ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញនឹងមិនចូលរួមក្នុងសម្ព័ន្ធភាពដែលដឹកនាំដោយអាមេរិកនៅសមុទ្រក្រហមទេ


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​របស់​សហរដ្ឋអាមេរិក​លោក Lloyd Austin ថ្លែង​អំពី​សម្ព័ន្ធភាពដែលដឹកនាំដោយអាមេរិកនៅសមុទ្រក្រហម នៅក្រុង Manama នៃប្រទេស Bahrain កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ​របស់​សហរដ្ឋអាមេរិក​លោក Lloyd Austin ថ្លែង​អំពី​សម្ព័ន្ធភាពដែលដឹកនាំដោយអាមេរិកនៅសមុទ្រក្រហម នៅក្រុង Manama នៃប្រទេស Bahrain កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​អេស្ប៉ាញ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​មិន​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ក្រហម​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី (Houthi) នៅ​ក្នុង​ប្រទេស​យេមែន​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ក្រុម​ហ៊ូធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ច្រើន​សារ​លើ​ការ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ក្រហម​ដោយ​ពួកគេ​អះអាង​ថា​ដើម្បី​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីន​ក្នុង​អំឡុង​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់នៅ​តំបន់​ហ្កាហ្សា។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ប្រ ទេស​ចំនួន ២០ បាន​ចូលរួម​នៅ​ក្នុង​សម្ព័ន្ធភាព​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ការពារ​ផ្លូវ​ដឹក​ជញ្ជូន​សំខាន់​នៅ​សមុទ្រ​ក្រហម​នេះ។

រដ្ឋាភិបាល​អេស្ប៉ាញ​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ ហើយ​កាលពី​ថ្ងៃ​អាទិត្យ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អេស្ប៉ាញ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា អេស្ប៉ាញ «នឹង​មិន​ចូលរួម​នោះ​ទេ»។

ទោះបីជា​មិន​បាន​ផ្ដល់​មូលហេតុ​ណា​មួយ​ក៏ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេស្ប៉ាញ​បាន​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ការ​សម្រេច​មិន​ចូលរួម​នេះ​គឺ​ជំរុញ​ឡើង​ដោយ​នយោបាយ​ក្នុង​ប្រទេស។

នាយករដ្ឋមន្ត្រី​អេស្ប៉ាញ​លោក Pedro Sanchez កំពុង​បង្កើត​សម្ព័ន្ធភាព​មួយ​និង​ត្រូវការ​ការ​គាំទ្រ​ពី​គណបក្ស Sumar ដែល​ប្រកាន់​ទស្សនៈ​ឆ្វេង​និយម​ជ្រុល​ដែល​ប្រឆាំង​នឹង​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។

ក្រុម​ហ៊ូធី​បាន​ស្វាគមន៍​ជំហរ​របស់​អេស្ប៉ាញ ដោយ​អនុ​រដ្ឋមន្ត្រី​ការបរទេស​ក្រុម​នេះ​លោក Hussein al-Ezzi បាន​និយាយ​ថា៖ «យើង​សូម​សម្ដែង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បដិសេធ​របស់​អេស្ប៉ាញ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ធ្លាក់ចូល​ទៅ​ក្នុង​ការ​កុហក​របស់​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស​លើ​បញ្ហា​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​នេះ»។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ទោ Pat Ryder បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា កងកម្លាំង​សម្ព័ន្ធភាព​នេះ​នឹង «ដើរតួ​ដូចជា​កង​ល្បាត​តាម​ផ្លូវ​ល្បឿន​លឿន​ដូច្នេះ​ដែរ គឺ​ល្បាត​សមុទ្រ​ក្រហម​និង​ឈូង​សមុទ្រ​អាដេន (Gulf of Aden) ដើម្បី​ឆ្លើយតប​និង​ផ្ដល់​ការ​ជួយ​ជ្រោមជ្រែង​ប្រសិនបើ​ចាំបាច់​ដល់​កប៉ាល់​ពាណិជ្ជកម្ម​នានា​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ទឹក​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ»៕

XS
SM
MD
LG