ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​​​​តំបន់​អាស៊ី​អាគ្នេយ៍​បង្ក្រាប​សេរី​ភាព​សារព័ត៌មាន​បន្ថែម​ក្នុង​អំឡុង​ការរាល​ដាល​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ ក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋាភិបាលហ្វីលីពីនបានកាន់បដាធ្វើបាតុកម្មដើម្បីសាទរទិវាសេរីភាពសារព័ត៌មានសកលលោក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ក្រុមអ្នកប្រឆាំងតវ៉ានឹងរដ្ឋាភិបាលហ្វីលីពីនបានកាន់បដាធ្វើបាតុកម្មដើម្បីសាទរទិវាសេរីភាពសារព័ត៌មានសកលលោក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋាភិបាល​ក្នុង​ប្រទេសតំបន់​អាស៊ី​អាគ្នេយ៍​ ដែល​រួម​មាន​កម្ពុជា​ផង បានបង្កើន​ការរឹត​ត្បិត​សេរីភាព​សារព័ត៌មាន​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ តាម​រយៈ​ការបង្រ្កាប​លើ​អ្នក​សារ​ព័ត៌មាន ស្ថាប័ន​សារព័ត៌មាន និង​អ៊ីន​ធឺណិត ដោយ​ប្រើ​ហេតុផលទ​ប់ស្កាត់​ព័ត៌មាន​មិន​ពិត។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សារ​ព័ត៌មាន​ក្នុង​តំបន់។

សាកលវិទ្យាល័យ​ George Washington ​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​អនឡាញ​ជា​ក្រុម​ ពី​រដ្ឋធានីវ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ដោយ​មាន​វាគ្មិន​ចំនួន​បី​រូប​ មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បី​ពិភាក្សា​អំពី «​ការរាត​ត្បាត​ជា​សកល និងសេរីភាព​សារព័ត៌មាន​ក្នុង​បណ្តា​ប្រទេសអាស៊ី​អាគ្នេយ៍ និង​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់»។

ក្រុមវាគ្មិន​ទាំងនោះ​គឺមាន​លោក ​James Gomez ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អាស៊ី​មក​ពី​ប្រទេសថៃ មាន​លោក Adrian Ayalin ​អ្នក​សារព័ត៌មាន​ជាន់​ខ្ពស់​របស់​បណ្តាញ​ព័ត៌មាន ABN-CBS News ​មកពី​ប្រទេស​ហ្វីលីពីន ​និង​អ្នកស្រី Gayathry Venkiteswaran​ សាស្រ្តាចារ្យ​ជំនួយ​នៃ​សាកល​វិទ្យាល័យ ​Nottingham​ មកពី​ប្រទេស​ម៉ាឡេស៊ី​។

កម្មវិធី​ពិភាក្សា​នៅ​ព្រឹកថ្ងៃ​ទី​ ២៤ ខែ​កុម្ភៈ ម៉ោង​នៅ​កម្ពុជា ត្រូវបានសម្រប​សម្រួលដោយ​អ្នកស្រី Janet Steele នាយិកា​វិទ្យាស្ថាន​ George Washington ​សម្រាប់​កិច្ចការទូត​សាធារណៈ និង​ទំនាក់ទំនង​សកល ​ក្នុង​ពេល​ដែល​បណ្តាញ​ព័ត៌មាន​បាន​វាយ​ប្រហារ​ចំណាត់ការ​របស់​រដ្ឋាភិបាលក្នុង​តំបន់​ កិច្ចការ​គ្រប់គ្រង​និង​ការ​ដោះស្រាយ​វ៉ាក់សាំង​និង​ជំងឺកូវីដ១៩ ​ដែល​បាន​សម្លាប់​មនុស្សប្រមាណ​២លាន ៥សែន ​និងឆ្លង​ដល់​ទៅ​ ១១២ លាននាក់​ក្នុង​ពិភពលោក​ និង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​កំពុង​មានចំនួន​មនុស្ស​ស្លាប់​និង​ឆ្លង​កើនឡើង។

លោក James Gomez នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អាស៊ី​ នៅ​ទីក្រុង​បាងកក​ ប្រទេសថៃ​ ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​នោះ​ លើក​ឡើង​ថា ការរាល​ដាល​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រងផល​ប៉ះពាល់​លើ​ស្ថានភាព​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស សេរី​ភាព​សារព័ត៌មាន​ សេរីភាព​នៃ​ការ​ជួប​ជុំ និង​ការ​ប្រើប្រាស់​អ៊ីន​ធឺណិត​ជាដើម។

