ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​រុករក​សាកសព​បន្ទាប់ពី​ទឹកជំនន់​ដែល​សម្លាប់មនុស្ស​យ៉ាងតិច​ ១៥៨នាក់


បុរស​ម្នាក់​ឈរ​នៅ​ក្នុង​ចំណោម​រថយន្ត​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​គ្រោះ​ទឹក​ជំនន់​ថ្មីៗ​នេះ​ក្នុង​ក្រុង Valencia ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០២៤។
បុរស​ម្នាក់​ឈរ​នៅ​ក្នុង​ចំណោម​រថយន្ត​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​គ្រោះ​ទឹក​ជំនន់​ថ្មីៗ​នេះ​ក្នុង​ក្រុង Valencia ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​២០២៤។

ក្រុម​រុករក​បាន​ស្វែងរក​សាកសព​មនុស្ស​នៅ​ក្នុង​រថយន្ត និងនៅ​ក្នុង​អាគារ​ដែល​ត្រូវ​ជនលិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​មនុស្ស​បាន​ព្យាយាមយក​បាន​មកវិញ​នូវ​អ្វី​ដែល​ពួកគេ​អាច​ទទួល​បាន​ពី​ផ្ទះ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយទឹក​ជំនន់​ដ៏សាហាវ ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច​ណាស់ ១៥៨នាក់។ ​ក្នុងនោះមនុស្ស​ស្លាប់ ១៥៥នាក់ ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​តំបន់ Valencia តែ​មួយ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌ មាន AP។

សេចក្តីរន្ធត់​កាន់តែ​ច្រើន​ឡើង​ដែល​បាន​លេចចេញពី​កម្ទេច​បាក់បែក​និង​ស្រទាប់​ភក់ មាន​គ្រប់ទីកន្លែង​ដែល​បាន​បន្សល់​ទុក​តាម​ជញ្ជាំង​ទប់ទឹក​។ ហេតុការណ៍នេះ​ត្រូវបាន​ចាត់ទុកជា​មហន្តរាយ​ធម្មជាតិ​ដ៏​ប្រល័យមួយ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​។

ការខូចខាត​នេះ​បាន​ធ្វើ​ឱ្យ​នឹកឃើញ​ឡើង​វិញ​នូវ​គ្រោះ​រលក​យក្ស​ស៊ូណាមី ដោយ​អ្នក​នៅ​រស់រាន​មាន​ជីវិត​បានស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៅពេល​ដែល​ពួកគេ​កាត់ទុក្ខ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន។

រថយន្ត​បាន​គរ​លើ​គ្នា​ដូចជា​ដូមីណូ​ដួលរលំ ដើម​ឈើ​បាន​ដួល​ទាំង​ឫស​ បង្គោល​ភ្លើង​អគ្គិសនី​បាន​ដួលរលំ​ ហើយ​វត្ថុ​ប្រើប្រាស់​នៅ​ផ្ទះ​ទាំង​អស់បាន​ស្ថិត​នៅ​ក្នុង​ភក់​ដែល​គ្របដណ្តប់​លើ​ផ្លូវថ្នល់​ក្នុង​សហគមន៍​រាប់​សិប​នៅ​ក្នុង​តំបន់ Valencia ដែល​ជា​តំបន់​មួយ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Barcelona នៅ​ឆ្នេរ​សមុទ្រ​មីឌីទែរ៉ាណេ។

ចំនួន​មនុស្ស​ដែល​គេ​មិន​ដឹង​នៅ​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ ហើយ​ជនរងគ្រោះ​កាន់តែ​ច្រើន​ឡើង​អាច​ត្រូវ​គេ​រកឃើញ។

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អេស្ប៉ាញ​លោក Óscar Puente បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​មុនពេល​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ពី ៩៥នាក់​ កាលពី​យប់​ថ្ងៃ​ពុធ​ថា៖ «ជា​អកុសល មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​រថយន្ត»៕

XS
SM
MD
LG