ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ពិចារណា​សកម្មភាព​ប្រឆាំង​នឹង​ជប៉ុន​លើ​ផែនការ​បញ្ចេញ​ទឹក​មាន​សារធាតុ​វិទ្យុ​សកម្ម​ពីរោងចក្រ Fukushima


សកម្មជន​បរិស្ថាន​ពាក់​ម៉ាស់​មុខ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និង​ពាក់​ឯកសណ្ឋាន​ការពារ​ដើម្បី​ថ្កោលទោស​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​ការ​បង្ហូរ​ទឹក​មាន​ធាតុ​វិទ្យុ​សកម្ម​ពីរោងចក្រ Fukushima ចូល​មហាសមុទ្រ​ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។
សកម្មជន​បរិស្ថាន​ពាក់​ម៉ាស់​មុខ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និង​ពាក់​ឯកសណ្ឋាន​ការពារ​ដើម្បី​ថ្កោលទោស​ការ​សម្រេច​របស់​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​ការ​បង្ហូរ​ទឹក​មាន​ធាតុ​វិទ្យុ​សកម្ម​ពីរោងចក្រ Fukushima ចូល​មហាសមុទ្រ​ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in បាន​បញ្ជា​ឱ្យ​គណៈ​រដ្ឋមន្រ្តី​របស់​លោក​ពិចារណា​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរជាតិ​ប្រឆាំង​នឹង​ការសម្រេច​ចិត្ត​របស់​ប្រទេស​ជប៉ុនដែល​បញ្ចេញ​ទឹក​មាន​វិទ្យុ​សកម្ម​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ចូល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

លោក Kang Min-seok អ្នក​នាំពាក្យ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃពុធ​នៅ​ទីក្រុង​សេអ៊ូល​ថា លោក Moon ចង់​អោយ​មន្ត្រី​ពិនិត្យ​មើល​ថា​តើ​គួរ​ប្តឹង​បញ្ហា​នេះ​នៅ​សាលាក្តី​អន្តរជាតិ​អំពី​ច្បាប់​សមុទ្រ​ឬយ៉ាងណា។

លោក Yoshihide Suga នាយក​រដ្ឋមន្រ្តី​ជប៉ុន​ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​របស់​លោក​បាន​យល់ព្រម​ផែនការ​បញ្ចេញ​ទឹក​កខ្វក់​ចំនួន ​១,៣ លាន​តោន​ពី​រោងចក្រ​ Fukushima ចូល​ទៅក្នុង​មហា​សមុទ្រ​ដោយ​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​ នៅពេល​ដែល​អាង​ស្តុក​ទឹក​របស់​រោងចក្រ​នេះ​ពេញ។ លោកSuga បាន​និយាយ​ថា ផែនការ​បញ្ចេញ​ទឹក​ទៅ​ក្នុង​មហា​សមុទ្រ​គឺ​ជាផ្នែក​មួយ​ដែល​មិន​អាច​ចៀស​ផុត​របស់​រោងចក្រ​នេះ។

កាលពី​ថ្ងៃពុធម្សិលមិញ លោកMoon ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​លោក​អំពីផែនការ​នេះ​ប្រាប់​លោកKoichi Aiboshi ឯកអគ្គរាជ​ទូតជប៉ុន​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅពេល​លោកAiboshiបង្ហាញ​ប្រគល់​សារតាំង​ជាផ្លូវការ។ លោក​បាន​ប្រាប់​លោក​ឯក​អគ្គរដ្ឋទូត​ថា​ ប្រទេស​ទាំងពីរ​មាន​ភូមិសាស្ត្រ​ជិតគ្នា​ហើយ​មាន​សមុទ្រ​រួមគ្នា។ លោក Aiboshiត្រូវ​បាន​កោះហៅ​ជាផ្លូវការ​ទៅ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ត្បូង​កាលពី​ថ្ងៃអង្គារ​ដើម្បី​ស្តាប់​ការតវ៉ា​ជាផ្លូវ​ការ​អំពី​ផែន​ការ​នេះ៕

XS
SM
MD
LG