លោកបន្តថា រដ្ឋាភិបាលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដែលមានដូចជាមីយ៉ាន់ម៉ាវៀតណាម ថៃ និងកម្ពុជាជាដើម តែងប្រើប្រាស់ការបង្រ្កាបលើអ្នកសារព័ត៌មាន នៅពេលមានការផ្សាយរិះគន់ណាមួយពីការដឹកនាំរបស់ពួកគេ។

«រដ្ឋាភិបាល​ប្រទេស​ក្នុង​តំបន់​ពិត​ជា​ងាយ​ប្រតិកម្ម​ណាស់ ​នៅ​ពេល​ដែល​មាន​ការរិះគន់ ទាំង​អ្នក​រិះគន់​ជា​បុគ្គល ​ជាពិសេស​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៅពេល​មាន​ការគ្រប់​គ្រង​មិន​ត្រឹម​ត្រូវ​ណាមួយ ពាក់ព័ន្ធ​នឹងកូវីដ​១៩​ មិន​ថា​វា​ស្ថិត​នៅ​ក្នុង​លក្ខ​ខណ្ឌ​នៃ​ការឆ្លងវ៉ាក់សាំង ឬ​គ្រាន់តែ​ជា​ការគ្រប់គ្រង​ទូទៅ​នៃ​សេដ្ឋកិច្ចក្នុង​ស្ថានភាព​កូវីដ​១៩​»។

លោក​បាន​បន្ថែម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ថា ​ក្នុង​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ អ្នកសារ​ព័ត៌មាន​ក្នុង​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​នោះ ​បាន​រង​នូវ​ការ​ប្រើ​ហិង្សា ការ​គំរាម​កំហែង​ជា​សាធារណៈ ការ​មិន​ផ្តល់អាជ្ញា​បណ្ណ និង​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់។

ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch​ បង្ហាញអំពី​ស្ថានភាព​សេរីភាពសារព័ត៌មាន​ និង​ជន​ស៊ី​វិល ​ក្នុង​អំឡុង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ថា រដ្ឋាភិបាល​ថៃ​បាន​បង្ខំដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ដោយ​ប្រើលេស​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ ដើម្បី​កាត់បន្ថយ​សេរីភាព​នៃ​ការបញ្ចេញ​មតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ជាពិសេស​ការរិះគន់​អំពី​ការឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការរាត​ត្បាត​ជំងឺ​នេះ។

របាយការណ៍​ដដែលនោះ​បាន​បញ្ជាក់​ថា នៅ​ប្រទេស​ហ្វីលីពីន រដ្ឋាភិបាល​បាន​ឆ្លើយតប​ចំពោះជំងឺ​រាត​ត្បាត​កូវីដ​១៩​ ដោយ​មាន​ការប្រើ​ប៉ូលិស​ដែល​គាំទ្រ​ដោយ​យោធា ​ដែល​ជាហេតុ​បណ្តាល​ឱ្យមាន​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ការ​សម្លាប់​បាន​កើន​ឡើងខ្លាំង​ក្នុង​អំឡុង​ការ​រាល​ដាល​ជំងឺ​កូវីដ​១៩ រហូត​ដល់ជាង​ ៥០ ​ភាគ​រយ។ ចំណែក​អ្នក​សារព័ត៌មាន ​ក៏​ត្រូវ​រងការ​សម្លាប់ និង​ចាប់​ខ្លួន ព្រម​ទាំង​មាន​ការ​បិទ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ផង។​

