ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានជំងឺផ្លូវដង្ហើមមានប្រភពនៅមជ្ឈិមបូព៌ា គឺ Middle East Respiratory Syndrome ឬ MERS បីករណីថ្មីទៀតនៅថ្ងៃអាទិត្យនេះ។ វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលក៏នៅក្នុងចំណោមអ្នកស្លាប់នោះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានបារាំង។
ការប្រកាសព័ត៌មាននេះធ្វើឡើងក្រោយពីមានការប្រកាសថា ប្រទេសនេះមិនមានរបាយការណ៍អំពីករណីថ្មីនៃជំងឺនេះទេ កាលពីថ្ងៃសៅរ៍ ដែលនាំឲ្យមានក្តីសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូងអាចបង្ក្រាបមេរោគដ៏គ្រោះថ្នាក់នេះបាន។
ក្រសួងសុខាភិបាលនិយាយថា តួលេខមនុស្សស្លាប់ដោយសារជំងឺ ជំងឺផ្លូវដង្ហើមឈ្មោះ MERSនេះបានឡើងដល់២៥នាក់ហើយ។ មានអ្នកជំងឺដោយសារមេរោគនេះចំនួនជិត១៧០នាក់ ដែលមិនអាចមានថ្នាំណាអាចបង្ក្រាបបានទេ។ នៅកន្លែងផ្សេងៗ ទៀតក្នុងតំបន់អាស៊ីនេះ ដូចជានៅប្រទេសថៃ លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានជំរុញឲ្យប្រជាជនកុំតក់ស្លុតស្លន់ស្លោ ក្រោយពីប្រទេសថៃបញ្ជាក់ថា មានករណីជំងឺផ្លូវដង្ហើមឈ្មោះ MERS នេះកាលពីសប្តាហ៍មុន។
មន្ត្រីនានានិយាយថា ប្រទេសថៃមានការរៀបចំបានល្អណាស់ដើម្បីទប់ស្កាត់បញ្ហាសុខភាពសាធារណៈបណ្តាលមកពីមេរោគជំងឺផ្លូវដង្ហើមមានប្រភពនៅមជ្ឈឹមបូព៌ាឬ MERS។ មនុស្ស៥៩នាក់ដែលអាចឆ្លងជំងឺនេះត្រូវបានមន្ត្រីសុខាភិបាលតាមដាននៅក្នុងមន្ទីរពេទ្យ ឬក្នុងផ្ទះ។
អង្គការសុខភាពពិភពលោក WHO បានបន្ទោសថា ការរាលដាលជំងឺនេះនៅកូរ៉េខាងត្បូងគឺដោយសារការខកខានរបស់អាជ្ញាធរមិនបានចាត់វិធានការគ្រប់គ្រាន់។
អង្គការសុខភាពពិភពលោក WHO និយាយថា នៅកូរ៉េខាងត្បូងខ្វះការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមេរោគ MERS នេះក្នុងចំណោមបុគ្គលិកសុខាភិបាល ហើយមិនមានវិធានការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឆ្លងនៅក្នុងមន្ទីរពេទ្យ។ ទោះជាយ៉ាងណាក្តី ទីភ្នាក់ងារសុខាភិបាលអ.ស.ប.នេះនិយាយថា ការឆ្លងមេរោគនេះនៅមិនទាន់ត្រូវបានចាត់ទុកថា ជាគ្រោះអាសន្នដល់សុខភាពសាធារណៈនៅឡើយទេ។ រោគសញ្ញាជំងឺ MERS នេះរួមមានគ្រុន ក្អក ដកដង្ហើមខ្លីៗ ផុតៗ ដែលមានលក្ខណៈមិនធ្ងន់ធ្ងរ ដូចជាជំងឺផ្តាសាយធម្មតាដែរ៕