ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ប្រឈម​ការ​ចោទប្រកាន់​ដក​តំណែង


បាតុករ​ពាក់ម៉ាស់​រូប​លោកប្រធានាធិបតី​កូរ៉េខាងត្បូង​ Yoon Suk Yeol លោកChoo Kyung-ho និង​មេដឹកនាំគណបក្ស​ Han Dong-hoon ​កាលពីថ្ងៃទី​០៦ ធ្នូ ឆ្នាំ២០២៤។
បាតុករ​ពាក់ម៉ាស់​រូប​លោកប្រធានាធិបតី​កូរ៉េខាងត្បូង​ Yoon Suk Yeol លោកChoo Kyung-ho និង​មេដឹកនាំគណបក្ស​ Han Dong-hoon ​កាលពីថ្ងៃទី​០៦ ធ្នូ ឆ្នាំ២០២៤។

ប្រធាន​គណបក្ស​អំណាច​ប្រជាជន (People Power Party) ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​កូរ៉េ​ខាងត្បូង បាន​ប្រកាស​គាំទ្រ​ការ​ព្យួរ​តួនាទី​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk Yeol។ ការ​ប្រកាស​គាំទ្រ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុង​នាទី​ចុងក្រោយ​ដើម្បី​បោះបង់​ចោល​មេដឹកនាំ​បក្ស​អភិរក្ស​និយម​នេះ​ត្រូវបាន​អ្នកវិភាគ​និយាយ​ថា​បង្កើន​ឱកាស​ធំធេង​ដល់​ការ​ចោទប្រកាន់​ជា​សាធារណៈ​ដើម្បី​ដក​តំណែង​លោក Yoon ដោយសារ​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច​របស់​លោក​ក្នុង​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក។

ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​គណបក្ស​នេះ​កាលពី​ថ្ងៃ​សុក្រ មេដឹកនាំ​បក្ស​លោក Han Dong-hoon បាន​អំពាវនាវ​ឲ្យ «ព្យួរ​ជាបន្ទាន់» នូវ​តួនាទី​របស់​លោក Yoon ដោយ​សំអាង «អង្គហេតុ​ដែល​ទើប​ត្រូវបាន​លាត​ត្រដាង​ថ្មី» ដែល​បង្ហាញ​ថា​លោក Yoon បាន​ប៉ុនប៉ង​ប្រើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដើម្បី​ចាប់ខ្លួន​តំណាងរាស្ត្រ​លេចធ្លោ​មួយ​ចំនួន​ដោយ​ចោទប្រកាន់​ពួកគេ​ថា​ជា «កម្លាំង​ប្រឆាំង​រដ្ឋ»។

លោក Han បាន​និយាយ​ថា៖ «លោក​ប្រធានាធិបតី Yoon មិន​បាន​ទទួលស្គាល់​ថា​ការ​ប្រើ​ច្បាប់​អាជ្ញាសឹក​ដែល​ខុសច្បាប់​នោះ​គឺជា​កំហុស​ទេ។ បើ​លោក​ប្រធានាធិបតី Yoon បន្ត​អនុវត្ត​តួនាទី​របស់​លោក​ទៀត នោះ​នឹង​មាន​ហានិភ័យ​ដ៏​ធំ​នៃ​ការ​កើតឡើង​ម្តងទៀត​នូវ​សកម្មភាព​ជ្រុល​និយម​បែប​នេះ... ដែល​អាច​បង្ក​ជា​ការ​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​សាធារណរដ្ឋ​កូរ៉េ​និង​ប្រជាជន​របស់​ប្រទេស​នេះ»។

លោក Yoon ដែល​រកាំចិត្ត​រាប់​ខែ​មកហើយ​ដោយសារ​អ្វី​ដែល​លោក​មើលឃើញ​ថា​ជា​ការ​ប៉ុនប៉ង​របស់​បក្ស​ប្រឆាំង​ក្នុង​ការ​រារាំង​ការ​គ្រប់គ្រង​របស់​លោក បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​អះអាង​ថា​វា​ជា​ការ​ចាំបាច់​ដើម្បី «កម្ទេច​កម្លាំង​ប្រឆាំង​រដ្ឋ» និង «ការពារ​របៀប​រៀបរយ​តាម​រដ្ឋធម្មនុញ្ញ»។

ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក្រុម​តំណាងរាស្ត្រ​កូរ៉េ​ខាងត្បូង​បាន​បដិសេធ​សារាចរ​របស់​លោក ក្រោយពី​ពួកគេ​បាន​ជម្នះ​ផុត​ប៉ូលិស​និង​យោធា​ដែល​ត្រូវបាន​បញ្ជូន​ទៅ​អគារ​រដ្ឋសភា​ជាតិ​មក។

គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​គ្រោង​បោះឆ្នោត​ចោទប្រកាន់​ដកតំណែង​លោក Yoon នៅ​យប់​ថ្ងៃ​សៅរ៍​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG