ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានទទួលស្គាល់កាលពីថ្ងៃទី៩ ខែឧសភាថា បរាជ័យដ៏ធ្ងន់ធ្ងរក្នុងការបោះឆ្នោតរបស់គណបក្សកាន់អំណាចរបស់លោកកាលពីខែមុន បានឆ្លុះបញ្ចាំងពីបរាជ័យរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពប្រជាជន ហើយបានសុំទោសចំពោះរឿងអាស្រូវពាក់ព័ន្ធនឹងភរិយារបស់លោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកបានបន្តច្រានចោលការអំពាវនាវរបស់សមាជិកសភាគណបក្សប្រឆាំងទាមទារឱ្យមានការស៊ើបអង្កេតពិសេសលើការចោទប្រកាន់ថាភរិយារបស់លោកបានទទួលអំណោយជាកាបូប ម៉ាកChristian Dior ដ៏មានតម្លៃមួយកាលពីឆ្នាំមុន បើទោះបីជារដ្ឋអាជ្ញាចាប់ផ្តើមស៊ើបអង្កេតថា តើអ្នកស្រីបានបំពានច្បាប់ឬទេ។
នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកក្នុងរយៈពេល ២១ ខែ លោក Yoon បែរជាបានសន្យា ថា នឹងផ្តោតលើការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង និងដោះស្រាយនូវអ្វីដែលលោកហៅថា ភាពអាសន្នរបស់ជាតិទាក់ទងនឹងអត្រាកំណើតក្នុងរយៈពេលបីឆ្នាំទៀតការកាន់តំណែងរបស់លោក។
លោកបាននិយាយថា៖ «ខ្ញុំគិតថារឿងសំខាន់ទៅមុខគឺសេដ្ឋកិច្ច»។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងមានសន្ទុះលើសការព្យាករណ៍ភាគច្រើនថា មានកំណើន ១,៣% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ប៉ុន្តែ តម្លៃចំណាយនៃការរស់នៅនៅតែខ្ពស់មិនព្រមចុះ ទោះបីជាមានការរីកចម្រើនខ្លះក្នុងការដោះស្រាយអតិផរណាក៏ដោយ។
នៅក្នុងការជំរុញគោលនយោបាយថ្មី ក្រសួងមួយរបស់រដ្ឋាភិបាលនឹងត្រូវបានបង្កើតឡើងដើម្បីដោះស្រាយកំណត់ត្រាអត្រាកំណើតទាប និងចំនួនប្រជាជនចាស់មានល្បឿនលឿន ហើយលោក Yoon បាននិយាយនៅក្នុងសុន្ទរកថាបើកពីខុទ្ទកាល័យរបស់លោកដោយមានស្លាកសរសេរថា «The Buck Stops Here»(អ្នកទទួលខុសត្រូវនៅទីនេះ)។
អត្រាកំណើតមនុស្សនៅកូរ៉េខាងត្បូងដែលមានកម្រិតទាបបំផុតស្រាប់រួចហើយនៅលើពិភពលោក បានបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៣ ដោយសារស្ត្រីបានលើកឡើងពីការព្រួយបារម្ភអំពីការទទួលបន្ទុកភាគច្រើនក្នុងការចិញ្ចឹមកូន បាត់បង់ឱកាសការងារ និងការចំណាយសម្រាប់ការចិញ្ចឹមកូន គឺជាហេតុផលពន្យារកំណើតឬ មិនឲ្យមានកូន។
គណបក្សអំណាចប្រជាជនរបស់លោក Yoon បានចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១០ ខែមេសា ដែលបានជំរុញឱ្យមានការអំពាវនាវឱ្យផ្លាស់ប្តូររបៀបដឹកនាំ និងទិសដៅគោលនយោបាយរបស់លោក ដើម្បីសង្គ្រោះតំណែងប្រធានាធិបតី ដែលមិនទាន់បានពាក់កណ្តាលអាណត្តិផងនោះ។
នៅពេលត្រូវបានសួរអំពីបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សរបស់លោក លោកYoon បាននិយាយថា៖ «ខ្ញុំគិតថា វាឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់សាធារណជនថា ការងាររដ្ឋបាលរបស់ខ្ញុំគឺខ្វះខាត មិនដល់កម្រិតដែលត្រូវធ្វើ»។
វិវាទនយោបាយ
ការអត្ថាធិប្បាយរបស់លោករួមបញ្ចូលទាំងការសុំទោសយ៉ាងច្បាស់ជាលើកដំបូងចំពោះរឿងចម្រូងចម្រាសរបស់ប្រពន្ធរបស់លោក។ បញ្ហានេះទំនងជាប៉ះទង្គិចយ៉ាងខ្លាំងទៅលើការព្យាយាមរបស់លោកដើម្បីទទួលបានកិច្ចសហប្រតិបត្តិការពីសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងសម្រាប់អាទិភាពគោលនយោបាយ។
