ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro បាននិយាយកាលពីថ្ងៃពុធថា មានមនុស្សបួននាក់ទៀតដែលលោកបានហៅថាជាភេរវករត្រូវបានចាប់ខ្លួនទាក់ទងនឹងការវាយប្រហារមិនបានសម្រេចមួយកាលពីថ្ងៃអាទិត្យ។
លោក Maduro បានធ្វើការប្រកាសនេះ នៅក្រោយពីលោកបាននិយាយមុននោះថា រដ្ឋាភិបាលមានគម្រោងនឹងសុំធ្វើបត្យាប័នបុគ្គលិកជាប់កិច្ចសន្យាខាងសន្តិសុខមួយរូបដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលត្រូវរងការចោទប្រកាន់ថាបានចូលរួមនៅក្នុងវាយលុកមួយដើម្បីផ្តួលរដ្ឋាភិបាលរបស់លោក។
លោក Maduro ថាសំណើសុំធ្វើបត្យាប័នលោក Jordan Goudreau ពីរដ្ឋផ្លរីដាទៅកាន់ប្រទេសនៅទ្វីបអាមេរិកឡាទីនមួយនេះ ជារឿងសមហេតុផលក្រោយពីលោកបាននិយាយក្នុងវីដេអូមួយដែលត្រូវបានបង្ហោះក្នុងសប្តាហ៍នេះថា លោកបានធ្វើការជាមួយអតីតទាហានពិសេសអាមេរិកពីររូបទៀតដើម្បីផ្តួលលោក Maduro និងបង្កអស្ថេរភាពដល់រដ្ឋាភិបាលលោក។
លោក Goudreau បានទទួលស្គាល់ថាបុរសពីរនាក់ទៀតគឺលោក Airan Berry និងលោក Luke Denman ជាផ្នែកមួយនៃក្រុមប្រតិបត្តិការរបសលោក ដោយលោកបានថ្លែងប្រាប់ទីភ្នាក់ងារ Reuters ក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយថា បុរសទាំងពីរនោះជា «មនុស្ស»របស់លោក។
ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro កាលពីថ្ងៃអង្គារបានបង្ហាញមុខតាមទូរទស្សន៍ជាតិដោយបង្ហាញនូវលិខិតឆ្លងដែនដែលលោកអះអាងថាជារបស់លោក Berry និងលោក Denman ដែលស្ថិតនៅក្នុងចំណោមមនុស្ស១៣នាក់ដែលត្រូវបានចាប់ខ្លួនក្នុងផែកការវាយឆ្មក់មិនបានសម្រេចកាលពីថ្ងៃអាទិត្យ។
អាជ្ញាធរវេណេស៊ុយអេឡាអះអាងថាក្រុមមនុស្សនេះបានធ្វើដំណើរតាមកាណូតលឿនពីប្រទេសកូឡុំប៊ីជិតខាងនោះ មកកាន់ក្រុងកំពង់ផែ La Guaira របស់វេណេស៊ុយអេឡា។ មនុស្ស៨នាក់បានស្លាប់នៅក្នុងការវាយប្រហារមិនបានសម្រេចនោះ។
ប្រធានាធិបតីវេណេស៊ុយអេឡាបានចោទប្រកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ និងប្រទេសកូឡុំប៊ីថានៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែភាគីទាំងពីរបានបដិសេធការចោទប្រកាន់នេះ៕