ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណង​ទំនាក់​ទំនង​រវាង​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​​រង្គោះ​រង្គឺ​ដោយសារ​ជម្លោះ​កម្មវិធី Line


រូបឯកសារ៖ បាតុករកូរ៉េខាងត្បូង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ជប៉ុន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទូរស័ព្ទ Line នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ បាតុករកូរ៉េខាងត្បូង​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ជប៉ុន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទូរស័ព្ទ Line នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

ទំនាក់ទំនង​រវាង​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ដ៏ផុយស្រួយ ត្រូវបាន​ប៉ះពាល់​ម្តង​ទៀត​ បន្ទាប់​ពី​អ្នក​នយោបាយ​កូរ៉េខាងត្បូងបាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​តូក្យូថា បាន​ដាក់សម្ពាធ​មិនសមរម្យ​លើ​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង ​ឲ្យ​លក់​ភាគហ៊ុន​ខ្លួន​នៅ​ក្រុម​ហ៊ុន Line ដែល​ជា​កម្មវិធី​បណ្តាញ​សង្គម​ល្បី​នៅ​ជប៉ុន។​

កម្មវិធី Line ដែល​ដំបូង​ជាកម្មវិធី​ផ្ញើរ​សារ ប៉ុន្តែពេល​នេះ​ត្រូវបាន​ប្រើ​សម្រាប់​គ្រប់សេវាកម្ម​តាំង​ពី​ការ​បង់​ប្រាក់ និង​ការ​ចែក​រំលែក​វីដេអូ គឺ​គ្រប់គ្រង​ដោយក្រុម​ហ៊ុន LY Corp.​ ជា​ក្រុមហ៊ុន​បណ្តាក់​ទុនរួមគ្នា​រវាង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េខាងត្បូង Naver ​និង​ក្រុម​ហ៊ុន Softbank របស់​ជប៉ុន​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុងតូក្យូ។

អ្នក​តាក់តែង​ច្បាប់​ជប៉ុនបាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ LY Corp.​ បន្ថយ​ការ​ពឹង​ផ្អែក​របស់​ខ្លួន​លើ​ក្រុមហ៊ុន​ Naver បន្ទាប់​ពី​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង​នេះបាន​ប្រឈម​នឹង​ការ​វាយប្រហារតាម​អ៊ីនធឺណិត​ដែល​បណ្តាល​ឲ្យ​មាន​ការ​បែក​ធ្លាយ​ទិន្នន័យ​ដ៏​ធំ​ រួម​មាន​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​កម្មវិធី Line។

ខណៈដែល​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ជប៉ុន​ មិនមាន​ចំណង​ផ្លូវច្បាប់ អ្នក​វិភាគ​នានា​និយាយ​ថា ​សេចក្តីថ្លែង​ការណ៍ «ការណែនាំ​រដ្ឋបាល​» មាន​ទម្ងន់ខ្លាំង​លើ​សហគមន៍អាជីវកម្ម​ជប៉ុន។ ក្រុមហ៊ុន Naver ខ្លួន​ផ្ទាល់​ក៏​បាន​បញ្ជាក់​ថា ​ខ្លួន​កំពុង​ពិចារណា​ «គ្រប់​ជម្រើស» ទាំងអស់​រួម​មាន​ការ​លក់​ភាគ​ហ៊ុន​ខ្លួន​ដែល​គ្រប់គ្រង​ក្រុមហ៊ុន LY Corp.។

ទោះ​បី​ជា​មន្ត្រី​ជប៉ុន​និយាយ​ថា ​សកម្ម​ភាពពួកគេ​បង្កដោយ​ការ​បារម្ភផ្នែក​សន្តិសុខ​ព័ត៌មាន​ អ្នក​នយោបាយ​កូរ៉េខាង​ត្បូង​ និងអ្នក​សាព័ត៌មាន​ប្រកែក​ថា​ វិធានការ​នេះ​រំខាន​ដល់​ការ​វិនិយោគ​បរទេស​នៅ​កូរ៉េខាងត្បូង​ និង​ការរំលោភ​លើ​អធិបតេយ្យភាព​ឌីជីថល​របស់​កូរ៉េខាង​ត្បូង។​