លោក Yoon ដែលទទួលបានតំណែងប្រធានាធិបតីក្នុងឆ្នាំ ២០២២ ដោយឈ្នះមិនដល់មួយភាគរយផងនោះ បានមើលឃើញថា អត្រាគាំទ្ររបស់លោកបានធ្លាក់ចុះដល់កម្រិតទាបគឺ ២១% នៅក្នុងការស្ទង់មតិសាធារណៈមួយ។
សមាជិកសភាលោក Park Chan-dae មេដឹកនាំថ្មីនៅក្នុងសភានៃគណបក្សប្រជាធិបតេយ្យដែលជាគណប្សប្រឆាំងដ៏សំខាន់ បានហៅ សន្និសីទសារព័ត៌មានរបស់លោក Yoon និងសុន្ទរកថារបស់លោកថាគួរឱ្យ«ខកចិត្តយ៉ាងខ្លាំង»។
លោកបាននិយាយថា វាបានបញ្ជាក់ជាថ្មីថា ប្រធានាធិបតីគ្មានបេះដូង ឬគ្មានឆន្ទៈក្នុងការការពារអាយុជីវិតរបស់ប្រជាជន។
ទំនាក់ទំនងមិនសុខស្រួលជាមួយរុស្ស៊ី
ចំណែកគោលនយោបាយការបរទេសវិញ លោក Yoon បានបដិសេធមិនឆ្លើយដោយផ្ទាល់ នៅពេលត្រូវបានសួរចំៗអំពីជំហររបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលថា លោកអាចទាមទារឡើងវិញឱ្យកូរ៉េខាងត្បូងបង់ប្រាក់បន្ថែមទៀតដើម្បីរក្សាទាហានអាមេរិកប្រមាណ ២ម៉ឺន៨ពាន់៥០០នាក់ដែលឈរជើងនៅក្នុងប្រទេសលោក។
លោក Yoon បាននិយាយពីការរួមចំណែកការពារប្រទេសកូរ៉េខាងត្បូងប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរដោយសារមាន«ប្រព័ន្ធទប់ស្កាត់ជាមុនជាបន្ត»របស់សហរដ្ឋអាមេរិកដែលមាន យោធានៅលើឧបទ្វីបនេះ និងនៅក្នុងតំបន់ ប៉ុន្តែវត្តមាននេះអាចត្រូវបានគំរាមកំហែង ប្រសិនបើមានជម្លោះជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
លោកបាននិយាយថា កូរ៉េខាងត្បូងនឹងរក្សាជំហរមិនផ្គត់ផ្គង់អាវុធដ៏គ្រោះថ្នាក់ដល់ប្រទេសណាមួយដែលកំពុងមានជម្លោះ។ លោកនិយាយដូច្នេះ នៅពេលត្រូវបានសួរថា តើរដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងពិចារណាជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងរុស្ស៊ីដែរឬទេ។
ទោះបីជាកូរ៉េខាងត្បូងលេចឡើងជាប្រទេសនាំចេញអាវុធដ៏សំខាន់ក៏ដោយ ប្រទេសនេះបានទប់ទល់នឹងសម្ពាធពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុង Kyiv ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន ដោយសារប្រទេសនេះចង់ចៀសវាងការបង្កជម្លោះជាមួយរុស្ស៊ី។
លោក Yoon បាននិយាយថា ខណៈដែលរុស្ស៊ីជាដៃគូដ៏ល្អមួយរយៈមកហើយក៏ដោយ ប៉ុន្តែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការដែលរុស្ស៊ីប្រើប្រាស់អាវុធពីប្រទេសកូរ៉េខាងជើងបានធ្វើឲ្យទំនាក់ទំនងរុស្ស៊ីកូរ៉េខាងត្បូងមានបញ្ហា។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានថ្កោលទោសនូវអ្វីដែលពួកគេហៅថា ការប្រគល់អាវុធចម្រុះនិងសំខាន់ៗរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៊ីដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី រួមទាំងមីស៊ីលដែលអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិបាននិយាយ ថា ត្រូវបានប្រើក្នុងការវាយប្រហារទីក្រុងមួយរបស់អ៊ុយក្រែន។
រុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធកិច្ចព្រមព្រៀងសព្វាវុធ ប៉ុន្តែបានប្ដេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕
ប្រែសម្រួលដោយលោកពិន ស៊ីសុវណ្ណ
វេទិកាបញ្ចេញមតិ