លោក Go Myong-Hyun អ្នកវិភាគសេដ្ឋកិច្ចកូរ៉េខាងជើងនៃវិទ្យាស្ថាន Asan សម្រាប់ការសិក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានថ្លែងថា៖ «យើងត្រូវយល់ថា កូរ៉េខាងជើងគឺជាសង្គមមួយដែលមានភាពមិនស្មើគ្នាយ៉ាងខ្លាំង»។
សេដ្ឋកិច្ចកំពុងរីកលូតលាស់
យោងតាមធនាគារ Bank of Korea នៅទីក្រុងសេអ៊ូល សេដ្ឋកិច្ចរបស់កូរ៉េខាងជើងបានកើនឡើងក្នុងកម្រិត៣,៩ភាគរយកាលពីឆ្នាំមុន ដែលនេះជាកំណើនលឿនបំផុតរបស់ខ្លួនក្នុងរយៈពេល១៧ឆ្នាំនេះ បើទោះបីជាប្រទេសនេះទទួលរងនូវទណ្ឌកម្មអន្តរជាតិដោយសារតែកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនក៏ដោយ។ ការនាំធ្យូងថ្មនិងរ៉ែដទៃទៀតចេញទៅប្រទេសចិន គឺជាកត្តាដែលជំរុញឲ្យមានការកើនឡើងនៃសេដ្ឋកិច្ចនេះ។
ទោះជាយ៉ាងណាក៏ដោយ ឆ្នាំនេះប្រទេសចិនបាននាំចូលធ្យូងថ្មពីកូរ៉េខាងជើងតិចជាងឆ្នាំមុនរហូតដល់ទៅ៥៤ភាគរយ។ កាលពីខែមីនា រដ្ឋាភិបាលក្រុងប៉េកាំងបានហាមឃាត់ការនាំចូលធ្យូងថ្មនេះដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានទាមទារឲ្យចិនចាត់វិធានការខ្លាំងជាងមុនដើម្បីរារាំងដល់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន។
សមាគមជំនួញអន្តរជាតិកូរ៉េក៏បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងជិត២០ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលមានតម្លៃជាទឹកប្រាក់ជំនួញចេញក្រៅប្រទេសសរុប១,៦៦ប៊ីលានដុល្លារ។ ការនាំចេញប្រេងសម្រាប់ចាក់យន្តហោះរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើង១៨ភាគរយ បើទោះជាជំនួញនេះត្រូវបានហាមឃាត់នៅក្រោមលក្ខខណ្ឌទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក៏ដោយ ចំណែកការនាំចេញទូរស័ព្ទចល័តវិញបានកើនយ៉ាងគំហុករហូតដល់ជាង៩០ភាគរយ។
ជំនួញដែលមានការកើនឡើងនេះបានផ្តល់ផលប្រយោជន៍មិនស្មើគ្នាដល់ពួកអភិជននយោបាយនិងយោធាដែលមានចំនួនតិចតួច ដែលពួកគេគាំទ្ររដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន។ ពួកអភិជនទាំងនេះត្រូវបានគេរាយការណ៍ឲ្យដឹងថា ទទួលបានផ្ទះសម្រាប់ស្នាក់នៅ ការងារល្អ មានលទ្ធភាពអាចទៅកម្សាន្តនៅរមណីយដ្ឋាន Masikryong Ski ដែលសាងសង់ឡើងកាលពីឆ្នាំ២០១៣ អាចទទួលទានអាហារក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុងព្យុងយ៉ាង និងអាចទិញគ្រឿងស្រវឹងជាច្រើនប្រភេទលំដាប់អន្តរជាតិ ឬក៏សម្លៀកបំពាក់រចនាម៉ូដថ្លៃៗផងដែរ។
