ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង និងដាក់កម្រិតទៅលើទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ ជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកាលពីដើមសប្តាហ៍នេះ។
មន្រ្តីម្នាក់នៃក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលនឹងផ្អាកផ្តល់ជំនួយរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េខាងជើងជាបណ្តោះអាសន្ន និងដាក់កម្រិតទៅលើទំនាក់ទំនងឯកជនជាមួយនឹងប្រទេសកុម្មុយនិស្តមួយនេះ ដើម្បីផ្តោតទៅលើវិធានការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបានហៅការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនលើកចុងក្រោយបង្អស់នោះ ថាជា «វិធានការមរណៈ» ដែលផ្តល់ផលអាក្រក់ដល់សន្តិភាពនៅជ្រោយកូរ៉េ និងស្ថិរភាពនៅក្នុងតំបន់។
មន្រ្តីរូបនោះបានបន្តថា រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងដាក់កម្រិតទៅលើប្រជាពលរដ្ឋរបស់ខ្លួនក្នុងការចូលទៅកាន់តំបន់ឧស្សាហកម្ម Kaesong ដែលមានប្រជាជនកូរ៉េខាងជើងប្រមាណ៥ម៉ឺននាក់កំពុងតែធ្វើការនៅក្នុងរោងចក្រចំនួនប្រមាណ១២០ ដែលជារបស់ក្រុមហ៊ុនកូរ៉េខាងត្បូង។
រដ្ឋាភិបាលនឹងអនុញ្ញាតឲ្យតែពាណិជ្ជករ និងកម្មករកូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងប្រតិបត្តិការនៃរោងចក្រទាំងនេះដោយផ្ទាល់ប៉ុណ្ណោះអាចឆ្លងទៅកាន់ព្រំប្រទល់រវាងប្រទេសកូរ៉េទាំង២បាន។ នេះបើយោងតាមមន្រ្តីដដែរនោះ។
មន្រ្តីរូបនោះបន្ថែមថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ នេះគឺជាលើកទី២ហើយដែលប្រទេសកូរ៉េខាងត្បូងបានដាក់កំហិតទៅលើប្រជាពលរដ្ឋរបស់ខ្លួនក្នុងការធ្វើដំណើរទៅកាន់តំបន់នោះ។ កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានចាត់វិធានការស្រដៀងគ្នានេះដែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែររបស់ខ្លួនជាលើកទី៣៕