រូបឯកសារ៖ មន្ត្រីយោធាវៀតណាមម្នាក់ឈរយាមក្បែររបងច្រកចូលមណ្ឌលធ្វើចត្តាឡីស័ក្តនៅមូលដ្ឋានយោធាមួយស្ថិតក្នុងខេត្ត Lang Son province ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ មន្ត្រីយោធាវៀតណាមម្នាក់ឈរយាមក្បែររបងច្រកចូលមណ្ឌលធ្វើចត្តាឡីស័ក្តនៅមូលដ្ឋានយោធាមួយស្ថិតក្នុងខេត្ត Lang Son province ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរ​វៀតណាម​បាន​ប្រើការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩ តាមរយៈ​ការតាម​ដាន​យ៉ាង​ជិត​ស្និទ្ធលើ​ការ​សាក​ល្បងយុទ្ធនាការ​សាធារណៈ​ទ្រង់ទ្រាយ​ធំ​ ស្តីពី​អនាម័យ​ ការបិទ​ព្រំដែន ​ការរក្សា​គម្លាត​សង្គមជាដើម​។ ប៉ុន្តែ​ យុទ្ធនាការ​ទាំង​នោះ​ត្រូវ​បាន​អង្គការ Human Rights Watch រាយ​ការណ៍​មកថា​ បាន​បង្កើន​ការរំលោភ​សិទ្ធិ ដែល​រួមមាន​ ការរឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ ការ​រំលោភ​សិទ្ធិ​ឯកជន និង​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេ​វាសង្គម និង​ការគាំទ្រ​ពីរដ្ឋាភិបាល។

ចំណែកនៅ​ប្រទេសមីយ៉ាន់ម៉ា ​អាជ្ញាធរ​នៅ​តែ​បន្ត​ប្រើប្រាស់​ច្បាប់​ដែលមា​ន​ពាក្យ​ពេចន៍​ហួស​ប្រមាណ និង​មិន​ច្បាស់​លាស់​ដើម្បី​ចាប់ខ្លួន ឃុំខ្លួន និង​កាត់ទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ អ្នកកាសែត និង​ប្រជាជន​សាមញ្ញ​ ពី​បទ​រិះគន់​រដ្ឋាភិបាល ឬ​យោធា ឬ​ចូលរួម​ការតវ៉ា​ដោយ​សន្តិវិធី។

រដ្ឋាភិបាល​ក៏​បាន​បិទ​មិន​ឲ្យ​មានការ​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​នៅ​ស្ទើ​រទូទាំង​ប្រទេស ​និង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ព្រមទាំងហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចេញ​យក​ព័ត៌មាន និង​មិន​ឲ្យ​កាសែត​បោះពុម្ព​ផ្សាយ​ជាដើម។ នេះ​បើតាម​របាយ​ការណ៍​របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch។

ចាប់​តាំង​ពី​មាន​ការ​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុង​ប្រទេស​ម៉ាឡេស៊ី​ អ្នកឃ្លាំមើល​បាន​អះអាងថា ​រដ្ឋាភិបាល​ប្រើប្រាស់​ច្បាប់​មួយ​ចំនួន ​ក្នុង​ការ​បង្រ្កាបអ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បានរឹតតិ្បត​សិទ្ធិ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​មន្រ្តី​រដ្ឋាភិបាល​ និង​មិន​ឲ្យ​សួរ​សំណួរ​ផ្សេងៗ​ ពាក់​ព័ន្ធ​នឹងការ​គ្រប់​គ្រង​ការ​រាត្បាត​ជំងឺ​កូវីដ​១៩​ ជាដើម។

អ្នកស្រី Gayathry Venkiteswaran​ សាស្រ្តាចារ្យ​ជំនួយ​នៃ​សាខា​សាកល​វិទ្យាល័យ ​Nottingham លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​នោះ​ ថា ​ស្ថានការណ៍​នៅ​ម៉ាឡេស៊ី​ស្រដៀង​គ្នានឹងការ​កាត់​បន្ថយ​និងការរឹតត្បិត​សេរីភាព​ព័ត៌មាន​ក្នុងតំបន់​ផង​ដែរ។

«ច្បាស់​ណាស់ វាត្រូវ​បាន​ដៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដោយសារ​ថា ​ការបោះឆ្នោត​ជិត​មក​ដល់​ហើយ​នៅ​ចុង​ឆ្នាំ​នេះ។ ដូច្នេះ​ វាជា​ស្ថានភាព​ងាយស្រួល​សម្រាប់​អ្នក​នយោបាយ​បច្ចុប្បន្ន​ដែល​កាន់​អំណាច​ ព្រោះ​វា​ផ្តល់​ឱ្យ​ពួកគេ​នូវ​កន្លែង​ជាច្រើន ​ដើម្បី​ធ្វើ​សកម្មភាព​សម្រាប់​ពួកគេ ដោយ​ការ​ប្រើការ​រាតត្បាត​ជំងឺ​កូវីដ​។ ហើយ​ក៏​បាន​ប្រើ​កូវីដ​ហើយ​ប្រើ​វា​ ដើម្បី​ដៅ​លើ​ជន​ដែលជាអ្នក​ធ្វើ​ការ​ដោយ​ឯករាជ្យ​ផង​ដែរ»។

