ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​អ្នក​ឆ្លង​មេរោគ​ Covid-19 កើន​ដល់​ជាង​៨០០ ខណៈ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​នៅ​អ៊ីរ៉ង់​និង​អ៊ីតាលី


បុគ្គលិក​ពាក់​សម្លៀកបំពាក់​ការពារ​បាញ់​ថ្នាំ​សម្លាប់​មេរោគ នៅ​ក្នុង​រដ្ឋសភា នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ពី​ឆ្លង​ថ្មី​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ចំនួន​២៣១ ករណី​ ដែល​បាន​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​កើន​ដល់ ៨៣៣​ករណី។ មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ថ្មី​ពីរ​នាក់​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ពី​មេរោគ​នេះ​នៅ​កូរ៉េ​ខាង​ត្បូង​កើន​ដល់​៧​នាក់។

នៅ​មុន​ការ​ប្រកាស​ពី​ករណី​ថ្មី​ក្នុង​ថ្ងៃ​ចន្ទ​នេះ កូរ៉េ​ខាង​ត្បូង​បាន​បង្កើន​កម្រិត​គ្រោះថ្នាក់​ក្នុង​ប្រទេស​រហូត​ដល់​ពណ៌​ក្រហម​ដែល​ជា​កម្រិត​ប្រកាស​អាសន្ន​ខ្ពស់​បំផុត ហើយ​ប្រធានាធិបតី Moon Jae-in បាន​ទទូច​ឲ្យ​មន្ត្រី​ទាំង​ឡាយ​កុំ​រារែក​ក្នុង​ការ​ «ចាត់​វិធានការ​ធ្ងន់ធ្ងរ​នានា​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក‍» ដើម្បី​ទប់ស្កាត់​ការ​បន្ត​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ដែល​ហៅ​ជា​ផ្លូវ​ការ​ថា Covid-19 នេះ។

ការ​ដាក់​កម្រិត​គ្រោះថ្នាក់​ក្នុង​ប្រទេស​ដល់​ពណ៌​ក្រហម​នេះ នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​នានា​មាន​អំណាច​អាច​បិទ​សាលារៀន និង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​នានា។ ការ​បើក​បវេសនកាល​ថ្មី​ត្រូវ​បាន​ពន្យារ​ពេល​មួយ​សប្តាហ៍​មក​ហើយ។

កូរ៉េ​ខាង​ត្បូង​ជា​ប្រទេស​ដែលចំនួន​អ្នក​ឆ្លង​មេរោគ​ Covid-19 ច្រើន​ជាង​គេ​ក្រៅ​ពី​ប្រទេស​ចិន។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ចិន​បាន​រាយការណ៍​ថា​ ខ្លួនមានការ​ឆ្លង​ថ្មី​ចំនួន​៤០៩​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​ការ​ឆ្លង​កើន​ដល់ ៧៧.០០០​នាក់ និង​អ្នក​មាន​ស្លាប់​ថ្មី​១៥០​នាក់ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ពី​វីរុស​កូរ៉ូណា Covid-19 នៅ​ក្នុង​ប្រទេស​ចិន​កើន​ដល់ ២.៥៩២​នាក់។

នៅ​ក្រៅ​ប្រទេស​ចិន មាន​មនុស្ស​ជាង​២០០០ នាក់​បាន​ឆ្លង​មេរោគ​នេះនិង​រាប់​សិប​នាក់​បាន​ស្លាប់។

ករណី​ផ្ទុះ​រាលដាល​ថ្មីៗ​ជាង​គេ​មាន​នៅ​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​មាន​មនុស្ស​ស្លាប់​ពី​មេរោគ Covid-19 រហូត​ដល់ ១២​នាក់។ ប្រទេស​ប៉ារែន​បាន​រាយការណ៍​ករណី​ឆ្លង​ទី​១។

នៅ​ប្រទេស​អ៊ីតាលី ក្រុម​មន្ត្រី​ចាប់​ផ្តើម​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ដូច​នៅ​ក្នុង​ប្រទេស​ចិន​ដែរ រួម​ទាំង​ការ​បិទ​ការ​ប្រកួត​បាល់ទាត់​សំខាន់ៗ​ផង ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ពី​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះនៅ​ក្នុង​ប្រទេស​អ៊ីតាលី​បាន​កើន​ដល់​៤​នាក់​ក្នុង​ថ្ងៃចន្ទ៕

XS
SM
MD
LG