ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ថា ​ករណី​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជា​លើក​ទី​២​​កន្លង​មក​ទំនង​ជា​ការ​ធ្វើ​តេស្ត​មិន​ត្រឹមត្រូវ​


រូបឯកសារ៖ បុគ្កលិកសុខាភិបាលកំពុងបម្រើការងារនៅក្រុមហ៊ុនឱសថមួយនៅក្រុង Chuncheon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្កលិកសុខាភិបាលកំពុងបម្រើការងារនៅក្រុមហ៊ុនឱសថមួយនៅក្រុង Chuncheon ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

មន្ត្រី​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ការ​រក​ឃើញ​ថ្មី​មួយ​ទំនងបង្ហាញ​ថា​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណាជា​លើក​ទី​២​ទំនង​ជា​អ្នក​ដែល​ធ្វើ​តេស្តឃើញ​វិជ្ជមាន​មិន​ត្រឹមត្រូវ។​

អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​ក្នុង​ពេល​កន្លង​មក​បាន​លើក​ឡើង​ពី​ការ​បារម្ភ​ថ្មី​មួយ​ថា វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​បង្ក​ជំងឺ​កូវីដ១៩ ក្រោយ​ពី​ពួក​គេ​បាន​រក​ឃើញ​កាល​ពី​ខែ​មេសា ថា​មាន​អ្នក​ជំងឺ​កូវីដ១៩​រាប់​សិប​អ្នក​ដែល​បាន​ជាសះស្បើយហើយ​បាន​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន​ម្តង​ទៀត។

ការ​រក​ឃើញ​នៅ​ពេល​នោះហាក់​បង្ហាញ​ថា អ្នក​ដែល​រស់​រាន​ពី​ជំងឺ​កូវីដ១៩ អាច​ឆ្លង​វីរុស​កូរ៉ូណាដែល​បង្ក​ជំងឺ​នេះ​ជា​ថ្មី​ទៀត ដែល​នេះ​អាច​នឹង​បង្ក​ភាព​លំបាក​ដល់​ការ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម ក៏​ដូច​ជា​កិច្ចប្រឹងប្រែងបង្កើត​វ៉ាក់សាំង។

ប៉ុន្តែ​ក្រោយ​ការ​ស្រាវជ្រាវ​ជា​ច្រើន​សប្តាហ៍​មក ក្រុម​មន្ត្រីកូរ៉េ​ខាង​ត្បូង​និយាយ​ថា លទ្ធផល​តេស្ត​វិជ្ជមាន​លើក​ទី​២​កន្លង​មក​នេះ​ទំនង​ជា​លទ្ធផល​មិន​ត្រឹមត្រូវ ដែល​ទំនង​បង្ក​ឡើង​ដោយ​ជាតិ​វីរុស​ដែល​នៅ​សេសសល់​ក្នុង​ខ្លួន ហើយ​មិន​មែន​ដោយ​សារ​ការ​ឆ្លង​វីរុស​ថ្មី​នោះ​ទេ។

មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺ​ឆ្លង​កូរ៉េ​ខាង​ត្បូង​និយាយ​ថា គិត​មក​ត្រឹម​ថ្ងៃ​ពុធ មាន​ករណី​អ្នកដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​មិន​ត្រឹមត្រូវ​នេះ​ចំនួន​៣៥០​នាក់ ហើយ​ពួក​គេ​ទំនង​ជា​មិន​អាច​ចម្លង​វីរុស​សេលសល់​នេះទៅ​អ្នក​ដទៃ​ទេ៕

XS
SM
MD
LG