លោក James Gomez ​បាន​ប្រាប់ VOA បន្ថែម​ក្រោយបញ្ចប់​កិច្ច​ពិភាក្សា​នោះ​ថា ជំងឺ​កូវីដ​១៩​ បា​ន​ធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពាក់ព័ន្ធ​នឹង​ការ​បិទអ៊ីនធឺណិត​ ការហាម​ឃាត់​ទីតាំង​ភូមិសាស្ត្រ​ជាក់​លាក់​នៃប​ណ្តាញ​សង្គម ការ​គាប​សង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដោយ​រដ្ឋាភិបាល​ការ​តាម​ដាន​លើ​ប្រព័ន្ធឌីជីថល និង​ការឃ្លាំ​មើល​ប្រជាពលរដ្ឋ​ ការខ្វះ​ខាត​ច្បាប់​ស្តីពី​សិទ្ធិ​ឯកជន​ និង​ការ​ប្រើ​ប្រាស់​ច្បាប់​ ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

នៅក្នុង​ប្រទេស​កម្ពុជា​វិញ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២០ ​លោក ​សុវណ្ណ រិទ្ធី ម្ចាស់​គេហទំព័រ​ TVFB​ ក៏​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន ហើយ​អាជ្ញា​ប័ណ្ណ​របស់​លោក ​ក៏​ត្រូវ​បាន​លុប​ចោល ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​របស់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ថ្លែង​ជា​សាធារណៈ​អំពី​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩។

ក្រសួង​ព័ត៌មាន​បាន​សម្រេច​ដក​អាជ្ញាបណ្ណ​របស់​ TVFB​ និង​ចោទ​ថា ​«ម្ចាស់​អាជ្ញា​បណ្ណ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដែល​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​សង្គម»។ ក្រោយ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង​ ៥ ​ខែ តុលាការ​បានដោះលែង​លោក​ពី​ពន្ធនាគារ កាល​ពី​ថ្ងៃទី៥ ​ខែតុលា ​ឆ្នាំ​២០២០ ។

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​ «ច្បាប់​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន»​ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ កាល​ពីចុង​ខែមេសា ឆ្នាំ​២០២០។ ​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ការ​ចែង​កម្រិត​សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ត្រង់​ចំណុច​ «ហាម​ឃាត់​ ឬ​កម្រិត​ការ​ចែក​ចាយ ​ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​សាធារណ​ជន ​ឬ​ចលាចល​ដែល​នាំ​ឲ្យ​ខូច​ខាត​ដល់​សន្តិសុខ​ជាតិ ​ឬ​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​អំពី​ស្ថានភាព​នៃ​ភាព​អាសន្ន»។​

ក្រោយមក​ទៀត​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យ​មួយ​ស្តី​ពី «​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ថ្នាក់​ជាតិ» ដោយតម្រូវ​ឲ្យ​មាន​ការ​ផ្តល់​របាយ​ការណ៍​ពី​អ្នក​ផ្គត់ផ្គង់​អ៊ីនធឺណិត​ដល់​រដ្ឋា​ភិបាល និង​ផ្តល់​ការ​សហការ​ក្នុង​ការ​ចូល​រួម​បង្រ្កាប​សកម្មភាព​ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ​និង​សណ្តាប់​ធ្នាប់។ ក្រុម​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​លើក​ឡើង​ថា អនុក្រឹត្យនេះ​ជា​ការ​ផ្តល់​អំណាច​កាន់​តែ​ច្រើន​ដល់​រដ្ឋា​ភិបាល ​ក្នុង​ការ​គ្រប់​គ្រង​អ៊ីនធឺណិត និង​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ។

