ក្រុមមេដឹកនាំនៃគណបក្សនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា ខ្លួននឹងមិនគាំទ្រចំពោះចលនារបស់គណបក្សប្រឆាំងក្នុងការចោទប្រកាន់ដកតំណែងប្រធានាធិបតីដែលកំពុងមានជម្លោះជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹកនោះទេ។
លោក Han Dong-hun មេដឹកនាំគណបក្សអំណាចប្រជាជន PPP ដែលមានទំនោរអភិរក្សនិយម បានហៅការសម្រេចចិត្តដ៏តក់ស្លុតរបស់លោក Yoon ក្នុងសប្តាហ៍នេះថា «មិនស្របតាមរដ្ឋធម្មនុញ្ញ» នៅពេលនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ហើយបាននិយាយថា លោកបានស្នើសុំប្រធានាធិបតីឱ្យចេញពីគណបក្ស។
ប៉ុន្តែទាំងរូបលោក និងលោក Choo Kyung-ho ដែលជាមេដឹកនាំជាន់ថ្នាក់សភារបស់គណបក្សអំណាចប្រជាជនបាននិយាយថា គ្រប់សមាជិកទាំង ១០៨ របស់គណបក្សនឹងមិនបោះឆ្នោតលើការចោទប្រកាន់ដកតំណែង ដែលផ្តួចផ្តើមដោយគណបក្សប្រជាធិបតេយ្យនោះទេ។
សេចក្តីសម្រេចក្នុងការចោទប្រកាន់ដកតំណែងត្រូវបានគេរំពឹងថា នឹងមានការបោះឆ្នោតនៅថ្ងៃសៅរ៍ខាងមុខ។ គណបក្សប្រជាធិបតេយ្យនិងសម្ព័ន្ធមិត្តទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដែលមាន ៣០០ អាសនៈ ហើយពួកគេត្រូវការតែសំឡេងឆ្នោតពីសមាជិកគណបក្សអំណាចប្រជាជនពីរបីនាក់ប៉ុណ្ណោះ ដើម្បីអនុម័តការចោទប្រកាន់ដកតំណែងនេះ។ សមាជិកគណបក្សអំណាចប្រជាជន ១៨ នាក់ដែលជាផ្នែកផ្ទៃក្នុងមួយនៃក្រុមប្រឆាំងលោក Yoon ស្ថិតក្នុងចំណោមសមាជិកសភា ១៩០នាក់ដែលបានបោះឆ្នោតលុបចោលក្រឹត្យច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីនៅព្រឹកថ្ងៃពុធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាស។
ប្រសិនបើលោក Yoon ត្រូវបានចោទប្រកាន់ដកតំណែង លោកនឹងត្រូវព្យួរតំណែង ហើយជំនួសដោយលោកនាយករដ្ឋមន្ត្រី Han Duck-soo។ បន្ទាប់មកសំណុំរឿងនេះនឹងទៅតុលាការធម្មនុញ្ញដែលនឹងសម្រេចថាតើលោក Yoon គួរបន្តកាន់តំណែងឬអត់។ ប្រសិនបើលោកត្រូវបានកាត់ទោសឲ្យចុះចេញពីតំណែង ការបោះឆ្នោតថ្មីនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃបន្ទាប់ ដើម្បីជ្រើសរើសអ្នកជំនួសលោក។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអង្គារ លោក Yoon បានបង្ហាញពីភាពត្រឹមត្រូវនៃក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ដោយលើកឡើងពីតម្រូវការដើម្បីលុបបំបាត់ «កងកម្លាំងប្រឆាំងរដ្ឋ» និង «ការពារសណ្តាប់ធ្នាប់ប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ»៕
វេទិកាបញ្ចេញមតិ