពខ្ពស់។ នេះបើតាមសេចក្តីសម្រេចដែលចេញដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការសម្រេចបង្កើតក្រុមការងារពិសេសនៅតាមព្រំដែនថៃ និងឡាវនេះធ្វើឡើងបន្ទាប់ពីកម្ពុជាធ្លាប់ប្រឈមគ្នាដោយអាវុធជាមួយរដ្ឋាភិបាលបរទេសទាំងពីរនេះនាពេលកន្លងមក និងបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយធ្លាប់ប្រកាសអំពាវនាវឲ្យអ្នកគាំទ្រខ្លួនទាំងក្នុង និងក្រៅប្រទេស ចូលរួមប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ចេញកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងដែល VOA ទើបទទួលបាននៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បញ្ជាក់ថា រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារពិសេសនេះដោយមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាប្រធាន។
ក្រុមការងារនោះមានអនុប្រធានចំនួន៨រូប ក្នុងនោះកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីគឺលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក មានតួនាទីជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាជិក និងលេខាធិការចំនួន២៣រូប ដែលភាគច្រើនជាមេបញ្ជាការយោធា នគរបាល និងអភិបាលខេត្ត ជាដើម។
ប្រការ០២នៃសេចក្តីសម្រេចនេះសរសេរក្នុងន័យដើមថា៖
«ក្រុមការងារមានភារកិច្ចគ្រប់គ្រងថវិកាពិសេសសម្រាប់កិច្ចការអធិបតេយ្យ ដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្រ្តី សហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីអនុវត្តការងារពាក់ព័ន្ធនឹងអធិបតេយ្យភាព ឲ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ ធ្វើរបាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល»។
ប្រការ០៣នៃសេចក្តីសម្រេចនោះបញ្ជាក់ថា ការប្រើប្រាស់ថវិកាពិសេសសម្រាប់កិច្ចការអធិបតេយ្យ ត្រូវអនុវត្តតាមគោលការណ៍ និងវិសាលភាពសម្រាប់ចំណាយលើមុខសញ្ញាដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការងារអធិបតេយ្យ ជាពិសេសទិសព្រំដែនជាមួយឡាវ និងថៃ និងព្រំដែនទឹក។ សម្រាប់ចំណាយលើមុខសញ្ញាចាំបាច់ផ្សេងទៀតពាក់ព័ន្ធនឹងការងារអធិបតេយ្យគឺតាមការសម្រេចរបស់នាយករដ្ឋមន្រ្តី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា ក្រុមការងារពិសេសនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងការពារអធិបតេយ្យនៅតាមព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ។ លោកបានបន្ថែមថា កន្លងមកកម្ពុជាមិនធ្លាប់មានកញ្ចប់ថវិកាពិសេសដាច់ដោយឡែក ត្រៀមលក្ខណៈឆ្លើយតបនឹងព្រឹត្តិការណ៍ជាយថាហេតុណាមួយ តាមបន្ទាត់ព្រំដែននោះទេ ដូច្នេះកញ្ចប់ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីបំពេញចន្លោះនេះ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ដូច្នេះថា៖
«យថាហេតុ ឧបមាថា ដូចជាមានរឿងអី ដូចអង្កាល់ជាមួយនឹងឡាវ យើងឃើញមួយប្រាវហ្នឹង យើងប្រើលុយអស់ច្រើនណាស់ ត្រូវបញ្ជូនទ័ពពីនេះទៅ។ ដូច្នោះពេលនោះលុយអត់មានគម្រោងទេ យើងត្រូវដកពីនេះ ដកពីនោះ។ ក៏ប៉ុន្តែពេលនេះ ដោយសារការពិសោធន៍ទាំងនោះ។ ហើយ ដូចជាមួយប្រាសាទព្រះវិហារ យើងអត់មានគម្រោងទុកសម្រាប់អីចឹងទេ ប៉ុន្តែពេលនេះយើងមានគម្រោងទុក ជាកញ្ចប់ថវិកាផ្គត់ផ្គង់ទៅដល់ក្រសួងការពារជាតិ»។
លោក ផៃ ស៊ីផាន បន្ថែមថា កញ្ចប់ថវិកានោះនឹងត្រូវបង្វិលទៅចូលឃ្លាំងរដ្ឋវិញប្រសិនបើមិនមានការប្រើប្រាស់ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណា លោកថា លោកមិនបានដឹងថា កញ្ចប់ថវិកានោះមានចំនួនប៉ុន្មាននោះទេ។
បើទោះជាសេចក្ដីសម្រេចបង្កើតក្រុមការងារពិសេសថ្មីនេះត្រូវបានលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ហើយក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាលដែលជាថ្នាក់ដឹកនាំ និងសមាជិកមួយចំនួននៃក្រុមការងារពិសេសដែលទើបបង្កើតថ្មីនេះ បែរជាបាននិយាយប្រាប់ VOA ថា ពួកលោកមិនបានដឹងអំពីការបង្កើតក្រុមការងារនេះនៅឡើយ។
លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសនេះ បានឆ្លើយតបនឹង VOA យ៉ាងខ្លី នារសៀលថ្ងៃច័ន្ទនេះថា លោកមិនដឹងរឿងទេ។
លោកឧបនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់យ៉ាងខ្លីថា៖
