បណ្តាទីក្រុងដែលរងគ្រោះដោយទឹកជំនន់នៅជិតទីក្រុង Valencia ភាគខាងកើតអេស៉្បាញ បានប្រញាប់ប្រញាល់កាលពីថ្ងៃអង្គារ ដើម្បីសម្អាតប្រព័ន្ធលូពោរពេញដោយភក់និងកំទេចកំទី ដាក់គំនរបាវខ្សាច់ និងបិទសាលារៀន ខណៈដែលពួកគេរៀបចំត្រៀមសម្រាប់ព្យុះមួយទៀត ដែលកំពុងខិតជិតមកដល់។
ពីរសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសអេស្ប៉ាញបានសម្លាប់មនុស្សជាង ២០០នាក់ សេវាអាកាសធាតុជាតិ AEMET បានចេញការជូនដំណឹងពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់បំផុតទីពីរសម្រាប់ភ្លៀងធ្លាក់ខ្លាំង ឬហូរជោកជាំដែលរំពឹងថាមកដល់នៅថ្ងៃពុធនៅក្នុងតំបន់ដូចគ្នា។
សេវាអាកាសធាតុជាតិ AEMET ព្យាករថា នឹងមានភ្លៀងធ្លាក់រហូតដល់ ១២០មីលីម៉ែត្រ ក្នុងរយៈពេល ១២ម៉ោង។ ខណៈពេលដែលព្យុះនេះមិនត្រូវបានគេរំពឹងថានឹងមានកម្លាំងខ្លាំងនោះ វាអាចនឹងបំផ្លិចបំផ្លាញខ្លាំង សម្រាប់ទីក្រុងដែលនៅកំពុងប្រឹងងើបពីគ្រោះទឹកជំនន់ឡើងវិញ។
អ្នកស្រី Rosa Tauris អ្នកនាំពាក្យគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់ទីក្រុង Valencia បានប្រាប់អ្នកយកព័ត៌មានថា ផលប៉ះពាល់នៃភ្លៀងអាចធ្ងន់ធ្ងរ ដោយសារតែបរិមាណនៃភក់នៅលើដី និងដោយសារតែស្ថានភាពនៃប្រព័ន្ធលូ។
កម្មកររាប់ពាន់នាក់កំពុងសម្អាតអគារ ខណៈពេលដែលយកភក់ដែលកកកុញនៅតាមដងផ្លូវ និងចិញ្ចើមផ្លូវ ហើយបានស្ទះបំពង់លូ នៅក្នុងទីក្រុងនិងជាយក្រុងជុំវិញទីក្រុង Valencia។
គណៈកម្មាធិការសង្គ្រោះបន្ទាន់បានចេញការព្រមានពិសេសមួយ ដោយស្នើឱ្យសាលាក្រុង និងអង្គការនានាចាត់វិធានការបង្ការ រួមទាំងការបិទសាលារៀនផងដែរ។
អ្នកស្រី Tauris បានផ្តល់អនុសាសន៍ឱ្យពលរដ្ឋធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងតាមដានការណែនាំថ្មីៗរបស់សេវាសង្គ្រោះបន្ទាន់៕
វេទិកាបញ្ចេញមតិ