មនុស្សចំនួន ១៤ នាក់បានស្លាប់ ហើយមនុស្សជាង ១ ពាន់នាក់ទៀតបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់រយៈពេល ៤២ ថ្ងៃជាប់គ្នា។ នេះគឺភ្លៀងរដូវវស្សាដែលមានរយៈពេលយូរបំផុតនៅកូរ៉េខាងត្បូងក្នុងរយៈពេល ៧ ឆ្នាំមកនេះ ដែលបានបង្កឲ្យមានទឹកជំនន់ និងគ្រោះបាក់ដី។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមអាជ្ញាធរកាលពីថ្ងៃអង្គារ។
ភ្លៀងធ្លាក់ធំៗ ដែលក៏បានកើតឡើងនៅប្រទេសចិន ថៃ មីយ៉ាន់ម៉ា និងឥណ្ឌាផងដែរក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បង្កឲ្យចម្ការនានាលិចលង់ ហើយផ្លូវល្បឿនលឿន និងស្ពានមួយចំនួននៅក្នុងរដ្ឋធានីសេអ៊ូលក៏បានលិចចង់ផងដែរ។
ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះទឹកជំនន់និងបាក់ដីនេះ ក៏រួមមានជនជាតិនូវែលសេឡង់បីនាក់ដែលជាសមាជិកគ្រួសារតែមួយ ដែលត្រូវបានរកឃើញស្លាប់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីគ្រោះបាក់ដីមួយបានកើតឡើងនៅផ្ទះលំហែមួយក្នុងសង្កាត់ Gapyeong ដែលស្ថិតនៅប៉ែកឥសាន្ដនៃរដ្ឋធានីសេអ៊ូល។
សភាពាណិជ្ជកម្មនូវែលសេឡង់ប្រចាំនៅប្រទេសកូរ៉េបានកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះថាជាអ្នកស្រី Anna Song ដែលជានាយិកាសភាពាណិជ្ជកម្មនេះ និងកូនប្រុសនិងម្ដាយរបស់អ្នកស្រី៕