លោក​ James Gomez ​បន្ថែមថា វិធី​ការពារ និង​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវបង្ហាញ​អំពី​ការយក​ចិត្ត​ទុក​ដាក់​ដល់​សហគមន៍​អន្តរជាតិ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​រាល់​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ ដែល​បង្ក្រាប​សេរីភាព​អ៊ីនធឺណិត​របស់​ប្រជាជន​ខ្លួន លើក​ទឹកចិត្ត​ដល់​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​ចូលរួម​សកម្ម​ក្នុង​ការ​ចាត់វិធានការ​ប្រកប​ដោយ​សុវត្ថិភាព។ សម្រាប់​កម្ពុជា ​លោក​លើកឡើង​ថា រដ្ឋាភិបាលកម្ពុជា​រឹតត្បិត​សេរីភាព​នៃការ​ប្រើប្រាស់​អ៊ីន​ធឺ​ណិត​ តាម​រយៈការ​បង្កើត​ច្រកទ្វារ​អ៊ីន​ធឺណិតជាតិ​ ដើម្បីបិទអ៊ីនធឺណិត និង​បន្ថយ​ល្បឿន​អ៊ីន​ធឺណិត។

ក្នុង​អំឡុង​នៃ​ការ​ឆ្លងរាល​ជំងឺ​កូវីដ​១៩​ ក្នុង​ប្រទេស​កម្ពុជា​អ្នកសារ​ព័ត៌មាន​តែង​ត្អូញ​ត្អែរ​អំពី​ផល​លំបាក​ក្នុង​ការចុះ​យក​ព័ត៌មាន និង​សម្ភាសន៍​មន្រ្តី​រដ្ឋាភិបាល។

លោក ​អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួររឹតត្បិតសេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញ​មតិ​ក្នុង​អំឡុង​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ ដោយប្រើប្រាស់​មូលហេតុ ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ទេ។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ខិត​ខំ​សហការ​ជាមួយ​អ្នក​ជំនាញ​ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ឲ្យ​បាន​ច្រើន ជាជាង​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ការ​រឹត​ត្បិត​សេរីភាព​ប្រជាពលរដ្ឋ។

«រដ្ឋាភិបាល​គាត់​គួរ​តែ​បើក​ចំហ​ព័ត៌មាន​ឲ្យ​កាន់​តែ​ទូលាយ ហើយ​សហការ​ជាមួយនឹងអ្នក​សារ​ព័ត៌​មាន​ ដែលមាន​វិជ្ជាជីវៈ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលល្អ គឺ​ព័ត៌មាន​ពិត​ហ្នឹង​ឲ្យ​កាន់​តែ​បាន​ទូលំ​ទូលាយ។ អញ្ចឹង​នៅពេល​ដែល​ប្រជា​ពលរដ្ឋ​គាត់​មាន​ទី​កន្លែង ឬ​ក៏​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន សម្រាប់​ឲ្យ​គាត់​ទៅ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ ដែល​គាត់​បាន​ឃើញ​នៅ​កន្លែង​ផ្សេង ​ដែល​សុទ្ធ​តែ​ជាព័ត៌មាន​ប្រឌិត​ហ្នឹង ​អីចឹង​អានេះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព»។

លោក​ មាស សុភ័ណ្ឌ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​ថា ការ​លើកឡើង​របស់​អ្នកជំនាញ​សារ​ព័ត៌មាន​ទាំង​នោះ​ គឺ​ជាការ​យល់​ឃើញ​របស់​បុគ្គល ដែល​លោក​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​នៅ​កម្ពុជា​នោះទេ។ លោក​បន្ត​ថា រដ្ឋាភិបាលកំពុង​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ដោយ​ប្រើប្រាស់​យន្ត​ការ​ច្បាប់​តែ​ប៉ុណ្ណោះ។​

«ការ​ដែល​យើង​រស់​នៅ​ក្នុង​គន្លង​ថ្មី ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នូវ​ជំងឺ​កូវីដ ​ដែល​ជា​ការការពារ​ខ្លួន​ឯង​ផ្ទាល់ ក៏​ដូចជា​ក្រុមគ្រួសារ ក៏​ដូចជាសហគមន៍ និង​ប្រទេស​ជាតិ​ទាំងមូល គឺ​វា​មិនមែន​ជា​ការ​រឹត​ត្បិត​សេរី​ភាព​សារព័ត៌មាន​ ជា​ការ​រឹត​ត្បិត​សេរី​ភាពរបស់​បុគ្គល​ទេ»។​

ទោះជា​យ៉ាងណាក្តី​ បើ​តាម​តួលេខ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​បង្ហាញឲ្យ​ដឹងថា​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​មេសា ​ឆ្នាំ​២០២០​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩​ ប្រមាណ ​៣០ ​នាក់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG