ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ការបរទេស​អាមេរិក​ថា​អ្នកទិញ​មិនចង់​បាន​ទំនិញ​ចេញ​ពីការ​រំលោភ​សិទ្ធ​ការងារ

  • ហ៊ាន សុជាតា

លោកស្រី Sarah Fox (ឆ្វេង) តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិក ធ្វើ​ទស្សនកិច្ច​ផ្លូវការ​មក​កម្ពុជា​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ ទី០៤ ខែ​តុលា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោកស្រី ​​Sarah Fox ឲ្យ​ដឹង​ថា​ ​ការ​អនុវត្ត​សិទ្ធិ​ពលកម្ម​ការងារ​ ​ ដែល​មាន​ស្តង់ដា​ទទួលស្គាល់​ជាសកល​ ​អាច​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​មក​កម្ពុជា​ ដោយសារ​ពួកគេ​ចង់​វិនិយោគ​ក្នុង​ប្រទេស​ដែល​សិទ្ធិ​​ពលកម្ម​ការងារ​ ​​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ​។​

លោកស្រី​ Sarah Fox ​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​ពលកម្ម​អន្តរជាតិ​នៃ​សហរដ្ឋ អាមេរិក​ នា​ថ្ងៃ​អង្គារ​ ទី​១០​ ខែ​តុលា​នេះ​ បាន​អំពាវនាវ​ឲ្យ​កម្ពុជា​អនុវត្ត​តាម​ស្តង់ដា​ (បទដ្ឋាន)​ សិទ្ធិ​ពលកម្ម​ការងារ​អន្តរជាតិ​ ​ដែល​កំណត់​ដោយ​អង្គការ​ពលកម្មពិភព​លោក​ (ILO)។​

លោកស្រីឲ្យ​ដឹង​ថា​ ​ការ​អនុវត្ត​សិទ្ធិ​ពលកម្ម​ការងារ​ ​ ដែល​មាន​ស្តង់ដា​ទទួលស្គាល់​ជាសកល​ ​អាច​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​មក​កម្ពុជា​ ដោយសារ​ពួកគេ​ចង់​វិនិយោគ​ក្នុង​ប្រទេស​ដែល​សិទ្ធិពលកម្ម​ការងារ​ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ ​។​

«ខ្ញុំ​គិត​ថា​ជា​ទូទៅ​ នៅ​ពេល​ម្ចាស់​ម៉ាក​ផលិតផល​ធ្វើការ​សម្រេច​ចិត្តថា​តើ​គេ​គួរ​ដាក់​ផលិតផល​គេ​ឲ្យ​ផលិត​នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ គេ​ប្រាកដ​ជា​គិត​ដល់អ្វី​ដែល​នៅ​ពី​ក្រោយ​ការ​ផលិតនោះ​ជា​មិនខាន។​ ហើយ​ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​ទីផ្សារមួយ​នៃ​ទីផ្សារ​អន្តរជាតិ​ ​សម្រាប់​ផលិតផល​ម៉ាក​នោះ​ ការ​គោរព​សិទ្ធិពលកម្ម​ និង​ការងារ​ គឺ​ជា​រឿង​សំខាន់​ ដែល​កម្ពុជា​គួរ​បន្ត​ធ្វើ​កិច្ច​ការ​ទាំង​ឡាយ​ណា​ដែល​អាច​រក្សា​កេរ្តិ៍​ឈ្មោះ​ល្អរបស់​កម្ពុជាបាន​»។

លោកស្រី​ Sarah Fox ថ្លែង​បន្ត​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ ​យ៉ាងដូច្នេះ​ថា​៖​ «យើង​ជឿ​ថា​ការ​ប្រកាន់​ខ្ជាប់​ទៅ​នឹង​ស្ដង់ដារ​ពលកម្ម​អន្តរជាតិ​ គឺ​ជា​ចំណែក​សំខាន់​ណាស់​ក្នុង​ការ​ជួយ​កសាង​សង្គម​មួយ​ឲ្យ​កាន់​តែ​ប្រសើរ។ ការបែង​ចែក​នូវ​ផល​ចំណេញ​ ដើម្បី​រីក​ចម្រើន​ជាមួយ​គ្នានោះ ក៏ជា​ការ​រួម​ចំណែក​ជួយ​ឲ្យ​សង្គម​មួយ​មាន​ស្ថេរភាព​ សន្តិសុខ​ និង​សន្តិភាព​ផងដែរ​»។

​នៅក្នុងទស្សនកិច្ច​ផ្លូវការ​រយៈពេល​២ថ្ងៃ​នៅក្នុងប្រទេស​កម្ពុជា ​លោកស្រី​ Sarah Fox បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ តំណាង​ភាគី​និយោជក​ និង​តំណាង​កម្មករ​សហជីព ដើម្បីពិភាក្សា​អំពីការ​គោរព​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ និង​ដើម្បី​ស្វែង​យល់​ពី​បរិយាកាស​ពលកម្ម​ការងារ​នៅ​កម្ពុជា​។

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ឲ្យ​ដឹង​ថានៅក្នុង​ជំនួប​រវាង​តំណាងសហជីព​ និង​លោកស្រី Sarah Fox ​នេះ​ ​បាន​លើក​ភាព​ចម្រូង​ចម្រាស់​ចំនួន​៣​សំខាន់​។​

