ព្រឹទ្ធសភានៃរដ្ឋ South Carolina បានអនុម័តិសេចក្តីព្រាងច្បាប់មួយឱ្យដកទង់របស់ពួករដ្ឋខាងត្បូងក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិកាំងដែលភាសាអង់គ្លេសហៅថា Confederate flag ចេញពីទីធ្លានៃវិមានសភា capitol របស់រដ្ឋនេះ ដែលត្រូវបានបង្ហូតនៅទីនោះអស់រយៈពេលជាង៥០ឆ្នាំមកហើយ។
សំណើរបស់គណបក្សទាំងពីរបានទទួលការអនុម័តិនៅក្នុងការបោះឆ្នោតលើកទីបីនិងលើកចុងក្រោយកាលពីថ្ងៃអង្គារ ដោយមានសំឡេងឆ្នោតគាំទ្រ៣៦ទល់នឹង៣សំឡេងជំទាស់នៅក្នុងព្រឹទ្ធសភារដ្ឋដែលត្រួតត្រាដោយគណបក្សសាធារណរដ្ឋ។
នៅពេលនេះសេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់សភាតំណាងរាស្ត្រនៃរដ្ឋ South Carolina ដើម្បីធ្វើការបោះឆ្នោត។
ការពិភាក្សាខាងនយោបាយនេះមានធ្វើឡើងក្រោយពីមានមន្ត្រីច្រើននាក់ដោយមានរួមបញ្ចូលទាំងអភិបាលរដ្ឋ Nikki Haley ខាងគណបក្សសាធារណរដ្ឋផងបានអំពាវនាវឱ្យមានការដកទង់នេះចេញនៅក្រោយការសម្លាប់រង្គាលកាលពីថ្ងៃទី១៧ខែមិថុនាលើជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក៩នាក់នៅក្នុងព្រះវិហារគ្រិស្តសាសនា Emanuel African Methodist Episcopal church នៅក្នុងក្រុង Charleston៕