ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េខាងត្បូង​​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​​តូក្យូ​ដើម្បី​ចូលរួម​ជំនួប​កំពូល​ជាមួយ​​នាយករដ្ឋមន្ត្រី​ជប៉ុន


បាតុករ​​​តវ៉ា​ពី​​​​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​មុខ​ស្ថានទូត​ជប៉ុន​ក្នុង​​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២១។
បាតុករ​​​តវ៉ា​ពី​​​​លទ្ធភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in ទៅ​កាន់​ប្រទេស​ជប៉ុន នៅ​មុខ​ស្ថានទូត​ជប៉ុន​ក្នុង​​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២១។

ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តូក្យូ​នៅសប្ដាហ៍​នេះ​ដើម្បី​ជួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga ទេ។ ការណ៍​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ការទូត​ជប៉ុន​ម្នាក់​បាន​ធ្វើ​អត្ថាធិប្បាយ​ប្រមាថ​ដល់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង។

កាសែត Yomiuri របស់​ជប៉ុន បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រខាង​មុខ​នេះ​នៅ​ក្នុង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន ដោយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Moon នឹង​ចូលរួម​ក្នុង​ពិធី​សម្ពោធបើក​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ។

ក៏ប៉ុន្តែ វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្រោយ​មក​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ​នោះ​ទេ។

កាល​ពី​មុន​នេះ ក្រុម​មន្ត្រី​បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​សម្រេច​ចុង​ក្រោយ​លើ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​ហាក់​ដូចជា​សំដៅ​ដល់​អត្ថាធិប្បាយ​របស់​បេសកជន​ជាន់​ខ្ពស់​ម្នាក់​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ក្នុង​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

បេសកជន​ពិសេស​រូប​នោះ​ត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Hirohisa Soma ដែល​ជា​ភារធារី​ស្ថានទូត​ជប៉ុន។ លោក Soma ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រៀបប្រដូច​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ Moon ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ ទៅ​នឹង​ការ​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន​ក្នុង​អំឡុងពេល​នៃ​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់។

សេចក្ដីថ្លែងការណ៍​មួយ​ពី​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា ថ្វីត្បិត​តែ​កិច្ច​ប្រជុំ​កំពូល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​យល់យោគ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង «កម្រិត​ខ្ពស់» ក៏​ដោយ ក៏​ទំហំ​នៃ​ការ​វិវឌ្ឍ​ទៅ​មុខ​ហាក់​ដូចជា«មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ»ដើម្បី​ធានា​នូវ​សមិទ្ធផល​ដ៏​ជោគជ័យ​មួយ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap៕

(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters)

XS
SM
MD
LG