ក្រុមសមាជិកសភាក្នុងរដ្ឋ South Carolina នាប៉ែកខាងត្បូងស.រ.អានឹងចាប់ផ្តើមការជជែកដេញដោលគ្នាអំពីថាតើដកទង់របស់ពួករដ្ឋខាងត្បូងក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិកាំង គឺចេញពីទីធ្លានៃវិមានសភា Capitol របស់រដ្ឋនេះឬទេ។
ការជជែកដេញដោលគ្នានេះមានឡើង បន្ទាប់ពីមានការអំពាវនាវមួយដោយអភិបាលរដ្ឋ Nikki Haley នៃរដ្ឋ South Carolina ដែលសុំឲ្យដកទង់នេះចេញ។
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មប្រចាំអាទិត្យ ដោយសុំដល់ក្រុមសមាជិកសភារដ្ឋឲ្យលុបចោលការដាក់បង្ហាញជាសាធារណៈនូវអ្វីដែលពួកគេហៅថាជានិមិត្តរូបមួយនៃការប្រកាន់ពូជសាសន៍ និងទាសភាព។
ជនប្រដាប់អាវុធស្បែកសវ័យក្មេងដែលបានទទួលសារភាពថាបានបាញ់សម្លាប់ជនជាតិអាមេរិកាំងដើមកំណើតអាហ្រ្វិក ៩នាក់នៅខាងក្នុងព្រះវិហារគ្រឹស្តសាសនាមួយក្នុងក្រុង Charleston កាលពីខែមុនជាជនម្នាក់ដែលបាននិយាយសារភាពថា ខ្លួនជាមនុស្សប្រកាន់ពូជសាសន៍ម្នាក់ ដែលបានថតរូបដោយមានកាន់ទង់ពួករដ្ឋខាងត្បូងក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិកាំងដែលគេហៅថា Confederate flag។
ប្រជារាស្ត្រច្រើននាក់នៅក្នុងរដ្ឋ South Carolina បានអំពាវនាវឲ្យមានការដកទង់នេះច្រើនឆ្នាំមកហើយ៕