ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានប្រកាសទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សានៅអាមេរិក ដែលមានឈ្មោះថាភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ ហៅកាត់ថា SEAYLP។
កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយស្ថានទូតសហរដ្ឋអាមេរិក និងការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ការទទួលពាក្យរបស់សិស្សនឹងធ្វើឡើងរហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
សេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងថា កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានបើកសម្រាប់សិស្សវិទ្យាល័យដែលមានអាយុចន្លោះពី១៥-១៧ឆ្នាំ និងអ្នកអប់រំទាំងអស់រួមមានគ្រូបង្រៀន ឬអ្នកដឹកនាំសហគមន៍ ដែលបច្ចុប្បន្នរស់នៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ និងឧត្តរមានជ័យ នៃប្រទេសកម្ពុជា។ កម្មវិធីផ្លាស់ប្តូរការសិក្សានេះ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំសិស្សវិទ្យាល័យ និងអ្នកណែនាំមនុស្សពេញវ័យមកពីប្រទេសសមាជិកអាស៊ានទាំងដប់សម្រាប់កម្មវិធីផ្លាស់ប្តូរដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិករយៈពេល៣សប្តាហ៍ ដែលផ្តោតលើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍយុវជន។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «កម្មវិធីនេះស្វែងយល់ពីបញ្ហាប្រឈមរួមគ្នាដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសសមាជិកអាស៊ានបានជួបប្រទះ ដូចដែលបានមើលឃើញតាមរយៈសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ការកសាងជំនាញសេដ្ឋកិច្ច និងការដឹកនាំសង្គម-វប្បធម៌។ អ្នកចូលរួមនឹងអភិវឌ្ឍជំនាញជាក់ស្តែងក្នុងការអភិវឌ្ឍន៍គម្រោង ការទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ខណៈពេលដែលចូលរួមក្នុងសកម្មភាពដោយផ្ទាល់ សិក្ខាសាលា និងការចុះមើលទីតាំង»។
លោក ហោ វិសាល អាយុ១៨ឆ្នាំ មកពីខេត្តបាត់ដំបង ដែលបានចូលរួមនៅក្នុងកម្មវិធីភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍(SEAYLP) ក្នុងឆ្នាំ២០២២ ប្រាប់វីអូអេថាកម្មវិធីធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបេក្ខជនដែលដាក់ពាក្យនៅក្នុងកម្មវិធីផ្លាប់ប្តូរការសិក្សានេះ ត្រូវចេះភាសាអង់គ្លេស និងធ្លាប់មានបទពិសោធន៍ធ្វើការងារនៅក្នុងសហគមន៍ជាដើម។
យុវជន វិសាល ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២រូបនេះបន្តថាបេក្ខជនដែលចូលរួមនៅក្នុងកម្មវិធីនេះនឹងទទួលបានការសិក្សាពីការផ្លាស់ប្តូរវប្បធម៌នៅក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់សហរដ្ឋអាមេរិកដោយផ្ទាល់ផងដែរ។ វិសាលបន្ថែមទៀតថាក្នុងអំឡុងពេលដែលចូលរួមកម្មវិធីបម្លាស់ប្តូរសិក្សានេះ លោកបានទទួលបទពិសោធន៍ និងជំនាញថ្មីៗជាច្រើនពីការងារសហគមន៍ក្នុងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «បេក្ខជនក៏ហ្នឹងទទួលបានបទពិសោធន៍ក្នុងការធ្វើការងារជាក្រុម ការងារស្ម័គ្រចិត្ត និងការងារសង្គមផ្សេងៗ ពីព្រោះនៅពេលដែលពួកយើងទៅដល់សហរដ្ឋអាមេរិកក្រុមការងារខាងនោះគាត់នឹងរៀបចំឱ្យពួកយើងចុះឈ្មោះធ្វើការងារសហគមន៍នៅក្នុងតំបន់នៅក្នុងប្រទេសអាមេរិកហ្នឹងផ្ទាល់តែម្តង ដែលមានដូចជាការដាំកូនឈើ ការខ្ចប់ចំណីដើម្បីយកទៅ Donate [បរិច្ចាគ] នៅតាមប្រទេសដែលក្រីក្រ ប្រទេសដែលកំពុងជួបផលវិបាកផ្សេងៗ»។
ចំណែកយុវតីមួយរូបទៀត គឺកញ្ញា លី គីមស្រ៊ង់ អាយុ១៧ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ ដែលបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាក្នុងឆ្នាំ២០២៣នេះ ក៏លើកឡើងស្រដៀងគ្នាថា នេះជាកម្មវិធីដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសមត្ថភាពរបស់យុវជន ដោយយុវជនទាំងអស់ដែលជាប់ក្នុងកម្មវិធីនេះ នឹងត្រូវចុះកម្មសិក្សាក្នុងសហរដ្ឋអាមេរិក រយៈពេល៣សប្តាហ៍ ដោយសិក្សាពីបញ្ហានានា និងដំណោះស្រាយដែលកើតក្នុងសហរដ្ឋអាមេរិក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានបញ្ហានយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ជាដើម។
