ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​យ៉ាង​តិច​ ៩៥នាក់ បាន​ស្លាប់​នៅ​ក្នុងទឹក​ជំនន់​គំហុក​​ដ៏​ប្រល័យ​នៅ​ខាង​កើត​​អេស្ប៉ាញ


អ្នក​ស្រុក​មើល​រថយន្ត​ដែល​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង Valencia ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤។
អ្នក​ស្រុក​មើល​រថយន្ត​ដែល​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង Valencia ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២៤។

ទឹក​ជំនន់គំហុកក្នុង​តំបន់​ខាង​កើត​ប្រទេស​អេស្ប៉ាញ​បាន​ហូរ​អូស​រថយន្ត​ ប្រែក្លាយ​ផ្លូវ​ក្នុងភូមិ​នានា​ក្លាយ​ទៅជាទន្លេ បង្អាក់​ខ្សែ​រទេះភ្លើង​និង​ផ្លូវល្បឿនលឿន ហើយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ ៩៥នាក់​នៅ​ក្នុង​គ្រោះមហន្តរាយ​ធម្មជាតិ​ដ៏អាក្រក់​បំផុត​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេសក្នុង​តំបន់​អឺរ៉ុបមួយ​នេះ។

ព្យុះ​ភ្លៀង​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ហើយ​បាន​បន្ត​ចូល​មក​ដល់​ថ្ងៃ​ពុធ​ បាន​បណ្តាល​ឱ្យ​លេចលង់​តំបន់​ធំល្វឹងល្វើយ​នៅ​ផ្នែក​ខាង​ត្បូង​និង​ខាង​កើត​ប្រទេស​អេស្ប៉ាញ​ ដែលលាតសន្ធឹង​ពីតំបន់ Malaga ទៅតំបន់ Valencia។

ភ្លៀង​ដ៏​ខ្លាំងបាន​ធ្វើ​ឱ្យ​លេច​រថយន្ត​ដែល​កំពុង​បើក​ដ៏​លឿន​នៅ​តាម​ផ្លូវ ខណៈ​ដែល​ឈើ​បាន​អណ្តែត​ក្នុង​ទឹក​រួម​ជាមួយ​ឥវ៉ាន់​នៅ​តាម​ផ្ទះ។ ប៉ូលិស​និង​សេវា​ជួយ​សង្គ្រោះ​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​ដើម្បី​យក​មនុស្ស​ចេញពី​ផ្ទះ​របស់​ពួកគេ ​ហើយ​ទូក​កៅស៊ូ​បាន​ទៅ​ដល់​ពួក​អ្នក​បើកបរ​ដែល​បាន​ជាប់ខ្លួននៅ​លើ​ដំបូល​រថយន្ត។

លោក Ricardo Gabaldón អភិបាល​ក្រុង Utiel ក្នុង​តំបន់ Valencia បាន​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ជាតិ RTVE កាលពី​ថ្ងៃ​ពុធ​ថា៖ «ម្សិលមិញ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ»។

លោក​បាន​និយាយ​ទៀត​ថា ​ពួក​អ្នក​ស្រុក ៦នាក់​នៅ​ក្នុង​ទីក្រុង​របស់​លោក​បាន​ស្លាប់ ហើយ​ជា​ច្រើន​នាក់​ទៀត​នៅ​មិន​ទាន់​បាន​រាប់​នៅ​ឡើយ។

លោក​បាន​និយាយ​ទៀត​ថា៖ «យើង​ត្រូវ​បាន​ជាប់​អន្ទាក់​ដូចជា​កណ្តុរ​អញ្ចឹង។ រថយន្ត​និង​ធុង​សម្រាម​បានអណ្តែត​តាម​ផ្លូវ។ កម្ពស់​ទឹក​បាន​ឡើង​ដល់ ៣ម៉ែត្រ»។

ក្រុម​រុករក​បាន​ធ្វើការ​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់រាន​មាន​ជីវិត​និង​ជនរងគ្រោះ ដោយ​ចំនួន​រាប់​មិន​អស់​នៅ​បាត់ខ្លួន​នៅ​ឡើយ។ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​និយាយ​ថា​ ខ្លួន​នឹង​ប្រកាស​ការកាន់ទុក្ខ​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សម្រាប់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុងទឹក​ជំនន់​គំហុក​ដ៏​ប្រល័យ​នេះ៕

XS
SM
MD
LG