«កុំមកសួរខ្ញុំ ខ្ញុំអត់ដឹងទេ»។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត ដែលជាអនុប្រធានប្រចាំការក្រុមការងារពិសេសនេះទេ ហើយការទាក់ទងតាមទូរស័ព្ទមិនមានអ្នកទទួល។ ដោយឡែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលមានឈ្មោះជាសមាជិកក្រុមការងារពិសេសនេះដែរ បានប្រាប់ VOA ថា លោកមិនទាន់ទទួលបានសេចក្តីសម្រេចដែលចេញកាលពីថ្ងៃទី៦ ខែកុម្ភៈនោះនៅឡើយទេ។
ប្រការ០៧នៃសេចក្តីសម្រេចនេះបញ្ជាក់ថា រដ្ឋមន្រ្តីគ្រប់ក្រសួង និងប្រធានគ្រប់គ្រងស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្ត និងសមាសភាពទាំងអស់ក្នុងក្រុមការងារនេះ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះហត្ថលេខា។
កន្លងមកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលទើបបង្កើតនៅក្រៅប្រទេស តែងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេស ចូលរួមប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក សម រង្ស៊ី ក៏បានអំពាវនាវផងដែរឲ្យកងទ័ពកុំស្ដាប់បញ្ជារដ្ឋាភិបាលកម្ពុជា បើសិនជាមានបញ្ជាឱ្យប្រើអំពើហិង្សាលើជនស៊ីវិល។
លោក មាស នី អ្នកវិភាគពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា លោកគាំទ្រ ប្រសិនបើរដ្ឋាភិបាលពិតជាត្រៀមថវិកាសម្រាប់ការពារព្រំដែនប្រាកដមែន។ ទោះយ៉ាងណា លោកបានលើកជាចម្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលទើបតែត្រៀមថវិកាការពារព្រំដែននាមុនការបោះឆ្នោតថ្នាក់ជាតិដែលនឹងខិតជិតចូលមកដល់ ហើយថា ហេតុអ្វីបានជារដ្ឋាភិបាលត្រៀមតែសម្រាប់ព្រំដែនឡាវ និងថៃ ដែលជាព្រំដែនរវាងប្រទេសមានពលករចំណាកស្រុកច្រើន ខណៈដែលវៀតណាមជាប្រទេសដែលតែងមានភាពរកាំរកូសតាមព្រំដែនជាញឹកញាប់ បែរមិនមានការត្រៀមការពារ។
លោក មាស នី មានប្រសាសន៍យ៉ាងដូច្នេះថា៖
«យើងឆ្ងល់ថា ចុះហេតុអីក៏ការត្រៀមហ្នឹង ទើបតែមានត្រៀមមុនពេលបោះឆ្នោត ដែលរដ្ឋាភិបាលច្រើនតែប្រកាសថា យើងកំពុងតែមានសន្តិភាពពេញលេញ។ ប៉ុន្តែដល់ឥឡូវនេះមកត្រៀមលក្ខណៈការពារព្រំដែនអីហ្នឹង យើងចេះតែឆ្ងល់ទៅ ថាតើវាអាចនឹងមានរឿងអីកើតឡើង? រដ្ឋាភិបាលគាត់មើលឃើញតម្រុយអី? ឬក៏គិតឃើញយ៉ាងម៉េច? អាហ្នឹងយើងក៏មិនហ៊ានថាទេ។ ក៏ប៉ុន្តែស្ងាត់ៗ ស្រាប់តែបង្កើតថវិកាហ្នឹងចេញមកហើយការពារតែព្រំដែនខាងលិច ហើយជាមួយនឹងព្រំប្រទល់ឡាវនេះ។ យើងក៏កើតជាចម្ងល់ដែរ ខ្ញុំមិនដឹងថា តើវាមានស្អីនៅខាងក្រោយ?»
ដោយបញ្ជាក់ពីមូលហេតុ ដែលថវិកានេះត្រៀមការពារតែតាមព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ មិនមានបញ្ជាក់ពីព្រំដែនកម្ពុជា-វៀតណាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបន្ថែមថា៖
«បើយើងប្រៀបធៀបស្ថានភាពប្រទេសថៃ និងប្រទេសឡាវ គឺមានស្ថានភាពខុសពីព្រំដែនជាមួយវៀតណាម ពីព្រោះព្រំដែនជាមួយវៀតណាម យើងបានបើកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលរួចស្រេច ក្នុងការពិនិត្យមើលខ្សែខណ្ឌសីមានេះ នៅក្នុងស្ថានភាពមួយសហការគ្នាយ៉ាងជិតស្និទ្ធ ហើយក៏អត់មានការប៉ះពារ ឬក៏ការប្រឈមនឹងសព្វាវុធ ឬការប្រឈមនឹងកងកម្លាំងប្រដាប់អាវុធអីទេ គឺអត់មានទេ ជាមួយវៀតណាម »។
កម្ពុជាធ្លាប់មានជម្លោះប្រដាប់អាវុធជាមួយថៃទាក់ទងការប្រទាញប្រទង់ដណ្ដើមតំបន់ក្បែរប្រាសាទព្រះវិហារឆ្នាំ២០០៨។ រីឯកាលពីឆ្នាំ២០១៧កន្លងទៅ កងទ័ពកម្ពុជាក៏បានប្រឈមមុខនឹងកងទ័ពឡាវមួយរយៈពេលខ្លី ទាក់ទាងការទាមទារការកាន់កាប់តំបន់ព្រៃធម្មជាតិលើបន្ទាត់ព្រំដែនប្រទេសទាំងពីរក្នុងខេត្តស្ទឹងត្រែង។
លោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀត ដែលកំពុងស្ថិតនៅក្រៅប្រទេស បានចាប់ផ្តើមបង្កើតចលនាសង្រ្គោះជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយអះអាងថា វាជាការតស៊ូដោយសន្តិវិធី តាមរយៈការរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស។ លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាព និងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ។
ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិនេះ គេឃើញមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេនគរបាលជាច្រើនរូប រួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម បានហៅចលនានោះថា ជា«ភេរវកម្ម» និងបានប្តេជ្ញាបង្រ្កាបចលនានេះ មិនឲ្យកើតមាននៅកម្ពុជាជាដាច់ខាត៕