ក្រុមបេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In ត្រូវបានគេរាយការណ៍មកថា បានជួបជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅថ្ងៃចន្ទនេះ។ សេចក្ដីរាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា លោក Kim Jong Un បានរៀបចំពិធីពិសាពេលល្ងាចដើម្បីទទួលក្រុមគណៈប្រតិភូកូរ៉េខាងត្បូងនេះ។
គណៈប្រតិភូកូរ៉េខាងត្បូងដែលមានសមាជិក ១០ នាក់ នេះ ដឹកនាំដោយលោក Chung Eui Yong ដែលជាទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់លោក Moon Jae In។ គណៈប្រតិភូនេះបានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងដើម្បីបញ្ជូនសាររបស់លោក Moon Jae In ទាក់ទិននឹងការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរ និងសន្តិភាពជានិរន្តនៅលើឧបទ្វីបកូរ៉េ។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុងសេអ៊ូលមុនពេលចេញដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង លោក Chung Eui Yong បាននិយាយថា លោកនឹង «បញ្ជូនសារដ៏មុតមាំរបស់លោក Moon Jae In អំពីការប្ដូរផ្ដាច់ និងឆន្ទៈក្នុងការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពដ៏ថិតថេរចីរកាលពិតប្រាកដមួយនៅលើឧបទ្វីបកូរ៉េ»។
លោក Chung Eui Yong ក៏បានបញ្ជាក់ផងដែរថា លោកនឹងជំរុញឲ្យមានការពិភាក្សា «ស៊ីជម្រៅ» ដើម្បីស្វែងរកមធ្យោបាយជួយរៀបចំឲ្យមានការចាប់ផ្ដើមឡើងវិញនូវការចរចារវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោក Chung Eui Yong បាននិយាយយ៉ាងដូច្នេះថា៖ «គណៈប្រតិភូកូរ៉េខាងត្បូងមានគម្រោងពិភាក្សាស៊ីជម្រៅមិនត្រឹមតែលើការពិភាក្សារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនោះទេ ប៉ុន្តែថែមទាំងលើការស្វែងរកវិធីដើម្បីបន្តកិច្ចចរចារវាងកូរ៉េខាងជើង និងសហគមន៍អន្តរជាតិ ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកទៀតផង»៕