ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ត្រីបាឡែន​យ៉ាងតិច​ណាស់​៤៥ក្បាល បាន​ងាប់​នៅពេល​ជាប់​នៅ​លើ​ឆ្នេរ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី


អ្នកស្រី Khofifah Indar Parawansa អភិបាល​ខេត្ត East Java (កណ្តាល) ចូលរួម​ជាមួយ​មន្រ្តី​ប៉ូលិស ទាហាន និង​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជួយ​សង្គ្រោះ​ត្រីបាឡែន​ប្រភេទ pilot whale ដែល​ជាប់គាំង​នៅ​ឆ្នេរ​កោះ Madura ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកស្រី Khofifah Indar Parawansa អភិបាល​ខេត្ត East Java (កណ្តាល) ចូលរួម​ជាមួយ​មន្រ្តី​ប៉ូលិស ទាហាន និង​អ្នកស្ម័គ្រចិត្ត​ដើម្បី​ជួយ​សង្គ្រោះ​ត្រីបាឡែន​ប្រភេទ pilot whale ដែល​ជាប់គាំង​នៅ​ឆ្នេរ​កោះ Madura ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​នៅ​ប៉ែក​ឦសាន​នៃ​កោះ Madura ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លង​ទៅ​នេះ​ថា ត្រី​បាឡែន​ប្រភេទ pilot whale យ៉ាង​ហោចតិច​ណាស់​៤៥ក្បាល ដែល​បាន​ជាប់​នៅ​លើ​ឆ្នេរ​បាន​ងាប់​នៅ​ទីនោះ ខណៈ​ពេល​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​រុញ​ត្រី​បាឡែន​បី​ក្បាល​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ។

អ្នកស្រី Khofifah Indar Parawansa អភិបាល​ខេត្ត East Java ដែល​មាន​វត្តមាន​នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​ស្ម័គ្រចិត្ត​បាន​មក​ដល់​ឆ្នេរ​នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​ដែល​ព័ត៌មាន​ពី​ការជាប់​នៅលើ​ឆ្នេរ​របស់​ត្រីបាឡែន​ទាំងនោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​លើក​ដំបូង។ អ្នកស្រី​បាន​និយាយ​ថា ពី​ដំបូង​ពួកគេ​អាច​រុញ​ត្រី​បាឡែន​មួយ​ចំនួន​ចូល​ទៅ​ក្នុង​សមុទ្រ​វិញ ប៉ុន្តែ​ត្រីបាឡែន​ទាំង​នោះ បាន​ត្រឡប់​មក​វិញ​ម្តង​ទៀត។

អ្នកស្រី​អភិបាល​ខេត្ត​បាន​និយាយ​បន្ថែម​ទៀត​ថា នឹង​មាន​ការ​ស៊ើបអង្កេត​ចំពោះ​ការ​ជាប់​នៅ​លើ​ឆ្នេរ​របស់​ត្រីបាឡែន​ទាំងនោះ ហើយ​សំណាក​ពី​ត្រី​បាឡែន​ដែល​បាន​ងាប់​នឹង​ត្រូវ​ផ្ញើ​ទៅ​សាកល​វិទ្យាល័យ​ក្នុង​តំបន់​ដើម្បី​សិក្សា​ស្រាវជា្រវ។ អ្នកស្រី​បាន​និយាយ​ទៀត​ថា ចំពោះ​ត្រី​បាឡែន​ដែល​នៅ​សល់ ត្រូវ​បាន​កប់​នៅ​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ទឹក​សមុទ្រ​ស្រក​ទៅ​វិញ និង​នៅ​ពេល​គេ​អាច​ប្រើប្រាស់​ម៉ាស៊ីន​កាយ​ដី​បាន។

កាលពី​ឆ្នាំ​មុន ត្រី​បាឡែន​ប្រភេទ pilot whale ដែល​គេ​ស្គាល់​ច្រើន​ជាច្រើន​ក្បាល បាន​ជាប់​នៅ​លើ​ឆ្នេរ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ត្បូង ដូចជា​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់ និង​កោះ Tasmania នៃ​ប្រទេស​អូស្ត្រាលី ដែល​ត្រី​បាឡែន​រាប់​រយក្បាល បាន​ងាប់​នៅ​ទីនោះ។

គេ​មិន​ទាន់​អាច​រកឃើញ​ថា​តើ​ហេតុអ្វី​បាន​ជា​ត្រី​បាឡែន​ឡើង​ទៅ​លើ​ឆ្នេរ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​គេ​ដឹង​ថា វា​ធ្វើ​ដំណើរ​ជា​ហ្វូង។ ពួកវា​ជារឿយៗ​ហែល​តាម​មេដឹកនាំ​មួយ ហើយ​ជួនកាល​មក​ជួយ​គ្នា​វា​ដែល​រងរបួស ឬ​ជួបបញ្ហា។

អង្គការ Whale Stranding Indonesia ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ២០២០ ថនិកសត្វ​ក្នុង​សមុទ្រ​ជាង​៧០​ប្រភេទ​ ត្រូវ​បាន​រកឃើញ​ថា ជាប់​នៅ​លើ​ឆ្នេរ ដែល​ក្នុង​មាន​រួមទាំង​សត្វ​សមុទ្រ dugong ដែល​ជា​ប្រភេទ​ថនិកសត្វ​មាន​ទំហំ​ធំ​មធ្យម និង​មាន​សែស្រឡាយ​ជាមួយ​នឹង​សត្វ​អំបូរ manatee ផងដែរ៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG