ការធ្លាក់ចុះជាលំដាប់នៃសហភាពសូវៀតដែលបញ្ចប់ដោយការរលាយបាត់កាលពី២០ឆ្នាំមុន មានផលប៉ះពាល់យ៉ាងច្រើនបែបច្រើនយ៉ាងលើទ្វីបអាហ្រ្វិក។ ផលប៉ះពាល់ទាំងនោះរាប់ចាប់ពី ការណ៍ដែលបណ្តារដ្ឋាភិបាលនិងចលនានិយមលទ្ធិម៉ាក្សនិយម (Marxist) ត្រូវបាត់បង់មេកើយ រហូតដល់ការកើតជម្លោះថ្មីៗដែលពោរពេញដោយអាវុធ និងទាហានស៊ីឈ្នួលពីអតីតសហភាពសូវៀត។
ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ដែលត្រូវបានបកស្រាយដោយអ្នកវិភាគជាច្រើនថាជាល្បែងអុកភូមិសាស្រ្តរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដើម្បីធ្វើការសាយភាយ ឬទប់ស្កាត់ប្រព័ន្ធសង្គមនិយម ទ្វីបអាហ្រ្វិកកាលនោះមិនបានរួចពីអនុភាពសង្រ្គាមនេះទេ។
ប្រទេស អង់ហ្គោឡា (Angola) គឺជាឧទាហរណ៍មួយអំពីស្ថានភាពដែលពេលខ្លះអាចក្លាយទៅជាសង្រ្គាមស៊ីវិលអូសបន្លាយ។
អ្នកឈ្នះសង្រ្គាម និងពួកមេដឹកនាំអង់ហ្គោឡាតាំងពីបានឯករាជ្យពីប្រទេសព័រទុយហ្គាល់ (Portugal) ក្នុងឆ្នាំ១៩៧៥ សុទ្ធតែជាមនុស្សពី«ចលនាប្រជាជនរំដោះប្រទេសអង់ហ្គោឡា» (People's Movement for the Liberation of Angola) ដែលគាំទ្រដោយសូវៀត។
ក៏ប៉ុន្តែនៅពេលដែលកងទ័ពគុយបា គាំទ្រដោយសូវៀតចាកចេញទាំងស្រុងក្នុងឆ្នាំ ១៩៩១ ហើយពេលដែលសហភាពសូវៀតឈប់នាំចូលអាវុធ និងផ្តាច់ជំនួយរដ្ឋាភិបាលអង់ហ្គោឡាក៏បានលះបង់លទ្ធិម៉ាក្សនិយម (Marxism) ហើយរើសយកគោលនយោបាយទីផ្សារសេរីមកអនុវត្តវិញ។
Sousa Jamba អ្នកនិពន្ធជនជាតិអង់ហ្គោឡា និងជាអ្នកកាសែតរបស់កាសែត Semanario Angolense បាននិយាយថា ការផ្លាស់ប្តូរពីមនោគមវិជ្ជាសង្គមនិយមគឺភ្លាមៗហើយមិនដែលត្រូវបានគេពន្យល់ពីការផ្លាស់ប្តូរនេះឡើយ។
«នៅពេលមួយនោះ ពួកគេគឺជាអ្នកនិយមលទ្ធិម៉ាក្សយ៉ាងក្លៀវក្លា ហើយនៅពេលដែលសហភាពសូវៀតរលំទៅ អ្វីដែលគេនិយាយនោះគឺថា យើងក៏ត្រូវតែបំបាត់លិទ្ធិម៉ាក្សចោលផងដែរ។ សំណួររបស់ខ្ញុំកាលនោះគឺថា តើពួកគេជាអ្នកនិយមលទ្ធិម៉ាក្ស ដោយហេតុតែពួកគេជឿលើមនោគមវិជា្ជនេះ ឬក៏ការធ្វើជាអ្នកនិយមលទ្ធិម៉ាក្សក្នុងពេលនោះ គឺដើម្បីទទួលការគាំទ្រពីសហភាពសូវៀត? ខ្ញុំមិនដែលទទួលបានចម្លើយចំពោះសំណួរនេះទេ។»
នៅក្នុងប្រទេសផ្សេងៗដូចជាប្រទេសអេត្យូពី (Ethiopia) ពេលដែលសហភាពសូវៀតបញ្ឈប់ការគាំទ្រដល់រដ្ឋាភិបាល ពួកអ្នកដឹកនាំត្រូវបានគេបណ្តេញចេញពីអំណាចភ្លាមៗដែរ។ មេដឹកនាំផ្សេងទៀតដែលគំាទ្រដោយសូវៀតដូចជា Mathieu Kerekou របស់ប្រទេសបេណាំង (Benin) ទាត់ចោលលទ្ធិម៉ាក្សនិយម ហើយបានចាញ់ឆ្នោតក្នុងការបោះឆ្នោតពហុបក្ស។
រដ្ឋាភិបាលផ្តាច់ការប្រឆាំងលទ្ធិកុម្មុយនិស្តគាំទ្រដោយ សហរដ្ឋអាមេរិក និង បណ្តាប្រទេសអឺរ៉ុប ក៏បានងាកបន្តិចម្តងៗទៅរកការបោះឆ្នោតពហុបក្ស។
