ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​ចំណាត់​ការ​ជប៉ុន​លើ​កោះ​ដែល​មាន​ជម្លោះ​


រូបភាព​ឯកសារ៖ ប្រជុំ​កោះ​ ដែល​ក្នុង​ភាសា​កូរ៉េ​ហៅ​ថា​ Dokdo និង​ជប៉ុន​ហៅ​ថា Takeshima​ ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ប្រឆាំង​ចំណាត់​ការ​របស់​ប្រទេស​ជប៉ុន​ ដែល​យល់​ព្រម​ឲ្យមាន​សៀវ​ភៅ​សិក្សា​ថ្មី​នៅ​សាលា​មធ្យម​សិក្សា ដែល​យោង​ដល់​ជម្លោះ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​របស់​ជប៉ុន​ដោយ​មាន​ឈ្មោះ​តែ​ជប៉ុន។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូងនៅ​ថ្ងៃ​អង្គារ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយថា ​អត្ថបទ​សិក្សា​នេះ​បាន​បំភ្លៃ​ប្រវត្តិសាស្រ្ត​ដោយ​អះអាង​ថា​ប្រជុំ​កោះ​មាន​ជម្លោះ​នោះ​ជា​របស់ជប៉ុន ​ដោយ​គ្មាន​ពន្យល់ប្រវត្តិ​នៃ​ជម្លោះ​របស់​ប្រជុំ​កោះ​នោះ​ទេ។ ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​ជប៉ុន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​តវ៉ា​ពី​សៀវ​ភៅ​សិក្សា​នោះ ​ដែលទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​ច័ន្ទ។

សេចក្តី​ថ្លែងការណ៍​ដោយ​ក្រសួងការ​បរទេស​កូរ៉េ​ខាង​ត្បូងនៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការសម្រេច​របស់​ជប៉ុន​ពណ៌នាថា ​«ប្រវត្តិ​សាស្ត្រ​ពិត​ត្រូវ​បាន​គេ​បំភ្លៃឬ​លុប​ចោល។​» កូរ៉េខាង​ត្បូង​និយាយ​ថា ​កោះ​ទាំង​នោះ​ត្រូវ​បាន​ជនជាតិ​កូរ៉េខាង​ត្បូង​ហៅ​ថា​ Dokdoក៏​ប៉ុន្តែ​ជន​ជាតិ​ជប៉ុន​ហៅ​ថា Takeshima ​ដែល​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ​ភូមិ​សាស្រ្ត​និង​ច្បាប់​អន្តរជាតិ។

សេចក្តី​ថ្លែងការណ៍​នោះ ​បាន​និយាយ​ទៀត​ថា ​ការ​បដិសេធ​របស់​ជប៉ុន​ពុំ​ផ្លាស់​ប្តូរពាក្យ​ពេជន៍​ក្នុង​សៀវ​ភៅ​សិក្សា​នោះ ​ចង្អុល​បង្ហាញ​ថា​ជប៉ុន​មាន​គោល​បំណងប្រព្រឹត្តិ​កំហុស​ពី​អតីត​កាល​ម្តងទៀត។

រដ្ឋាភិបាល​ទីក្រុង​តូក្យូ​បាន​និយាយ​ថា​ សៀវ​ភៅ​សិក្សា​នោះ​នឹង​និយាយ​យោង​ដល់​ប្រជុំ​កោះ​ទាំង​នោះ​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​ជប៉ុន។

ជប៉ុន​បាន​កាន់​កាប់​ឧបទ្វីប​កូរ៉េពី​ឆ្នាំ​១៩១០​ដល់​ការ​បញ្ចប់ស​ង្គ្រាម​លោក​លើក​ទី​២​នៅ​ឆ្នាំ​១៩៤៥។​ ប្រវត្តិសាស្រ្ត​នេះ​បាន​បន្សល់​កេរ្តិ៍​ដំណែល​ដ៏​ជូរ​ចត់​អំពី​ជប៉ុន​ក្នុង​ចំណោម​ជន​ជាតិ​កូរ៉េខ្លះ។

រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង ​ជប៉ុន​និង​ចិន ​បាន​ជួប​គ្នា​កាល​ពី​ខែ​មុន ​ដោយ​បង្កើន​សេចក្តី​សង្ឃឹម​ថា ​នឹង​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ចំណោម​ប្រទេសជិត​ខាង​ទាំង​៣​នៅ​អាស៊ី៕

XS
SM
MD
LG