«ទី១​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​ឲ្យ​បានច្រើន ចំពោះ​អ្នកធំ​និងមន្ត្រី​ដែល​ជាខ្នង​បង្អែក​របស់​ក្រុម​ហ៊ុន​ធំៗ​ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​អាង​ ហើយ​មិន​គោរព​ច្បាប់​ដោយសារ​មាន​ខ្នង​បង្អែក​។ ទី២​ ចំពោះ​ច្បាប់សហជីព​ ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​ស្មើគ្នា​ និង​កែប្រែ​ចំណុច​ណា​ដែល​ជា​ឧបសគ្គ​ខ្លាំង​ដល់សហជីព​នោះ​ត្រូវធ្វើ​វិសោតនកម្ម​។ ទី៣​ ជំរុញ​ឲ្យ​តុលាការ​ដកបណ្តឹង ឬ​ដក​ការ​ចោទប្រកាន់​លើ​មេ​ដឹកនាំ​សហជីព​ ដែលគេ​ទុកចាំ​តែគំរាម​»។​

កាល​ពី​សប្តាហ៍​មុន​ ​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រកាសដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មា​ជា​ផ្លូវការ​ត្រឹម​១៥៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ខែ ​ ដល់​កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ​និង​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៧។​ ការ​ដំឡើងប្រាក់ឈ្នួលចំនួន​១៣​ដុល្លារ​បន្ថែម​សម្រាប់​ឆ្នាំ​២០១៧នេះ​ ធ្វើឡើង​ ក្រោយ ​មាន​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ត្រី​ភាគី​គឺ​ភាគី​រដ្ឋាភិបាល ​តំណាង​សហជីព​កម្មករ​ និង​តំណាង​និយោជក​ ព្រម​ទាំង​ការបន្ថែមប្រាក់ចំនួន​៥​ដុល្លារ​ទៀត​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។​

ជុំ​វិញ​ការ​តម្លើង​ប្រាក់ឈ្នួលអប្បបរមា​នេះ​ លោក​ អាត់​ ធន់ បាន​បន្ថែម​ថា​ ភាគី​សហជីព​ក៏បាន​លើក​ជា​សំណូមពរ​ដល់​រដ្ឋាភិបាល​តាមរយៈ​ ​លោកស្រី​ Sarah Fox ​ស្នើ​ឲ្យរដ្ឋាភិបាលទប់ស្កាត់​ការ​កើន​ឡើង​តម្លៃ​ទំនិញ​ទីផ្សារ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ចំណាយប្រចាំ​ថ្ងៃ​របស់​កម្មករ​។​

លោក​ ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ឲ្យ​ដឹង​ថា​នៅក្នុង​ជំនួប​ទ្វេ​ភាគីរវាង​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោក​ អ៊ិត សំហេង ​និង​លោកស្រី​ Sarah Fox ​នា​ព្រឹក​ថ្ងៃ​នេះ​ អ្នកទាំង​២​បាន​ពិនិត្យទៅ​លើ​ការ​វិវត្តន៍​នៃ​បរិយាកាស​ទូទៅ​ និងលក្ខខណ្ឌ​ការងារ​នៅកម្ពុជា​ រាប់​បញ្ជូល​ទាំង​ការ​អនុវត្ត​ច្បាប់សហជីព និង​ការ​តម្លៃ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​ផង​ដែរ​។​ ហើយ​លោកស្រី Sarah Fox ក៏​បាន​ពាំនាំ​កង្វល់​សំខាន់ៗ​ របស់​ភាគី​សហជីព​មក​ដល់ក្រសួង​ការងារ​ផងដែរ​។ ​

លោកហេង សួរ ​ឲ្យ​ដឹង​បន្ត​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្តជួយ​ជំរុញ​កម្ពុជាឲ្យ​គោរព​លក្ខខណ្ឌ​ការងារ ស្តង់ដា​អន្តរជាតិ​ថែម​ទៀត​ផង​។​

«សហរដ្ឋ​អាមេរិកគឺ​នឹង​បន្ត​គាំ​ទ្រកម្ពុជា​ ក្នុង​ការ​គោរព​លក្ខខណ្ឌ​ការងារ​ ស្តង់ដា​អន្តរជាតិ​នេះ​ ជំរុញ​ឲ្យ​អ្នក​វិនិយោគ​សហរដ្ឋ​អាមរិក​ ក៏ដូចជា​ប្រេន​ (យីហោ) ​មក​ពី​សហរដ្ឋ​អាមេរិកនេះ គឺ​នឹង​បន្ត​បញ្ជា​ទិញ​ពី​កម្ពុជាបន្ត​ទៀត»។​ ​

សហរដ្ឋ​អាមេរិក​ គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​លំដាប់​ទី​២នៅ​កម្ពុជា​ បន្ទាប់​ពី​សហភាព​អ៊ឺរ៉ុប សម្រាប់​ការ​នាំ​ចេញ​ផលិតផល​វាយន​ភណ្ឌពីកម្ពុជា ​ដែល​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រហែល​៧០ម៉ឺន​នាក់ និង​បង្កើត​ចំណូល​ជាង​៥​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។​

មុន​ពេល​លោកស្រី​ Sarah Fox ​តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ច​ការ​ពលកម្ម​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិករូប​នេះ បាន​មកដល់កម្ពុជា លោកស្រី​ក៏​បាន​ធ្វើ​ដំណើរ​ទៅកាន់ប្រទេស​ភូមាផងដែរ​។ នៅក្នុងប្រទេស​ភូមា​ លោកស្រី​ ក៏​បាន​ចូលរួម​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័​ន្ធ ដើម្បី​ជំរុញ​ការ​អនុវ​ត្តន៍សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​នៅ​ប្រទេស​ភូមា​ ជួយ​ធ្វើ​ទំនើបកម្ម​ដល់​ក្រម​ពលកម្ម​របស់​ប្រទេសភូមា​ និងជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​យ៉ាង​សកម្មរវាង​ភាគី​ពាក់ព័ន្ធ​ផងដែរ​៕​

XS
SM
MD
LG