Leonard Wantchekon សាស្រ្តាចារ្យផ្នែកនយោបាយនៅសាកលវិទ្យាល័យ Princeton (ស.រ.អ.) ដែលមកពីប្រទេសបេណាំងនិយាយថា លទ្ធិប្រជាធិបតេយ្យពហុបក្សគឺជាការរីកចម្រើនមួយ ប៉ុន្តែវាក៏ជាការខកចិត្តមួយផងដែរសម្រាប់ប្រជាជនទ្វីបអាហ្រ្វិកជាច្រើន។
«ខកចិត្តនោះមិនមែនដោយសារការបោះឆ្នោតទេ តែខកចិត្តត្រង់ថាការបោះឆ្នោតនេះបានផ្លាស់ប្តូរអភិបាលកិច្ចនិងការអភិវឌ្ឍប្រទេសតិចតួចបំផុត»។
ការដួលរលំនៃសហភាពសូវៀតក្នុងទ្វីបអាហ្រ្វិកក៏ត្រូវបានបន្តដោយព្រឹត្តិការណ៍ដូចជា ការបាត់បង់ឥទ្ធិពលរបស់បុគ្គលិករដ្ឋាភិបាលនិងសកម្មជនប្រឆាំងដែលធ្លាប់សិក្សានៅសូវៀត ការសម្រុកធ្វើឯកជនភាវូបនីយកម្ម និងការពឹងផ្អែកកាន់តែខ្លាំងលើភ្នាក់ងារជំនួយបរទេសដើម្បីផ្តស់សេវាកម្មមូលដ្ឋានទាំងឡាយ។ លោក Jamba អ្នកយកព័ត៌មានជាតិអង់ហ្គោឡាយល់ថា អភិបាលកិច្ចក៏មានការចុះខ្សោយផងដែរ។
«ក្នុងប្រទេសមួយចំនួនទាំងនេះ អ្វីដែលយើងមានគឺជាប្រភេទមូលធននិយមដ៏អាក្រក់បំផុតមួយ ដែលប្រជាជនប្រើប្រាស់រដ្ឋដើម្បីលួចលុយ និងធនធានរបស់ប្រទេស»។
ក្រៅពីប្រទេសអង់ហ្គោឡា សង្រ្គាមត្រជាក់បានប្រព្រឹត្តទៅដំណាលគ្នានឹងចលនារំដោះខ្លះរបស់ជនជាតិជនស្បែកខ្មៅ ដែលចលនាខ្លះមានអំពើហិង្សា និងបណ្តាលឲ្យឈានដល់សង្រ្គាមស៊ីវិល ហើយចំណែកនៅក្នុងទ្វីបអាហ្រ្វិកខាងត្បូងវិញ សង្រ្គាមត្រជាក់មានឡើងដំណាលនឹងចលនាប្រឆាំងរដ្ឋាភិបាលជនស្បែកសភាគតិចដែលបានប្រឆាំងនឹងការផ្លាស់ប្តូរអស់ជាច្រើនឆ្នាំ។
Ibra Sene ប្រវត្តិវិទូជនជាតិសេណេហ្គាល់ (Senegalese) ធ្វើការនៅសាកលវិទ្យាល័យ Wooster ស.រ.អ. និយាយថា ថ្វីបើចលនាតស៊ូទាំងនោះភាគច្រើនបានបញ្ចប់ទៅជាមួយសង្រ្គាមត្រជាក់ក៏ដោយ ក៏នៅមានឥទ្ធិពលអវិជ្ជមានខ្លាំងខ្លះៗដែលនៅសេសសល់។
«នៅទីបញ្ចប់នៃសង្រ្គាមទាំងនោះ មានគំនរអាវុធដ៏ធំបានចរាចរជុំវិញទ្វីបទាំងមូល ហើយដើរតួយ៉ាងសំខាន់ក្នុងតំបន់ដែលមានកើតសង្រ្គាមថ្មីទៀត។ នេះជាបញ្ហាដ៏ធំមួយបន្ទាប់ពីសហភាពសូវៀត(ដួលរំលំទៅ)»។
ដោយសារអតីតទាហាននិងអ្នកបើកយន្តហោះសូវៀតបាត់បង់ការងារធ្វើ ពួកគេមួយចំនួនបានក្លាយជាទាហានស៊ីឈ្នួលបញ្ជាប្រើប្រាស់សព្វាវុធសូវៀតចាស់ៗនៅក្នុងជម្លោះថ្មីៗនៃទ្វីបអាហ្រ្វិកខាងលិច ដូចជានៅប្រទេសកូតឌីវ័រ (Ivory Coast) ឬ លីបេរីយ៉ា (Liberia)។
ជម្លោះផ្សេងៗដូចជាជម្លោះដែលកំពុងបន្តនៅភាគខាងកើតសាធារណរដ្ឋកុងហ្គោ (Democratic Republic of Congo) និងនៅសូម៉ាលី (Somalia) គឺនៅតែពោរពេញដោយអាវុធសស់ពីសង្រ្គាមត្រជាក់ ឬក៏អាវុធទទួលបានថ្មីៗពីឃ្លាំងសហភាពសូវៀត ហើយទាំងនេះស្តែងឲ្យឃើញថា ការដួលរលំរបស់អតីតមហាអំណាចពិភពលោកមួយនេះនៅតែមានឥទ្ធិពលនៅក្នុងទ្វីបអាហ្រ្វិករហូតដល់សព្វថ្ងៃនេះ៕
ប្រែសម្រួលដោយ ចាប ចិត្រា