អភិជនមួយចំនួនតូចថែមទាំងអាចមានប្រព័ន្ធអ៊ីនធឺណិតសម្រាប់ប្រើប្រាស់ដោយគ្មានការរឹតត្បិតឡើយ រួមទាំងគណនីបណ្តាញសង្គមដូចជាហ្វេសប៊ុក និងគេហទំព័រទិញឥវ៉ាន់ដូចជា Amazon និង Alibaba ដែលបណ្តាញទាំងនេះត្រូវបានហាមឃាត់មិនឲ្យពលរដ្ឋកូរ៉េខាងជើងប្រើប្រាស់ដើម្បីទាក់ទងទៅពិភពខាងក្រៅឡើយ។ នេះបើយោងតាមក្រុមហ៊ុនវិភាគសន្តិសុខឈ្មោះថា Recorded Future។
ភាពក្រីក្រ
ភាគច្រើនបំផុតនៃចំនួនពលរដ្ឋកូរ៉េខាងជើងដែលមានសរុប២៥លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រ ហើយបើយោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលចេញក្នុងឆ្នាំនេះ «អសន្តិសុខស្បៀងដ៏រ៉ាំរ៉ៃ កង្វះអាហារូបត្ថម្ភសម្រាប់ក្មេងតូចៗ និងអសន្តិសុខអាហារូបត្ថម្ភ» នៅតែបន្តកើតមាននៅទូទាំងប្រទេស ដែលធ្វើឲ្យកូរ៉េខាងជើងស្ថិតក្នុងចំណាត់ថ្នាក់ទី៩៨ ក្នុងចំណោមប្រទេសទាំង១១៨ ក្នុងសន្ទស្សន៍នៃភាពអត់ឃ្លានសកល Global Hunger Index។
អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា FAO កាលពីពេលថ្មីៗនេះបានចេញរបាយការណ៍មួយព្រមានថា កូរ៉េខាងជើងអាចនឹងពើបប្រទះនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមួយនៅក្នុងឆ្នាំនេះគិតចាប់ពីឆ្នាំ២០០១មក។
លោក Vincent Martin តំណាងអង្គការ FAO ក្នុងប្រទេសចិននិងកូរ៉េខាងជើងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការធ្វើអន្តរាគមន៍ភ្លាមៗគឺត្រូវការចាំបាច់ដើម្បីគាំទ្រដល់កសិករដែលរងការប៉ះពាល់ និងដើម្បីជៀសវាងការប្រើយុទ្ធសាស្ត្រដោះស្រាយដែលយើងមិនចង់បាន សម្រាប់អ្នកដែលងាយរងគ្រោះបំផុត ដូចជាការកាត់បន្ថយការបរិភោគអាហារប្រចាំថ្ងៃជាដើម»។
ស្ថានភាពធូរស្រាល
សម្រាប់មនុស្សភាគច្រើន នៅពេលនិយាយដល់កង្វះខាតអាហារនៅកូរ៉េខាងជើង គេតែងនឹកស្រមៃឃើញដល់គ្រោះទុរ្ភិក្សកាលពីទសវត្សរ៍១៩៩០ ដែលគេស្គាល់ថា Arduous March ដែលបានសម្លាប់មនុស្សជាង៣លាននាក់។ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា ស្ថានភាពសព្វថ្ងៃនេះមានសភាពខុសគ្នាពីពេលនោះ ហើយការអត់អាហារទូទាំងប្រទេសអាចនឹងកើតមានឡើងក្នុងភាគរយទាបបំផុត។
កូរ៉េខាងជើងក៏ធ្លាប់ឆ្លងកាត់គ្រោះរាំងស្ងួតធំៗពីរដងដែរ គឺនៅឆ្នាំ២០១២និងឆ្នាំ ២០១៤ ហើយនិងមានគ្រោះទឹកជំនន់ឆ្នាំ២០០៦ ឆ្នាំ២០០៧ ឆ្នាំ២០១២ និងឆ្នាំ២០១៦ ដែលបានធ្វើឲ្យប៉ះពាល់ដល់ផលិតផលសម្រាប់ផលិតស្បៀងអាហារ ប៉ុន្តែមិនបានបង្កឲ្យមានគ្រោះអត់ឃ្លានទូទាំងប្រទេសទេ។