យុវតី គីមស៊្រង់ បញ្ជាក់ថាកម្មវិធីនេះមានលក្ខខណ្ឌកំណត់តាមខេត្តគោលដៅ ប៉ុន្តែក្នុងឆ្នាំដែលនាងបានដាក់ពាក្យនោះមិនមានកំណត់តាមខេត្តគោលដៅនោះទេ ដែលជាហេតុធ្វើឱ្យរូបគេខិតខំដាក់ពាក្យរហូតបានជាប់ទៅធ្វើកម្មសិក្សានៅសហរដ្ឋអាមេរិក។
យុវតីវ័យ១៧ឆ្នាំដែលទើបតែបញ្ចប់ថ្នាក់ទី១២នេះ បន្ថែមទៀតថាក្រោយពីបានចុះកម្មវិធីផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកហើយ នាងបានធ្វើគម្រោងមួយហៅថាLIGHT UP ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងឱកាសនៃការទទួលបានអាហាររូបករណ៍ទៅសិក្សានៅក្រៅប្រទេសជាដើម។ គីមស៊្រង់បញ្ជាក់ដែរថាគម្រោងដែលបង្កើតឡើងនេះគឺទទួលបានជំនួយទាំងស្រុងពីសហរដ្ឋអាមេរិក។
កញ្ញាថ្លែងថា៖ «ពេលមកដល់ខ្មែរវិញ គេនឹងឱ្យយើងដឹកនាំគម្រោង ពេលដែលយើងទៅអាមេរិកហ្នឹង។ ដឹកនាំគម្រោង គឺដើម្បីដោះស្រាយតម្រូវការរបស់សហគមន៍នៅក្នុងខេត្តរបស់យើងដែលយើងទៅហ្នឹង បានន័យថាយើងទៅអាមេរិកហើយមកវិញយើងមានតួនាទី ដើម្បី Lead Project [ដឹកនាំគម្រោង] ដើម្បីដោះស្រាយបញ្ហាហ្នឹង ហើយគេឱ្យ Fund [ជំនួយ]»។
យ៉ាងណាមិញ យុវតី លី គីមស៊្រង់ ផ្តាំអ្នកដែលត្រៀមសម្រាប់ដាក់ពាក្យក្នុងកម្មវិធីនេះ ឱ្យស្វែងយល់ឱ្យច្បាស់ពីកម្មវិធី និងសរសេរពាក្យដាក់ឱ្យបានត្រឹមត្រូវ។
កញ្ញាថ្លែងថា៖ «ប៉ុន្តែខ្ញុំខំប្រឹងសរសេរ ហើយខ្ញុំគិតថាខ្ញុំធ្វើម៉េចឱ្យApplication [ទម្រង់សរសេរពាក្យ] ខ្ញុំហ្នឹង The Best [ល្អបំផុត] ខ្លាំងហ្មងឱ្យវា Standout [ពូកែ] ហើយពេលហ្នឹងយើងមិនបាច់ខ្វល់ពីគេពូកែមិនពូកែ គឺថាយើង Focus [ផ្តោតសំខាន់] ទៅលើ Application [ទម្រង់សរសេរពាក្យ]របស់យើងធ្វើម៉េចឱ្យវាល្អខ្លាំងបំផុតទៅបានហើយ»។
មន្ត្រីការទូតសាធារណៈ និងមន្រ្តីព័ត៌មានប្រចាំស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉ែលថាកម្មវិធីភាពជាអ្នកដឹកនាំ យុវជនអាស៊ីអាគ្នេយ៍(SEAYLP) គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្លាស់ប្តូរជាច្រើនរបស់សហរដ្ឋអាមេរិកដែលមានសម្រាប់ប្រជាជនកម្ពុជា។ កម្មវិធីនេះមានគោលបំណងផ្តល់ឱ្យសិស្សវិទ្យាល័យទទួលបានឱកាសធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍជំនាញ និងបទពិសោធន៍ជីវិតនៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
បើតាមមន្ត្រីប្រចាំស្ថានទូតសហរដ្ឋអាមេរិករូបនេះ កម្មវិធី SEAYLP បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៩ ហើយនិស្សិតកម្ពុជាប្រមាណ៨០នាក់បានចូលរួម។ ហើយជារៀងរាល់ឆ្នាំ មាននិស្សិតប្រមាណ៦០-៦៥នាក់ មកពីបណ្តាប្រទេសអាស៊ាន ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនេះ ។ លោកថាក្នុងឆ្នាំ២០២៤ខាងមុខ នឹងមាននិស្សិតកម្ពុជាចំនួន៥នាក់ និងអ្នកណែនាំម្នាក់ត្រូវជ្រើសរើសឱ្យចូលរួម។
លោក Wesley Holzer ប្រាប់វីអូអេតាមសារអ៊ីម៉ែលជាភាសាអង់គ្លេស និងបានប្រែសម្រួលជាភាសាខ្មែរថា៖ «កម្មវិធីនេះស្វែងយល់ពីបញ្ហាប្រឈម រួមគ្នាដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ប្រឈមមុខ ដូចដែលបានមើលឃើញតាមរយៈសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន៖ កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ ការកសាងជំនាញសេដ្ឋកិច្ច និងការដឹកនាំសង្គម-វប្បធម៌។ អ្នកចូលរួមអភិវឌ្ឍជំនាញជាក់ស្តែងក្នុងការអភិវឌ្ឍគម្រោង និងការប្រាស្រ័យទាក់ទងគ្នាដោយចូលរួមក្នុងសកម្មភាពដោយផ្ទាល់ ដូចជា សិក្ខាសាលា និងការចុះមើលទីតាំង និងការបង្កើតគម្រោង ដើម្បីដោះស្រាយតម្រូវការរបស់សហគមន៍របស់ពួកគេ នៅពេលពួកគេត្រឡប់ទៅផ្ទះវិញ»៕