ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង​នឹង​ធ្វើ​សកម្មភាព​​យោធា​នៅ​តាម​ព្រំដែន​​ឡើង​វិញ​ ក្រោយ​ពីកូរ៉េខាង​ជើង​បង្ហោះបាឡុង​ជា​​​ច្រើន​​​ចូល​កូរ៉េខាង​ត្បូង


រូបឯកសារ៖ ទាហានកូរ៉េខាងត្បូងពាក់មួកសុវត្ថិភាព រៀបចំខ្លួនឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា ខណៈដែលទាហានកងទ័ពកូរ៉េខាងជើងឈរនៅខាងក្នុងតំបន់គ្មានយោធានៅទីក្រុង Cheorwon នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨។
រូបឯកសារ៖ ទាហានកូរ៉េខាងត្បូងពាក់មួកសុវត្ថិភាព រៀបចំខ្លួនឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា ខណៈដែលទាហានកងទ័ពកូរ៉េខាងជើងឈរនៅខាងក្នុងតំបន់គ្មានយោធានៅទីក្រុង Cheorwon នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៨។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ផ្អាក​កិច្ចព្រមព្រៀង​ទាំង​ស្រុង​មួយជា​មួយកូរ៉េខាងជើង ​ដែល​បាន​ប្រើ​ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយភាព​តានតឹង​ជា​មួយ​ប្រទេសនេះ​ ដោយអនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បន្តធ្វើ​ឡើង​វិញ​នូវ​សកម្មភាព​យោធានៅ​តាម​បណ្តោយ​ព្រំដែននៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ។ ​នេះបើតាម​ការបញ្ជាក់​របស់​មន្ត្រី​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​កាលពីថ្ងៃ​អង្គារ។ ​

ការសម្រេច​នេះ ដែល​ត្រូវ​បាន​យល់ព្រម​ដោយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ លោក Yoon Suk Yeol គឺ​ជា​ផ្នែក​មួយ​នៃការ​ឆ្លើយ​តប​របស់​ខ្លួន ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្ហោះ​បាឡុង​ជា​ច្រើន​គ្រឿង​ដែល​ផ្ទុក​ដោយកាក​សំណល់​សម្រាម​និង​លាមកមក​លើប្រទេស​កូរ៉េខាង​ត្បូង​នោះ។

ការ​សម្រេច​នេះ​នឹង​ផ្តល់​ដល់​កងយោធា​កូរ៉េខាង​ត្បូង​អាច​ធ្វើ​សមយុទ្ធយោធារបស់​ខ្លួន​ឡើង​វិញ​ ដែល​ក្នុង​នោះ​ក៏​មាន​សម​យុទ្ធបាញ់​គ្រាប់ពិត​ផង​ដែរ​នៅ​តាម​បណ្តោយ​ព្រំដែន និង​នៅ​ជិត​កោះ​ជួរមុខ​នានា​របស់​ខ្លួន។ ការ​សម្រេច​នេះ​ក៏នឹងអនុញ្ញាត​ឱ្យ​ដាក់​ឧបករណ៍​បំពង​សំឡេង​ធំៗ​ ដែល​ជា​ការ​ផ្សព្វផ្សាយ​ការឃោសនាទៅ​កាន់​កូរ៉េខាង​ជើង​ឡើង​វិញ​ផង​ដែរ។​

ភាព​តានតឹង​អន្តរកូរ៉េ​បាន​កើន​ឡើងកាល​ពី​សប្តាហ៍​មុន​ ក្រោយ​ពីកូរ៉េខាង​ជើងបាន​បង្ហោះ​បាឡុង​រាប់រយ​គ្រឿង​ ដែល​ផ្ទុក​ពេញ​ដោយ​កាកសំណល់​សម្រាម​និង​លាមក​ មក​ទម្លាក់​នៅតាម​ដងផ្លូវ​មមាញឹក​នានា​ និង​នៅ​តាមមុខ​ផ្ទះ​របស់​ពលរដ្ឋ​កូរ៉េខាង​ត្បូង​ ក៏​ដូច​ជា​នៅ​តាមកន្លែង​សាធារណៈ​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កូរ៉េខាង​ត្បូង​ផង​ដែរ។​ ​

ប្រទេស​កូរ៉េ​ខាង​ជើង​និយាយ​ថា​ បាឡុង​របស់​ខ្លួន​ដែលផ្ទុក​ដោយ​កាកសំណល់សម្រាមទាំង​នោះ​ ជា​ការ​សងសឹក​ដល់​ប្រទេស​កូរ៉េខាង​ត្បូង ក្រោយ​ពីសកម្មជន​សិទ្ធិមនុស្សដែល​ល្បី​ឈ្មោះ​មួយ​រូប​ ដែលមាន​ការិយាល័យ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​ បាន​បង្ហោះ​បាឡុង​របស់​ខ្លួន​ជា​ច្រើន​គ្រឿង ​ដែល​ភ្ជាប់​ជា​មួយ​នឹង​សារ​ឃោសនា​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ក៏​ដូច​ជា​ខ្លឹមសារ​វប្បធម៌​ទាន់សម័យរបស់​កូរ៉េខាង​ត្បូង​ទៅ​ក្នុង​ប្រទេសកូរ៉េខាងជើង​។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពីថ្ងៃ​អង្គារ យោធា​កូរ៉េខាង​ត្បូង​និយាយ​ថា​ សកម្មភាព​របស់​កូរ៉េខាង​ជើង​ ជា​ការគំរាមកំហែងយ៉ាង​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ប្រជាជន​កូរ៉េខាង​ត្បូង​ និង​បាន​ប្តេជ្ញាចិត្ត​ធ្វើការ​សងសឹក​ដ៏ចាស់​ដៃ​មួយ​តប​វិញ​ រាល់​អំពើបង្កហេតុ​ណា​មួយ​ក្នុង​ពេល​អនាគត​របស់​កូរ៉េ​ខាង​ជើង​៕

XS
SM
MD
LG