មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកូរ៉េខាងត្បូងលោក Lee Jae-myung ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ ពាក់ព័ន្ធនឹងគម្រោងការផ្ទេរប្រាក់ទៅកាន់ប្រទេសកូរ៉េខាងជើង។
ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់លោក Lee ថាបានសុំឱ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់ Ssangbangwool Group ផ្ទេរប្រាក់ចំនួន៨លានដុល្លារដោយខុសច្បាប់ ទៅឱ្យប្រទេសកូរ៉េខាងជើង រវាងពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០ នៅពេលដែលលោកនៅធ្វើជាអភិបាលខេត្ត Gyeonggi នៅភាគពាយ័ព្យប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា អភិបាលរងខេត្តរបស់លោក Lee គឺលោក Lee Hwa-young ត្រូវបានកាត់ទោសកាលពីសប្តាហ៍មុន ឱ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំកន្លះ ក្នុងការពាក់ព័ន្ធជាមួយនឹងគម្រោងការផ្ទេរប្រាក់ខុសច្បាប់នេះ។ ក្រុមរដ្ឋអាជ្ញានិយាយថា លោក Lee Hwa-young បានផ្ទេរប្រាក់នេះដើម្បីជំរុញកម្មវិធីពាណិជ្ជកម្មមួយក្នុងប្រទេសកូរ៉េខាងជើង ដែលគាំទ្រដោយខេត្ត Gyeonggi និងបានជួយសម្រួលដល់ផែនការធ្វើទស្សនកិច្ចរបស់លោក Lee Jae-myung ទៅកាន់ទីក្រុងព្យុងយ៉ាងផងដែរ។
លោកLee Jae-myung ដែលជាមេដឹកនាំនៃគណបក្សប្រជាធិបតេយ្យ បានឡើងសវនាការរួចហើយនៅក្នុងបទចោទប្រកាន់ពុករលួយផ្សេងទៀត ដែលរួមមានការពាក់ព័ន្ធនឹងរឿងអាស្រូវអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងអំឡុងពេលដែលលោកកាន់តំណែងជាអភិបាលក្រុងមួយនៅជិតរដ្ឋធានីសេអ៊ូល។
សមាជិករដ្ឋសភាសេរីនិយមរូបនេះ បានចាញ់ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងក្នុងសំឡេងប្រកៀកប្រកិតទៅលោក Yoon Suk Yeol ដែលជាបេក្ខជនអភិរក្សនិយម។ លោកត្រូវបានគេគិតថា នឹងក្លាយជាបេក្ខជននាំមុខដើម្បីឆ្ពោះទៅកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង នៅពេលដែលការដឹកនាំតែមួយអាណត្តិរបស់លោក Yoon នឹងចប់នោះ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters.