ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​មនុស្សធម៌៖ ប្រទេស​មីយ៉ាន់ម៉ា​ត្រូវការ​ជំនួយ​ជា​បន្ទាន់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩


ពលរដ្ឋ​មីយ៉ាន់ម៉ា​ពាក់ម៉ាស់​ការពារ​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

អង្គការ​មនុស្សធម៌​ចំនួន ១៦ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ព្រមាន​អំពី «មហន្តរាយ​មនុស្សធម៌​រីករាលដាល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បង្ក​ឡើង​ដោយសារ​ការរីករាល​ដាល​ដ៏​ខ្លាំង​នៃករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា»។

សេចក្ដី​ថ្លែងការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២ ខែ​សីហា​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ការ ស្លាប់​ជាង​៦០​ភាគរយ​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​កើត​ឡើង​នៅ​តែ​នៅ​ក្នុង​ខែ​កក្កដា​ប៉ុណ្ណោះ ដោយ​មាន​ករណី​ឆ្លង​កើន​ឡើង​ទ្វេ​ដង​ក្នុង​រយ:ពេល​ពីរខែ​ចុង​ក្រោយ​នេះ»។

សេចក្តីថ្លែងការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹងថា៖ «មណ្ឌល​ថែទាំ​សុខភាព​ពី​ទីក្រុងKachin ទៅដល់​ទីក្រុងMandalay និង​ទីក្រុង​រ៉ង់ហ្គូន​នៅ​តែ​ត្រូវ​បាន​បិទ ខណៈ​ដែល​បុគ្គលិក​ថែទាំ​សុខភាព​ប្រឈម​នឹង​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង»។ វេជ្ជបណ្ឌិត​ជាង៤០០នាក់ និង​គិលានុបដ្ឋាយិកា​១៨០នាក់ ត្រូវ​បាន​គេ​ចេញ​ដីកា​ចាប់ខ្លួន​ចាប់តាំង​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២១​មក។

លោកស្រី Laura Marshall នាយិកា​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័រវែស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «សហគមន៍​ដែល​យើង​ធ្វើការ​ជាមួយ​កំពុង​អស់​សង្ឃឹម​និង​បាត់បង់​ជីវិត... ប្រជាពលរដ្ឋ​ចាំបាច់​ទទួលបាន​សុវត្ថិភាព ជំនួយ​មនុស្សធម៌​ និង​ការថែទាំសុខភាព​ឲ្យ​សមរម្យ​ក្នុង​ពេល​ឥឡូវនេះ»។

ចក្រភព​អង់គ្លេស​នឹង​ចាប់​ផ្តើម​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដូស​ទី៣​ដល់​ពលរដ្ឋ​អង់គ្លេស​ចំនួន​៣២​លាន​នាក់​ដោយ​ចាប់ផ្តើម​នៅ​ដើមខែ​កញ្ញា​ទៅ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Telegraph កាលពី​ថ្ងៃ​អាទិត្យ។ ការ​ចាក់​នេះ​នឹង​មាន​នៅ​តាម​ឱសថស្ថាន​ចំនួន​២​ពាន់។

មាន​ការឆ្លង​ចំនួន១៩៨.៣​លាន​ករណីនិង​ការស្លាប់​ចំនួន​ ៤ លាន ​២ សែន​នាក់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​សាកលវិទ្យាល័យ Johns Hopkins របស់​សហរដ្ឋ​អាមេរិក៕

(ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters)

XS
SM
MD
LG