ជម្លោះ​នេះបង្កើនសម្ពាធ​នយោបាយ​លើ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ លោក Yoon Suk Yeol ​ដែល​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធជាមួយ​ជប៉ុន ដែល​ជា​អតីត​មេដឹកនាំ​អាណានិគម​របស់​កូរ៉េ ប៉ុន្តែគណបក្ស​អភិរក្ស​និយម​ជប៉ុន​បាន​ចាញ់​ការ​បោះឆ្នោត​កាលពី​ខែ​មុន។

លោក Yoon ​និយាយ​ថា​ កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​ជាង​មុន​ជាមួយ​ជប៉ុន​ គឺ​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​រួមដូចជា​កូរ៉េខាងជើង។​ ប៉ុន្តែគណបក្ស​ឆ្វេង​និយម​របស់​កូរ៉េខាងត្បូង​ចោទប្រកាន់​ លោក Yoon ថាមានការ​សម្រុះ​សម្រួល​ពេក ដោយ​និយាយ​ថា​ ជប៉ុន​គួរតែ​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បីប៉ះប៉ូវ​ចំពោះ​ការកាន់កាប់​ប្រទេសកូរ៉េ​ដ៏ឃោរឃៅ​របស់​ខ្លួនពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។​

ប្រតិកម្ម​តបតយ៉ាង​ខ្លាំង

អ្នក​នយោបាយ​កូរ៉េខាងត្បូង​ដ៏លេចធ្លោ​បបាន​លើក​យក​បញ្ហា​កម្មវិធី Line ដ៏​ចម្រូងចម្រាស​នេះមក​វាយប្រហារ​ លោក Yoon ដោយ​និយាយ​ថា ​វា​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ «ការចុះ​ចាញ់​ផ្នែក​ការទូត»​ របស់​លោក ​និង​ភ្ជាប់​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង​ដ៏ឈឺចាប់​ជាមួយ​នឹង​ជប៉ុន។​

នៅ​ក្នុង​សារ​មួយ​លើបណ្តាញ​សង្គម Facebook លោក Lee Jae-myung​ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​កូរ៉េខាងត្បូងដែល​ជា​បក្ស​ជំទាស់​ បាន​កត់សម្គាល់​ថា ​មន្ត្រី​ទំនាក់ទំនង​ជប៉ុន​ដែល​បាន​ចេញ​សេចក្តី​ណែនាំ​គឺជា​អ្នក​បន្តវេន​ពី​អតីត​មន្ត្រី​កំពូល​ម្នាក់​ ដែល​បាន​ជួយចាត់ចែង​អាណានិគម​របស់​ជប៉ុន​លើ​កូរ៉េ។​

លោក​ Lee បាន​និយាយ​ថា៖ «នៅពេល​ដែល​លោក Ito Hirobumi ​[អតីត​មេទ័ព​ជប៉ុន​ប្រចាំ​ប្រទេស​កូរ៉េ]បាន​ឈ្លាន​ពាន​ដែនដីប្រទេស​យើង កូន​ចៅ​របស់​គាត់​កំពុង​ឈ្លាន​ពានដែន​អ៊ីនធឺណិត​របស់​យើង»។​

ដើម្បី​តបត​នឹង​អ្វី​ដែល​លោក​និយាយ​ថា​ជា​ការ​ឆ្លើយ​តប​ទន់ខ្សោយ​របស់​ លោក Yoon ​លោក Cho Kuk ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និង​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​ទៀត​គឺគណបក្ស Rebuilding Korea ដែលនិយាយ​ចំៗ​ បាន​ធ្វើ​ទស្សនកិច្ច​កាលពី​ពាក់កណ្តាល​ខែ​ឧសភា​នៅ​កោះ​មួយ​ចំនួន ​ដែល​ត្រូវបាន​ទាមទារ​កាន់កាប់​ដោយ​កូរ៉េខាងត្បូង​និង​ជប៉ុន។