លោក Stephan Haggard អ្នកវិភាគអំពីបញ្ហាកូរ៉េខាងជើងនិងជាអ្នកសិក្សាស្រាវជ្រាវគោចរនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ បានសរសេរកាលពីថ្មីៗនេះថា «របាយការណ៍របស់អង្គការ FAO បានបង្ហាញពីទម្រង់មួយដែលមិនមានភាពជាក់ស្តែង ហើយធាតុអាកាសអាចប្រែប្រួលផ្ទុយពីការអះអាង»។ កាលពីសប្តាហ៍មុន ឧបទ្វីបកូរ៉េបានជួបនូវការធ្លាក់ភ្លៀងដ៏ខ្លាំងមួយ ហើយព្យុះចំនួន៣ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់នេះ។
កំណែទម្រង់ផ្នែកកសិកម្មដែលអនុញ្ញាតឲ្យកសិករកូរ៉េខាងជើងរក្សាបាននូវភាគរយមួយនៃអ្វីដែលពួកគេផលិតបាន និងធ្វើឲ្យគ្រួសារជាច្រើនដាំដុះនៅលើផ្ទៃដីតូចមួយសម្រាប់ប្រើប្រាស់ជាលក្ខណៈឯកជននោះ បានធ្វើឲ្យពលរដ្ឋមិនសូវពឹងអាស្រ័យលើការធ្វើកសិកម្មដែលមិនផ្តល់ទិន្នផលគ្រប់គ្រាន់របស់រដ្ឋាភិបាល និងអាចអត់ធន់នឹងពេលវេលាដែលជួបភាពខ្វះខាត។
នយោបាយស្បៀងអាហារ
ការបញ្ជូនជំនួយស្បៀងអាហារទៅកាន់ប្រទេសមួយដែលចូលចិត្តបង្ករឿង ហើយដែលបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីផលិតអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបរយៈចម្ងាយវែង ដោយរឹងទទឹងទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលហាមមិនឲ្យផលិតអាវុធបែបនេះ ក៏ជាបញ្ហាដ៏ចម្រូងចម្រាសមួយផងដែរ។ លោក Go និយាយថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន អាចបង្វែទឹកប្រាក់៣០០លានដុល្លារចេញពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយយកប្រាក់នេះទៅចំណាយលើការនាំចូលស្បៀងអាហារ ដើម្បីត្រៀមសម្រាប់កង្វះខាតដោយសារគ្រោះរាំងស្ងួតណាមួយ។
លោក Go និយាយថា៖ «បើសិនជាគេចង់បំពេញចន្លោះប្រហោងនោះដោយការនាំចូលស្បៀងអាហារពីខាងក្រៅ ពួកគេអាចធ្វើបានជាមួយនឹងប្រាក់នោះយ៉ាងងាយស្រួល។ ប៉ុន្តែពួកគេមិនធ្វើដូច្នេះទេ ពីព្រោះពួកគេតែងតែអាចទាក់ទងទៅអង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នអន្តរជាតិ ដែលត្រៀមខ្លួនរួចរាល់ក្នុងការផ្តល់ជំនួយស្បៀងអាហារដោយឥតគិតថ្លៃដល់ពួកគេ»។
លើសពីនេះទៅទៀត ក៏មានការបារម្ភថា មន្ត្រីកូរ៉េខាងជើងអាចកែប្រែជំនួយស្បៀងអាហារនោះទៅជាសាច់ប្រាក់ ដោយលក់ជំនួយទាំងនោះនៅក្នុងទីផ្សារងងឹត ឬនាំចេញទៅប្រទេសចិន៕
ប្រែសម្រួលដោយ នៀម ឆេង