នៅ​ក្នុង​ការថ្លែង​ដ៏ក្តៅ​គគុក​មួយ ​លោក Cho ​បាន​ចោទប្រកាន់​រដ្ឋ​បាលលោក Yoon ថា​បាន​ «ថ្វាយ​បង្គុំ​ជប៉ុន» ហើយ​បាន​និយាយ​ថា ​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ស្ថិតក្រោម​អាណានិគម​ជប៉ុន​ម្តងទៀត។

​ដំណើរ​ទស្សនកិច្ច​របស់​លោក Cho ទៅ​កោះ​ដែល​នៅ​ក្នុង​ភាសាកូរ៉េ​មាន​ឈ្មោះ​ថា Dokdo និងក្នុង​ភាសា​ជប៉ុន​ឈ្មោះ​ថា​ Takeshima បាន​ចាប់​ផ្តើម​ដោយ​មាន​សារតានតឹង​រវាង​មន្ត្រី​ជប៉ុន​និង​កូរ៉េខាងត្បូង។​

បន្ទាប់​ពី​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ដោយ​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​នោះ​គឺ« មិនអាចទទួល​យក​បាន​ទាល់តែ​សោះ» ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​បាន​ច្រាន​ចោល​បណ្តឹង​នោះ​ និង​បាន​រិះ​គន់​ការ​ទាមទារ​កាន់កាប់​លើ​កោះ​របស់​ជប៉ុន​ថា​ «មិនយុត្តិធម៌»។

ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​បា​សន្យា​ថា ​នឹង​ឆ្លើយ​តប​ដោយ «រឹងមាំ​និង​ម៉ឺងម៉ាត់» ​ទៅ​កាន់​វិធានការ​អយុត្តិធម៌​ណា​ប្រឆាំង​នឹង​ក្រុមហ៊ុន​កូរ៉េខាងត្បូង ប៉ុន្តែសោកស្តាយ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​ប្រើ​ជម្លោះ​នេះ​ដើម្បីញុះ​ញង់ឲ្យមាន «ការប្រឆាំង​នឹង​ជប៉ុនដែល​បំផ្លាញ​ដល់​ប្រយោជន៍​ជាតិ»។​

ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​សេអ៊ូល​មិនបាន​ឆ្លើយ​តប​ការ​សុំ​អត្ថាធិប្បាយ​នោះ​ទេ។

ការ​ប្រតិកម្មស្ងាត់ស្ងៀម​នៅជប៉ុន

នៅ​ក្នុង​ប្រទេស​ជប៉ុន​ ជម្លោះ​កម្មវិធី​ Line និ​ងក្រុមហ៊ុន Naver ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​តិច​តួច​ នេះ​បើ​យោង​តាម​លោក Jeffrey J. Hall ​អ្នក​ជំនាញ​នយោបាយ​ជប៉ុន​នៅ​សាកលវិទ្យាល័យ Kanda ​សម្រាប់​ការ​សិក្សា​អន្តរជាតិ។​

លោក​ Hall ​បាន​និយា​ថា​៖ «សារព័ត៌មាន​ជាច្រើន​ប្រហែលនឹង​មិន​ចាប់​អារម្មណ៍​វា​ទេ​ បើ​សិន​ជា​គ្មាន​អ្នកនយោបាយ​មក​ទស្សនកិច្ច​នៅ​កោះ Takeshima ឬ Dokdo»។

លោក​បាន​បន្ថែមក្នុងសារជាមួយ VOA ​ថា៖ «ផ្ទុយទៅ​វិញ​ ការ​បែក​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ LINE កាលពីឆ្នាំ​មុន​ត្រូវបាន​គេ​ចាត់​ទុកថា​ជា​ព័ត៌មាន​ធំ​នៅ​ជប៉ុន»។

លោក Yoon ​បាន​សន្យា​ថា ​នឹ​ង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយជប៉ុន​ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​ ការប្រឆាំង​នឹង​ជប៉ុន​នឹង​មិន​រលាយ​ឆាប់ៗ​នោះទេ។

លោក Hall ​បាន​និយាយថា​៖ «ជប៉ុន​កំពុង​ជួប​ស្ថានភាព​ដែល​នឹង​កើត​មាន​បើសិន​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតីអាណត្តិ​ក្រោយ»៕​

ប្រែ​សមួល​ដោយ​កញ្ញា ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG